ទេសចរណ៍វៀតណាមទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទេសចរបារាំង
កប.អនឡាញ - វៀតណាមបន្តជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដែលគួរឲ្យចាប់អារម្មណ៍ចំពោះធុរកិច្ច និងអ្នកទេសចរបារាំងជាច្រើន។
វៀតណាមកាន់តែបង្ហាញពីភាពទាក់ទាញចំពោះអ្នកទេសចរបារាំង ដោយសារភាពសម្បូរបែបនៃទេសភាពធម្មជាតិ អត្តសញ្ញាណវប្បធម៌ពិសេស និងការអភិវឌ្ឍយ៉ាងស្វាហាប់របស់ប្រទេស។ ភាពទាក់ទាញនេះត្រូវបានបង្ហាញនៅក្នុងពិព័រណ៍ទេសចរណ៍ពិភពលោកដែលកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ Porte de Versailles ក្នុងទីក្រុងប៉ារីស ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមីនា។
    |
 |
|
អ្នកទេសចរស្វែងយល់អំពីកម្មវិធីទេសចរណ៍វៀតណាមនៅឯពិព័រណ៍ទេសចរណ៍ពិភពលោក នៅទីក្រុងប៉ារីស (រូបថត៖ vnanet.vn) |
នៅក្នុងពិព័រណ៍ឆ្នាំនេះ វៀតណាមនៅតែជាគោលដៅមួយក្នុងចំណោមគោលដៅដែលគួរឲ្យចាប់អារម្មណ៍ចំពោះធុរកិច្ច និងអ្នកទេសចរបារាំងជាច្រើន។ លោក Frederic Poirier នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ - ឥណ្ឌា - អូសេអានី នៃក្រុមហ៊ុនទេសចរណ៍ Nomade Adventure បានចាត់ទុកថា វៀតណាមជាគោលដៅទេសចរណ៍សំខាន់មួយជាយូរមកហើយនៅក្នុងកម្មវិធីទេសចរណ៍របស់ក្រុមហ៊ុនរបស់លោក។ Nomade Adventure បានចាប់ផ្តើមរៀបចំដំណើរកម្សាន្តទៅកាន់ប្រទេសវៀតណាមក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយបន្ទាប់ពីជិត ៣០ ឆ្នាំមក វៀតណាមនៅតែរក្សាបាននូវភាពទាក់ទាញ ដោយសារវប្បធម៌ចម្រុះ និងសហគមន៍ជនជាតិ។ អ្នកទេសចរអាចចូលរួមក្នុងសកម្មភាពស្វែងយល់អំពីធម្មជាតិក្នុងកម្រិតផ្សេងៗគ្នា ព្រមទាំងស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបផងដែរ។
សូមរំលឹកថា លទ្ធផលនៃការស្ទង់មតិមួយដែលចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ដោយគណៈកម្មាធិការរៀបចំពិព័រណ៍ទេសចរណ៍ពិភពលោកបានបង្ហាញថា ប្រទេសវៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរបារាំងស្វែងយល់ច្រើនបំផុតនៅបច្ចុប្បន្ន។ លទ្ធផលនៃការស្ទង់មតិក៏បង្ហាញពីនិន្នាការកើនឡើងក្នុងការស្វែងរកគោលដៅទេសចរណ៍ឆ្ងាយៗដែលមានដំណើរការស្វែងយល់អំពីវប្បធម៌ និងធម្មជាតិ របស់ភ្ញៀវទេសចរបារាំង ក្នុងនោះ ប្រទេសវៀតណាមកំពុងលេចចេញជាជម្រើសដ៏ទាក់ទាញមួយនៅអាស៊ី៕
បកប្រែដោយ Thuy Anh