អំពីប្រទេសវៀតណាមមួយកំពុងរីកចម្រើនគួរឱ្យចាប់អារម្មណ៍
កប.អនឡាញ - ដោយមានវត្តមាននៅប្រទេសវៀតណាមនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ លោកវេជ្ជបណ្ឌិត Adam McCarty ចាត់ទុកខ្លួនឯងជាសាក្សីនៃការធ្វើកំណែទម្រង់ និងការផ្លាស់ប្តូររបស់ប្រទេសវៀតណាម។ ដោយបានចំណាយពេលជាងបីទសវត្សរ៍ផ្សារភ្ជាប់ជាមួយប្រទេសវៀតណាម ស្នាមដានជើងរបស់លោកត្រូវបានបន្សល់ទុកនៅទូទាំងភាគខាងជើង កណ្តាល និងខាងត្បូងនៃប្រទេសមួយនេះ។ លោកអាចចំណាយពេលច្រើនម៉ោងដើម្បីជជែកនិយាយអំពីវប្បធម៌វៀតណាមដោយក្តីរីករាយ។
អ្នកសេដ្ឋកិច្ចអូស្ត្រាលីមួយរូបនេះ ជាស្ថាបនិកក្រុមហ៊ុន Mekong Economics ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ បាននិយាយដោយរាបសារថាគាត់ជា "ជនជាតិវៀតណាម ៥%"។ នៅថ្ងៃមួយនៅទីក្រុងហាណូយ ក្នុងបរិយាកាសដែលគ្រប់ទិសទីត្រូវបានតុបតែងលម្អដោយទង់ជាតិ និងផ្កាដើម្បីអបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅហាងកាហ្វេមួយក្នុងលោកវេជ្ជបណ្ឌិត McCarty បានរំលឹកពីអនុស្សាវរីយ៍ដ៏កក់ក្តៅ និងអារម្មណ៍របស់ខ្លួនអំពីប្រទេសវៀតណាមមួយកំពុងរីកចម្រើនជាមួយអ្នកយកព័ត៌មានម្នាក់មកពីកាសែតកងទ័ពប្រជាជន។ ខាងក្រោមនេះជាការជជែករបស់លោកវេជ្ជបណ្ឌិត McCarty។
    |
 |
|
លោកវេជ្ជបណ្ឌិត Adam McCarty ស្ថាបនិកក្រុមហ៊ុន Mekong Economics |
“អ្នកលេង” សកម្ម
តាមការចងចាំរបស់ខ្ញុំ ក្នុងរយៈពេល ២០ ឆ្នាំដំបូងនៃការធ្វើកំណែទម្រង់ផ្លាស់ថ្មី ប្រទេសវៀតណាមតែងតែសកម្ម និងខិតខំចូលរួមជាមួយរាល់អង្គការ យន្តការសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌនៅក្នុងតំបន់ និងជុំវិញពិភពលោក ចាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ សព្វថ្ងៃនេះ វៀតណាមពិតជាបានក្លាយជាផ្នែកមួយនៃអង្គការទាំងនេះ។ វៀតណាមបានបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ហើយថ្មីៗនេះ ទីក្រុងហាណូយបានរៀបចំពិធីចុះហត្ថលេខា និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតខ្ពស់នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងខែតុលា ឆ្នាំ២០២៥ ដោយជោគជ័យ។ ប្រការទាំងអស់នេះបង្ហាញថា មិនថានៅក្នុងឆាកតំបន់ ឬសកលទេ វៀតណាមត្រូវបានចាត់ទុកថាជា “អ្នកលេង” ដ៏សកម្ម មានការទទួលខុសត្រូវខ្ពស់ដោយរួមចំណែកដោយផ្ទាល់នូវមតិ ចូលរួមក្នុងការជជែកពិភាក្សា លើកឡើងសំណើ និងដំណោះស្រាយ ធ្វើការស្រាវជ្រាវ និងទាក់ទាញចំណាប់អារម្មណ៍ និងសម្រេចបានលទ្ធផលសំខាន់ៗ។
ជាពិសេស នៅក្នុងអាស៊ាន តួនាទីរបស់វៀតណាមកំពុងលេចធ្លោកាន់តែខ្លាំងឡើង។ មិនដូចគំរូសហភាពអឺរ៉ុប (EU) ទេ អាស៊ានមានខឿនសេដ្ឋកិច្ចដែលមានកម្រិតអភិវឌ្ឍន៍មិនស្មើគ្នា ចាប់ពីប្រទេសដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច និងនយោបាយដូចជាមីយ៉ាន់ម៉ា រហូតដល់ប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ដូចជាសិង្ហបុរី។ ដូច្នេះ បើគ្មានភាពក្លាហាន កិត្យានុភាព និងចក្ខុវិស័យគ្រប់គ្រាន់ទេ ការបង្កើតគោលនយោបាយសុខដុមរមនាសម្រាប់ប្លុកទាំងមូលគឺជាកិច្ចការដ៏លំបាកមួយជាមិនខាន។ ពីទស្សនៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងប្លុកប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាព អាស៊ានត្រូវតែចាត់វិធានការសំខាន់ៗមួយចំនួន ដូចជាការលុបបំបាត់របាំងពាណិជ្ជកម្ម និងរបាំងមិនមែនពន្ធគយ ការអនុវត្តគោលនយោបាយស្តីពីការធ្វើដំណើរដោយសេរី និងការលើកលែងទិដ្ឋាការទេសចរណ៍សម្រាប់ប្រទេសជាសមាជិក... ទាំងនេះអាចធ្វើទៅបាន ហើយខ្ញុំជឿជាក់ថា ជាមួយនឹងសក្តានុពល និងកិត្យានុភាពបច្ចុប្បន្នរបស់ខ្លួន វៀតណាមមានសមត្ថភាពពេញលេញក្នុងការក្លាយជាកត្តាស្នូលក្នុងការតភ្ជាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍនៅក្នុងអាស៊ាន។
ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ
ក្នុងអំឡុងពេលនៃអាណត្តិមហាសន្និបាតទី១៣ របស់បក្ស វៀតណាមសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាច្រើន៖ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានប៉ាន់ប្រមាណថាមាន ៨.០២% (នៅឆ្នាំ២០២៥) ដែលជាអត្រាកំណើនឈានមុខគេនៅអាស៊ីអាគ្នេយ៍។ ទំហំ GDP បានកើនឡើងពី ៣៤៦ ពាន់លានដុល្លារអាមេរិក (នៅឆ្នាំ២០២០) ដល់ ៥១៤ ពាន់លានដុល្លារអាមេរិក (នៅឆ្នាំ២០២៥) ដោយជាប់ចំណាត់ថ្នាក់លេខ ៣២ នៅលើពិភពលោក។ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ៗបានឈានដល់ជាង ៥,០០០ ដុល្លារអាមេរិក ដោយបានឈានចូលក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ជាផ្លូវការ។ ទាំងនេះគឺជាតួលេខដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាពិសេស ឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ខណៈដែលវៀតណាមកំពុងអនុវត្ត "បដិវត្តន៍" ដ៏ធំបំផុតមិនធ្លាប់មានក្នុងការរៀបចំ ធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងការធ្វើឱ្យរាល់អង្គការ ស្ថាប័ន ឱ្យមានភាពប្រសើរឡើង ហើយជាលើកដំបូងដែលដំណើរការគំរូរដ្ឋបាលមូលដ្ឋានពីរថ្នាក់លើទូទាំងប្រទេស។ ការអនុម័តយ៉ាងឆាប់រហ័សលើរាល់សេចក្តីព្រាងច្បាប់ វិសោធនកម្ម និងសេចក្តីបន្ថែមលើច្បាប់ដែលមានស្រាប់ រួមជាមួយនឹងការចេញក្រឹត្យអនុវត្តក៏បានដាក់សម្ពាធលើកម្មាភិបាលឱ្យធ្វើការឆាប់រហ័សជាង ដើម្បីដោះស្រាយរាល់បញ្ហាជាប់គាំង មានដំណោះស្រាយទាន់ពេលវេលា និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជីវកម្មបានទាន់ពេលបំផុត។
ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang។ ជាធម្មតា មជ្ឈមណ្ឌលហិរញ្ញវត្ថុទាំងនេះនឹងដំណើរការស្របតាមស្តង់ដារ និងច្បាប់អន្តរជាតិ ដែលត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃការជឿទុកចិត្ត និងតម្លាភាព។ នេះបង្ហាញពីទំនុកចិត្តរបស់វៀតណាមលើសមត្ថភាពរបស់ខ្លួនក្នុងការចូលទៅក្នុងឆាកពិភពលោក។
ចលនាគោលនយោបាយ
ប្រទេសវៀតណាមកំពុងធ្វើបានល្អក្នុងការធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនមានស្ថិរភាព ការគ្រប់គ្រងឱនភាពថវិកា និងការរក្សាអត្រាអតិផរណាទាប។ ដូច្នេះ គោលដៅនៃកំណើនពីរខ្ទង់មិនមែនជារឿងដែលពិបាកយល់នោះទេ ទោះបីជាសម្រាប់ខ្ញុំផ្ទាល់ អត្រាកំណើនផលិតផលក្នុងស្រុកសរុប ៨.០២% របស់វៀតណាមកាលពីឆ្នាំមុនគឺល្អឥតខ្ចោះក៏ដោយ។ ប៉ុន្តែប្រទេសវៀតណាមក៏ត្រូវតែយល់ដឹងច្បាស់អំពី "អន្ទាក់កំណើន" ដើម្បីជៀសវាងការធ្វើខុស។ ពីព្រោះដោយសារតែសម្ពាធនៃកំណើន អាចមានករណីក្លែងបន្លំតួលេខលទ្ធផល សូម្បីតែខ្ជះខ្ជាយធនធានវិនិយោគលើវិស័យដែលមិនចាំបាច់ដើម្បីសម្រេចបានតួលេខកំណើនក៏មិនដឹងដែរ។
មានផ្លូវវែងឆ្ងាយនៅខាងមុខត្រូវធ្វើដំណើរជាការពិតមែន ប៉ុន្តែគោលនយោបាយ និងគោលការណ៍ណែនាំរបស់វៀតណាមកំពុងដំណើរការយ៉ាងលឿនក្នុងទិសដៅវិជ្ជមាន ដោយបង្កើតបរិយាកាសវិនិយោគ និងអាជីវកម្មអំណោយផល។ នោះហើយជាអ្វីដែលធ្វើឱ្យលោករំភើបយ៉ាងខ្លាំង៕
បកប្រែដោយ Minh Trung