ទន្លេមេគង្គ-ឡានឆាង ជានិមិត្តរូបនៃមិត្តភាព និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍរួម។ នៅឆ្នាំ២០១៦ ថ្នាក់ដឹកនាំនៃប្រទេសទាំងប្រាំមួយបានឯកភាពគ្នាក្នុងការបង្កើតយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ដែលជាជំហានដ៏សំខាន់ក្នុងដំណើរការតភ្ជាប់មហាអនុតំបន់ និងតំបន់។
ប្រែក្លាយចក្ខុវិស័យទៅជាលទ្ធផលជាក់ស្ដែង
ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ប៉ុណ្ណោះ ប្រទេសទាំងប្រាំមួយបានបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការ កត់ត្រាវឌ្ឍនភាពគួរឲ្យកត់សម្គាល់ និងបញ្ជាក់ពីតួនាទីជាយន្តការសហប្រតិបត្តិការមហាអនុតំបន់ឈានមុខគេ។
ដោយផ្អែកលើគោលការណ៍នៃការផ្តល់អាទិភាពដល់ការអភិវឌ្ឍ ការឯកភាពគ្នា សមភាព ការស្ម័គ្រចិត្ត កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ទៅវិញទៅមក ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រទេសទាំងប្រាំមួយបានអនុវត្តចក្ខុវិស័យយុទ្ធសាស្ត្រស្ដីពីតំបន់មេគង្គ-ឡានឆាង ប្រកបដោយសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ MLC រួមជាមួយនឹងយន្តការសហប្រតិបត្តិការមេគង្គផ្សេងទៀត រួមទាំងកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS) គណៈកម្មការទន្លេមេគង្គ (MRC) និងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) បានជួយគាំទ្របណ្ដាប្រទេសមេគង្គ ជំនះបញ្ហាប្រឈម បង្កើតកាលានុវត្តភាព និងតម្លៃរួម។
    |
 |
|
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី១០ ដែលប្រារព្ធឡើងនៅប្រទេសចិន នៅឆ្នាំ២០២៥ (រូបថត៖ vnanet.vn) |
សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ MLC ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងវិស័យសំខាន់ៗចំនួនប្រាំ។
ទីមួយ MLC បានរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនុកចិត្តខាងនយោបាយក្នុងចំណោមប្រទេសជាសមាជិក ដោយបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរ និងជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាគ្រប់កម្រិតថ្នាក់ និងវិស័យផ្សេងៗ។ កម្មវិធីផ្លាស់ប្តូរជាច្រើន ជាពិសេសសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃសប្តាហ៍ MLC ប្រចាំឆ្នាំ ជួយពង្រឹងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសនានា។
ទីពីរ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពបានកត់ត្រាវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ប្រទេសទាំង៦ បានបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក MLC រៀបចំវេទិកាប្រចាំឆ្នាំ ហើយអនុវត្តគំនិតផ្តួចផ្តើមជម្រុញកិច្ចសហប្រតិបត្តិការធនធានទឹក។
ទីបី ការតភ្ជាប់ក្នុងតំបន់ត្រូវបានពង្រឹង ដែលជួយបង្កើតលក្ខណៈងាយស្រួលសម្រាប់សកម្មភាពពាណិជ្ជកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចមហាអនុតំបន់។ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដែលកំពុងអនុវត្ត បានរួមចំណែកបង្កើតជាច្រករបៀងសេដ្ឋកិច្ច និង logistics ថ្មីបន្តិចម្តងៗ។
ទីបួន វិសាលភាពនៃកិច្ចសហប្រតិបត្តិការត្រូវបានពង្រីកលើវិស័យថ្មីៗ ដូចជាការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបៃតង ដែលតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាសមាជិក។ ប្រទេសទាំងប្រាំមួយបានអនុវត្តយ៉ាងសកម្មនូវ "ផែនការមេគង្គ-ឡានឆាងបៃតង" និងយុទ្ធនាការ "សកម្មភាពមេគង្គ-ឡានឆាងសុវត្ថិភាព" ដើម្បីរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មឆ្លងដែន។
ទីប្រាំ ប្រជាជន និងធុរកិច្ចតែងតែត្រូវបានប្រកាន់យកជាស្នូល។ មូលនិធិពិសេសមេគង្គ-ឡានឆាងបានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រហែល ១,០០០ លើវិស័យដូចជាកសិកម្មឆ្លាតវៃ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការសាងសង់សាលារៀន ប្រព័ន្ធទឹកស្អាត។ល។
វៀតណាម - សមាជិកសកម្ម និងមានទំនួលខុសត្រូវ
ដោយអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ពហុភាគីនិយម និងពិពិធកម្ម វៀតណាមតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ MLC។ ប្រទេសវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការតម្រង់ទិសជាយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមសហប្រតិបត្តិការជាក់លាក់ ដោយជម្រុញកិច្ចសហប្រតិបត្តិការ MLC និងយន្តការសហប្រតិបត្តិការរវាងតំបន់មេគង្គ និងដៃគូដូចជា ឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍរបស់មហាអនុតំបន់។
ការចូលរួមចំណែកទាំងនេះមិនត្រឹមតែបង្ហាញពីតួនាទីសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ MLC ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការគ្រប់គ្រងធនធានទឹកមេគង្គប្រកបដោយចីរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្តទន្លេមេគង្គ។
យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
មហាអនុតំបន់មេគង្គ និងប្រទេសចិនកំពុងឈានក្នុងទសវត្សរ៍ថ្មីនៃការអភិវឌ្ឍជាមួយនឹងឱកាស និងបញ្ហាប្រឈមជាច្រើន។ នៅក្នុងបរិបទថ្មី និងជាមួយនឹងតម្រូវការថ្មីៗ វៀតណាមបានកំណត់អាទិភាពសំខាន់ៗចំនួនបីសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនាពេលអនាគត រួមមាន៖
ទីមួយ ពង្រឹងទំនាក់ទំនងមិត្តភាពដោយឥតឈប់ឈរ រក្សាការសន្ទនា និងការពិគ្រោះយោបល់ដោយស្មោះត្រង់ ដោយផ្អែកលើគោលការណ៍នៃការឯកភាពគ្នា សមភាព ការគោរពច្បាប់អន្តរជាតិ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្ដាប្រទេសជាសមាជិក ហើយខិតខំស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរួម តាមមរយៈនោះ បង្កើនទំនុកចិត្ត និងមូលដ្ឋានគ្រឹះសង្គម នយោបាយសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។
ទីពីរ ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្តែង ស្របតាមអាទិភាពអភិវឌ្ឍន៍របស់ប្រទេសជាសមាជិក ដោះស្រាយបញ្ហាប្រឈមថ្មីៗ និងធានាផលប្រយោជន៍ស្របច្បាប់របស់សមាជិកទាំងអស់ ជាពិសេសនៅក្នុងវិស័យគ្រប់គ្រងធនធានទឹក នវានុវត្តន៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់។ ប្រទេសជាសមាជិកគួរតែអនុវត្តខ្លឹមសារនៃច្រករបៀងនវានុវត្តន៍ MLC និងនាំមុខគេក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសមេគង្គសង្ឃឹមថា ប្រទេសចិននឹងបង្កើនការគាំទ្រសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងសេវាកម្មទំនើបៗ ដោយមានគោលបំណងបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ ការពង្រីកកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់ធុរកិច្ចដើម្បីទាញយកប្រៀងខ្លាំង និងលើកកម្ពស់តួនាទីនៅក្នុងទីផ្សារពិភពលោក។
ទីបី ប្រកាន់យកប្រជាជនជាស្នូល ដោយធានាថាសកម្មភាពសហប្រតិបត្តិការទាំងអស់ត្រូវបានឆ្ពោះទៅរកសុខុមាលភាព និងឱកាសអភិវឌ្ឍន៍របស់ប្រជាជន។ កិច្ចសហប្រតិបត្តិការ MLC អនុម័តលើកម្មវិធីស្ដីពីការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍជនបទ ការអប់រំ សុខាភិបាល សន្តិសុខសង្គម និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។
ដោយអបអរសាទររយៈពេលមួយទសវត្សរ៍នៃការបង្កើត និងអភិវឌ្ឍ យើងមិនត្រឹមតែរំលឹកឡើងវិញនូវដំណើរនាពេលកន្លងមកដោយមានមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅអនាគតដោយទំនុកចិត្តថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងបន្តជានិមិត្តរូបនៃការផ្លាស់ថ្មី និងការអភិវឌ្ឍ។
វៀតណាមបាន កំពុង នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយមានគោលបំណងកសាងសហគមន៍ចែករំលែកអនាគតដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងបណ្ដាប្រទេសមេគង្គ-ឡានឆាង៕
បកប្រែដោយ Thuy Anh