ពង្រឹងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងឲ្យកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមនិងលោកជំទាវ លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមេសា។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូងមកកាន់ប្រទេសវៀតណាមចាប់តាំងពីពេលកាន់តំណែង ហើយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋបរទេសមកកាន់ប្រទេសវៀតណាមបន្ទាប់ពីវៀតណាមរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំជាន់ខ្ពស់បន្ទាប់ពីមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ អាស្រ័យហេតុនេះបង្ហាញពីការឲ្យតម្លៃខ្ពស់ និងអាទិភាពចម្បងរបស់ភាគីទាំងពីរក្នុងការបន្ដពង្រឹងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងឲ្យកាន់តែស៊ីជម្រៅ។
ក្នុងរយៈពេលកន្លងមកនេះ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង បន្តអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ជាពិសេសចាប់តាំងពីការលើកតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២២។ ភាគីទាំងពីរអនុវត្តយ៉ាងសកម្មនូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលសម្រេចបានចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីខែសីហា ឆ្នាំ ២០២៥ មក។ ដំណើរទស្សនកិច្ចនេះរបស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរពិភាក្សា និងឯកភាពលើអាទិភាពនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងបើកចេញនូវទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការថ្មី ដោយហេតុនេះ បង្កើតជំហានផ្លាស់ប្ដូរដ៏សំខាន់ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស (បច្ចុប្បន្នជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម) ជួបពិភាក្សាជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីសីហា ឆ្នាំ២០២៥ (រូបថត៖ VNA) |
ភាគីទាំងពីរពង្រឹង និងពង្រីកទំនុកចិត្តខាងនយោបាយជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ត្រូវបានពង្រឹងកាន់តែមានប្រសិទ្ធភាព។ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែជាសសរស្តម្ភសំខាន់ៗ។ ឆ្នាំ ២០២៥ កូរ៉េខាងត្បូងនឹងក្លាយជាវិនិយោគិនបរទេសធំជាងគេនៅវៀតណាម និងជាដៃគូពាណិជ្ជកម្មធំទីបី ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨៩,៥ ពាន់លានដុល្លារអាមេរិក។ កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានកំណត់ថា ជាសសរស្តម្ភថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ កិច្ចសហប្រតិបត្តិការវប្បធម៌ និងអប់រំបង្ហាញពីតួនាទីជា "ស្ពាន" ដែលរួមចំណែកដល់ការយល់ដឹងនិងជឿទុកចិត្តគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ដោយហេតុនេះបង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់ការអភិវឌ្ឍរយៈពេលវែង។ វៀតណាមមានបំណងចង់ឲ្យកូរ៉េខាងត្បូងរួមដំណើរ និងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍។
ប្រទេសទាំងពីរចែករំលែកនូវចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍយុគសម័យថ្មី ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់លើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពជាយុទ្ធសាស្ត្រ។ វៀតណាមកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលជាកម្លាំងចលករសំខាន់នៃគំរូកំណើនថ្មី។ កូរ៉េខាងត្បូងបានកំណត់យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ដោយខ្លឹមសារសំខាន់គឺជម្រុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងជំរុញកំណើនថ្មី ទន្ទឹមនឹងវិស័យសំខាន់គឺបន្ទះឈីបស៊ីមីកុងដុកទ័រ។
វៀតណាមកំពុងឈានចូលដល់ដំណាក់កាលនៃការផ្លាស់ប្តូរគំរូកំណើន ដោយប្រកាន់យកនវានុវត្តន៍ជាមូលដ្ឋានគ្រឹះ។ ខណៈដែល កូរ៉េខាងត្បូងគឺជាប្រទេសឈានមុខគេមួយក្នុងពិភពលោកដែលមានសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍។ នេះនឹងជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងទិសដៅដែលមានតុល្យភាព និងប្រកបដោយចីរភាពជាងមុន ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាយុទ្ធសាស្ត្រ តភ្ជាប់ការវិនិយោគជាមួយនឹងនវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស...
រួមជាមួយនោះគឺជាតម្លៃរួមដែលភាគីទាំងពីរលើកកម្ពស់ រួមទាំងការឱ្យតម្លៃដល់កត្តាមនុស្ស រួមចំណែកតភ្ជាប់ចក្ខុវិស័យនាពេលអនាគតរបស់ប្រទេសទាំងពីរ និងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ វៀតណាមកំណត់ប្រកាន់យកប្រជាជនជាមជ្ឈភាព និងកម្លាំងចលករនៃការអភិវឌ្ឍ។ រីឯកូរ៉េខាងត្បូងវិញ ផែនការគ្រប់គ្រងជាតិរយៈពេលប្រាំឆ្នាំ ជាមួយនឹងចក្ខុវិស័យជាតិដែលកំណត់ថា "ប្រទេសជាកន្លែងដែលប្រជាជនធ្វើជាម្ចាស់ កូរ៉េខាងត្បូងមានសុភមង្គល" របស់រដ្ឋបាលលោក Lee Jae-myung ប្រធានាធិបតីនឹងអភិវឌ្ឍប្រទេសក្នុងដំណាក់កាលថ្មី។
វៀតណាមនិងកូរ៉េខាងត្បូងក៏ចែករំលែកនូវភាពស្រដៀងគ្នានូវផលប្រយោជន៍ និងចក្ខុវិស័យសម្រាប់តំបន់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ផងដែរ។ ប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ សហប្រតិបត្ដិការក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េខាងត្បូង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ដូចជា អាស៊ាន APEC យន្តការសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង និងយន្តការសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង។
ក្នុងបរិបទដែលបរិយាកាសសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែកើនឡើងក្នុងចំណោមមហាអំណាច និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកលឡើងវិញ ដំណើរទស្សនកិច្ចរបស់លោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការបង្កើតលំហសហប្រតិបត្តិការដែលមានស្ថិរភាព បង្កើនសក្តានុពលជាច្រើន ជាពិសេសលើកកម្ពស់ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងខឿនសេដ្ឋកិច្ចទាំងពីរ បន្ដពង្រឹងទំនាក់ទំនងភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូងកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី។
ក្នុងន័យនេះ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា មិនត្រឹមតែបន្តសន្ទុះនៃកិច្ចសហប្រតិបត្តិការជាមួយនឹងលទ្ធផលវិជ្ជមានជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកម្លាំងចលករដ៏រឹងមាំដើម្បីធ្វើឱ្យទំនាក់ទំនងវៀតណាមកូរ៉េខាងត្បូងក្លាយជាគំរូ កិច្ចសហប្រតិបត្តិការកាន់តែគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Pham Diep