ការពង្រីកភាពទាក់ទាញនៃវិស័យទេសចរណ៍របស់ទីក្រុងហូជីមិញ
កប.អនឡាញ - បន្ទាប់ពីការច្របាច់បញ្ចូលគ្នា ទីក្រុងហូជីមិញកំពុងពង្រីកលំហអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងពហុមជ្ឈមណ្ឌល ដោយភ្ជាប់សមុទ្រ ទីក្រុង និងអេកូឡូស៊ី។ រួមជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងនៃផ្នែកទេសចរណ៍ សហគមន៍អាណិកជនវៀតណាម កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងផ្សព្វផ្សាយរូបភាពនៃទីក្រុងដ៏ស្វាហាប់ និងពោរពេញទៅដោយមនោសញ្ចេតនា។
យោងតាមមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០២៦ (ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២២ ខែកុម្ភៈ) ប្រាក់ចំណូលទេសចរណ៍សរុបបានឈានដល់ ១២,១៥០ ពាន់លានដុង កើនឡើង ៤២.៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនភ្ញៀវទេសចរសម្រេចសបាន ៤.៣២ លាននាក់ កើនឡើង ៣៥% និងភ្ញៀវទេសចរអន្តរជាតិសម្រេចបាន ១៧០.០០០ នាក់ កើនឡើង ៥១.៧%។ ជាពិសេស ចំនួនភ្ញៀវទេសចរដែលទៅទស្សនាទីក្រុង ស្វែងយល់អំពីវប្បធម៌ ម្ហូបអាហារ និងធ្វើដំណើរកម្សាន្តអន្តរតំបន់បានកើនឡើងយ៉ាងខ្លាំង។ និន្នាការនេះស្របនឹងទិសដៅអភិវឌ្ឍទេសចរណ៍ទីក្រុងទំនើប និងច្នៃប្រឌិតរបស់ទីក្រុង។
    |
 |
|
អាណិកជនវៀតណាមក្នុងស្លៀកសម្លៀកបំពាក់ប្រពៃណី ទៅទស្សនា និងស្វែងយល់អំពីវប្បធម៌នៅផ្លូវផ្កា Nguyen Hue |
នៅឆ្នាំ២០២៥ ទីក្រុងមានទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ៨.៦ លាននាក់ ដែលកើនឡើង ៤០.៣% ជាមួយនឹងការរួមចំណែកយ៉ាងសំខាន់ពីអាណិកជនវៀតណាម។ ទីក្រុងនេះមានគោលបំណងអភិវឌ្ឍទេសចរណ៍ដែលភ្ជាប់ទៅនឹងតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងផលិតផលពិសេស ដោយខិតខំក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ច្នៃប្រឌិតឈានមុខគេនៅអាស៊ីនៅឆ្នាំ២០៣០។ នៅក្នុងយុទ្ធសាស្ត្រនេះ ការលើកកម្ពស់ពីតួនាទី "ស្ពាន" របស់អាណិកជនវៀតណាមត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏សំខាន់មួយដើម្បីផ្សព្វផ្សាយវប្បធម៌ជាមួយនឹងការទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពខ្ពស់។
សមាគមអាណិកជនវៀតណាមជាច្រើនបានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ តាមរយៈនោះជំរុញតម្រូវការទេសចរណ៍។ លោកស្រី Dinh Thi Minh Ha អាណិកជនវៀតណាមនៅទីក្រុងស៊ីដនី (ប្រទេសអូស្ត្រាលី) និងជាសហស្ថាបនិកនៃអង្គការផ្លាស់ប្តូរវប្បធម៌វៀតណាម-អូស្ត្រាលី (VACEO) ដែលមានគ្រួសាររស់នៅក្នុងសង្កាត់ Phu Nhuan បានចែករំលែកថា រាល់ពេលត្រឡប់មកប្រទេសវិញ លោកស្រីចំណាយពេលស្វែងយល់ពីផលិតផលទេសចរណ៍ថ្មីៗរបស់ទីក្រុង និងទទួលស្គាល់ពីការផ្លាស់ប្តូររបស់ទីក្រុង។ ការតភ្ជាប់ជាញឹកញាប់ជាមួយស្រុកកំណើត បានជួយលោកស្រីមានព័ត៌មានដើម្បីផ្សព្វផ្សាយអំពីទីក្រុងហូជីមិញនៅក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅប្រទេសអូស្ត្រាលី។
តាមរយៈកម្មវិធីសម្តែងឧបករណ៍ភ្លេងប្រពៃណី ការសម្តែងសំលៀកបំពាក់ប្រពៃណី និងការបង្ហាញរូបភាពទឹកដី និងប្រជាជនវៀតណាមនៅមជ្ឈមណ្ឌលវប្បធម៌ សាលារៀន និងព្រឹត្តិការណ៍សហគមន៍នៅទីក្រុងស៊ីដនី បានផ្សព្វផ្សាយរូបភាពនៃទីក្រុងហូជីមិញដល់ទស្សនិកជននៅមូលដ្ឋាន។ ដោយយល់ និងកោតសរសើរវប្បធម៌វៀតណាម ពួកគេមានបំណងប្រាថ្នាចង់ទៅទស្សនានៅទីក្រុងធំៗ របស់វៀតណាម ក្នុងនោះ ទីក្រុងហូជីមិញជាគោលដៅទេសចរណ៍គំរូ។
ដោយយល់ដឹងទាំងវប្បធម៌នៅមូលដ្ឋាន និងបរិស្ថានអន្តរជាតិ អាណិកជនវៀតណាមកំពុងក្លាយជា "ស្ពានទន់" ប្រកបដោយប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយរូបភាពទីក្រុងដល់ពិភពលោក រួមចំណែកដល់ការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់តួនាទីរបស់ទីក្រុងដែលជាគោលដៅទេសចរណ៍ទីក្រុងប្រកបដោយភាពច្នៃប្រឌិត សមាហរណកម្ម និងមានលក្ខណៈវប្បធម៌ពិសេស៕
បកប្រែដោយ Thuy Anh