វៀតណាមបន្សល់ទុកចំណាប់អារម្មណ៍ល្អនៅពិព័រណ៍ទេសចរណ៍អន្តរជាតិប៊ែរឡាំង
កប.អនឡាញ - ក្រុមធុរកិច្ចវៀតណាមបានចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិប៊ែរឡាំង (ITB Berlin 2026) ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា នៅ Messe Berlin (មជ្ឈមណ្ឌលពិព័រណ៍ប៊ែរឡាំង) ក្នុងប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងបង្ហាញផលិតផល និងសេវាកម្មទេសចរណ៍ដល់អតិថិជនអន្តរជាតិ តាមរយៈនោះស្វែងរកឱកាសសហប្រតិបត្តិការ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។
សមាគមវប្បធម៌ និងទេសចរណ៍វៀតណាមនៅអឺរ៉ុប (VNCT) ដែលមានទីស្នាក់ការនៅប្រទេសបារាំង ជាលើកដំបូងបានរៀបចំសម្រាប់ធុរកិច្ចក្នុងស្រុក ចូលរួម ITB Berlin នៅឆ្នាំនេះ។ ធុរកិច្ចវៀតណាមជិត៨០ បានដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលនៅក្នុងពិព័រណ៍។
    |
 |
|
ទិដ្ឋភាពនៃពីពិព័រណ៍ទេសចរណ៍អន្តរជាតិប៊ែរឡាំង២០២៦ (រូបថត៖ vnanet.vn) |
យោងតាមលោក Trinh Viet Dung សមាជិកគណៈកម្មាធិការប្រតិបត្តិ VNCT ធុរកិច្ចវៀតណាមបាននាំយកផលិតផល និងសេវាកម្មជាច្រើនទៅកាន់ ITB Berlin ឆ្នាំនេះ ក្នុងវិស័យសណ្ឋាគារ សេវាកម្មអាកាសចរណ៍ ការធ្វើដំណើរ និងនាវាទេសចរណ៍ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍របស់វៀតណាម និងបង្កើនការតភ្ជាប់ជាមួយធុរកិច្ចអន្តរជាតិ។
ស្តង់នីមួយៗរបស់វៀតណាមត្រូវបានរចនាឡើងយ៉ាងគួរឲ្យចាប់អារម្មណ៍ ដោយបង្ហាញផលិតផលដែលតំណាងឲ្យធុរកិច្ច ព្រមទាំងបង្ហាញពីវប្បធម៌វៀតណាម។ នៅជាប់នឹងតំបន់តាំងពិព័រណ៍ ស្តង់ម្ហូបអាហារវៀតណាមបានទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ។
ITB Berlin 2026 មានការចូលរួមពីធុរកិច្ចជិត ៦,០០០ មកពីជាង ១៦០ ប្រទេស និងដែនដី ដើម្បីពិភាក្សាអំពីនិន្នាការ និងដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់វិស័យទេសចរណ៍។ នៅឆ្នាំនេះ ព្រឹត្តិការណ៍បានសង្កត់ធ្ងន់លើគំរូអភិវឌ្ឍន៍ដ៏សុខដុមរមនារវាងកំណើន ការផ្លាស់ប្ដូរថ្មី និងការទទួលខុសត្រូវ ព្រមទាំងលើកឡើងបញ្ហាសកលទៅក្នុងកម្មវិធី៕
បកប្រែដោយ Thuy Anh