សក្តានុភាពសម្រាប់ការអភិវឌ្ឍ

ដោយចូលរួមក្នុងការពិភាក្សានៅក្នុងអង្គមហាសន្និបាត ប្រតិភូជាច្រើនបានសង្កត់ធ្ងន់លើការផ្លាស់ប្តូរគំរូកំណើនពីផ្អែកលើធនធានទៅជាផ្អែកលើចំណេះដឹង ផ្អែកលើវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងផ្អែកលើនវានុវត្តន៍ដើម្បីស្របតាមនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ តម្រូវការបន្ទាន់សម្រាប់កំណើនពីរខ្ទង់ និងប្រកបដោយចីរភាពក្នុងរយៈពេលខាងមុខគឺមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសនៅឆ្នាំ ២០៣០ និង ២០៤៥។

ការកំណត់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានកំណត់ក្នុងបរិបទនៃសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំង ដោយប្រឈមមុខនឹងការលំបាកធំៗជាច្រើន។ ការការពារនិយម គោលនយោបាយពន្ធគយ និងហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម ត្រូវបានភ្ជាប់ជាមួយនឹងនិន្នាការនៃការកែសម្រួលផលិតកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់។ បដិវត្តន៍ឧស្សាហកម្មលើកទីបួន បន្តអភិវឌ្ឍ និងប៉ះពាល់យ៉ាងខ្លាំងដល់គ្រប់វិស័យ។

ប្រតិភូដែលចូលរួមក្នុងអង្គមហាសន្និបាតទាំងអស់បានសន្និដ្ឋានដូចគ្នាថា បន្ទាប់ពីការធ្វើកំណែទម្រង់ផ្លាស់ថ្មីរយៈពេល ៤០ ឆ្នាំកន្លងមក បុព្វហេតុ សក្តានុពល កិត្តិនាម និងកិត្យានុភាពអន្តរជាតិរបស់វៀតណាមត្រូវបានពង្រឹងលើកកម្ពស់ ហើយបង្កើតជាមូលដ្ឋានសំខាន់ៗសម្រាប់ប្រទេសឈានរចូលយុគសម័យថ្មី។ រួមជាមួយនឹងឱកាស និងកាលានុវត្តភាពដ៏អស្ចារ្យទាំងនេះ ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសក៏កំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើនផងដែរ។ ពោលគឺសេដ្ឋកិច្ចនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើកត្តាខាងក្រៅ។ ផលិតភាពការងារ គុណភាពកំណើន និងសមត្ថភាពប្រកួតប្រជែងជាតិមិនទាន់ខ្ពស់នៅឡើយទេ ហើយការកែលម្អមិនទាន់មាននិរន្តរភាព...

ការលំបាក និងបញ្ហាប្រឈមខាងលើតម្រូវឱ្យមានផ្នត់គំនិតអភិវឌ្ឍន៍ថ្មី ចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង ការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងដំណោះស្រាយប្រកបដោយភាពស៊ីសង្វាក់គ្នា ដើម្បីចាប់យកឱកាស ជំនះបញ្ហាប្រឈម និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពក្នុងរយៈពេលខាងមុខ។

ដោយពិភាក្សាអំពីរាល់កត្តាដែលប៉ះពាល់ដល់ប្រទេសជាតិជាទូទៅ និងស្ថានភាពជាក់លាក់នៃតំបន់នីមួយៗ អង្គមហាសន្និបាតបានកត់សម្គាល់ថា ស្ថានភាពថ្មីនេះបង្ហាញពីបញ្ហាប្រឈមជាច្រើន ប៉ុន្តែក៏បង្កើតឱកាសអំណោយផលដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍ និងឈានទៅមុខផងដែរ។ ការលុបបំបាត់ឧបសគ្គ និងការបើកឱកាសនឹងបង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់វឌ្ឍនភាព។

leftcenterrightdel
ប្រតិភូចូលរួមអង្គមហាសន្និបាតលើកទី ១៤ របស់បក្ស

ដំណោះស្រាយស៊ីសង្វាក់គ្នា

ដោយមានការប្តេជ្ញាចិត្តក្នុងការសម្រេចបានកំណើនពីរខ្ទង់ ការធ្វើឲ្យរាល់សេចក្តីសម្រេចរបស់បក្សក្លាយជាយន្តការ និងគោលនយោបាយជាក់លាក់ អាចធ្វើទៅបាន ស៊ីសង្វាក់គ្នា ទាន់ពេលវេលា និងមានប្រសិទ្ធភាព គឺមានសារៈសំខាន់ខ្លាំងណាស់។ ជាពិសេស តម្រូវការគឺផ្តោតលើការយកឈ្នះលើឧបសគ្គយ៉ាងហ្មត់ចត់ និងបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច។

ស្របតាមស្មារតីនៃឯកសារដែលបានបង្ហាញ អង្គមហាសន្និបាតបានលើកឡើងដំណោះស្រាយជាច្រើនដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចពីរខ្ទង់ក្នុងរយៈពេលខាងមុខ។ ពោលគឺចាំបាច់ត្រូវតែធានាឱ្យបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើនភាពធន់នៃសេដ្ឋកិច្ច ធានាស្វ័យភាពជាយុទ្ធសាស្ត្រ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងប្រទេសទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ លើកកម្ពស់ និងបន្តកម្លាំងជំរុញកំណើនប្រពៃណីយ៉ាងខ្លាំង ព្រមទាំងបង្កើត និងទាញយកអត្ថប្រយោជន៍ពីកម្លាំងជំរុញកំណើនថ្មីៗប្រកបដោយប្រសិទ្ធភាព។

នៅតាមតំបន់ និងវិស័យនីមួយៗ ប្រតិភូបានលើកឡើងដំណោះស្រាយជាក់លាក់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសម្រេចបាននូវគោលដៅកំណើនរួមនៃប្រទេស។ នៅក្នុងបរិបទថ្មី ខ្លឹមសារជាច្រើនត្រូវបានលើកឡើង ដោយផ្តោតលើការបន្តរបកគំហើញថ្មីៗក្នុងការកសាង និងកែលម្អស្ថាប័ន ការបញ្ចេញធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។ ដោយចាត់ទុកនេះជា "របកគំហើញថ្មីៗ" ដែលជាគុណសម្បត្តិប្រកួតប្រជែងជាតិ។ គួរតែសង្កត់ធ្ងន់លើការបង្កើតបរិយាកាសដែលមានតម្លាភាព និងក្របខ័ណ្ឌច្បាប់ដែលមានស្ថិរភាព និងអាចព្យាករណ៍បានខ្ពស់ ដើម្បីជំរុញកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ខណៈពេលដែលរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។

នៅក្នុងបរិបទថ្មី ចាំបាច់ត្រូវពន្លឿនឧស្សាហូបនីយកម្ម និងទំនើបកម្ម រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងច្នៃប្រឌិតគំរូកំណើនយ៉ាងខ្លាំង។ អភិវឌ្ឍឧស្សាហកម្ម កសិកម្ម និងសេវាកម្មស្របគ្នាតាមបណ្តោយខ្សែសង្វាក់តម្លៃ បង្កើតជាប៉ូលកំណើនរឹងមាំ តំបន់សេដ្ឋកិច្ចសំខាន់ៗ ទីក្រុង និងតំបន់សេដ្ឋកិច្ចពិសេស។ លើកកម្ពស់តួនាទីរបស់វិស័យសេដ្ឋកិច្ច ជាពិសេសវិស័យឯកជន បង្កើនប្រសិទ្ធភាពនៃសេដ្ឋកិច្ចរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពប្រកបដោយប្រសិទ្ធភាព និងចីរភាព។ លើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករចម្បង។ ធនធានមនុស្សដែលមានគុណភាពខ្ពស់ជាធាតុស្នូលដើម្បីលើកកម្ពស់កត្តាជំរុញកំណើនថ្មី។

រាល់ដំណោះស្រាយទាំងអស់ដែលបានលើកឡើងគឺមានលក្ខណៈទូលំទូលាយ ប៉ុន្តែផ្តោតសំខាន់លើគោលបំណងដោះស្រាយបញ្ហាកកស្ទះប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលជំរុញការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់នៅក្នុងដំណាក់កាលថ្មី៕

បកប្រែដោយ Minh Trung