អ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រ និងទិសដៅអភិវឌ្ឍន៍ដ៏សំខាន់របស់ប្រទេសវៀតណាម
កប.អនឡាញ - អ្នកជំនាញជាច្រើនចាត់ទុកប្រទេសវៀតណាមជាគំរូជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីអ្នកប្រាជ្ញអន្តរជាតិ ដោយមានអ្នកជំនាញជាច្រើនវាយតម្លៃប្រទេសវៀតណាមថាជាគំរូជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
    |
 |
|
ទិដ្ឋភាពនៃសម័យប្រជុំបិទមហាសន្និបាត លើកទី១៤ របស់បក្ស (រូបថត៖ vnanet.vn) |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៅថ្ងៃទី២៦ ខែមករា លោកស្រីវេជ្ជបណ្ឌិត Valeria Vershinina នាយករងមជ្ឈមណ្ឌលអាស៊ាន មហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិមូស្គូ (MGIMO) សហព័ន្ធរុស្ស៊ី បានសង្កត់ធ្ងន់ថា ការអនុវត្តការផ្លាស់ប្តូរថ្មីយ៉ាងទូលំទូលាយបានជួយវៀតណាមឱ្យក្លាយជាសមាជិកដ៏មានកិត្យានុភាពរបស់សហគមន៍អន្តរជាតិ និងជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគបរទេស និងជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់កាន់តែខ្លាំងឡើងនៅក្នុងតំបន់។ លោកស្រីបានអះអាងថា ពិភពលោកសព្វថ្ងៃនេះមើលឃើញប្រទេសវៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចស្វាហាប់ សម្រេចបានវឌ្ឍនភាពសង្គមគួរឱ្យកត់សម្គាល់ និងឋានៈអន្តរជាតិកាន់តែប្រសើរឡើងជាបន្តបន្ទាប់។
អ្នកកាសែត Amiad Horowitz នៃការសែត People's World ជាផលិតផលរបស់បក្សកុម្មុយនិស្តអាមេរិក បានកត់សម្គាល់ថា មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ដែលក្នុងនោះកំណើនសេដ្ឋកិច្ចផ្សាភ្ជាប់ជិតស្និទ្ធនឹងការការពារបរិស្ថាន និងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ឯកភាពនឹងទស្សនៈពោលខាងលើ លោកស្រីបណ្ឌិត Vershinina បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សគឺជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់បង្កើនសមត្ថភាពប្រកួតប្រជែងជាតិ និងធានាការអភិវឌ្ឍរយៈពេលវែងប្រកបដោយប្រសិទ្ធភាព។ ការដាក់ប្រជាជនជាស្នូលបង្ហាញពីការយល់ដឹងយ៉ាងច្បាស់របស់បក្សកុម្មុយនិស្តវៀតណាមអំពីតម្រូវការក្នុងការរក្សាស្ថិរភាពនយោបាយ និងកៀរគរធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។
អ្នកកាសែត Horowitz អះអាងថា ដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការទូតយ៉ាងស៊ីជម្រៅ បានលើកកម្ពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម ដែលធ្វើឱ្យទិសដៅសំខាន់ៗនៃមហាសន្និបាត លើកទី ១៤ មិនត្រឹមតែមានសារៈសំខាន់នៅកម្រិតជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលដល់បរិយាការក្នុងតំបន់ និងសកលលោកផងដែរ។
អ្នកជំនាញក៏ជឿជាក់ផងដែរថា ប្រព័ន្ធសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រដែលចេញដោយការិយាល័យនយោបាយក្នុងដំណាក់កាល ២០២៤-២០២៥ ដែលរួមបញ្ចូលវិស័យសំខាន់ៗជាច្រើនដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើសមាហរណកម្មអន្តរជាតិ ការកែលម្អប្រព័ន្ធច្បាប់ ការអភិវឌ្ឍវិស័យឯកជន សន្តិសុខថាមពល ការអប់រំ និងបណ្តុះបណ្តាល និងការអភិវឌ្ឍវប្បធម៌ នឹងជួយវៀតណាមបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ ការដាក់ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រជាជនជាមជ្ឈភាព បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តអន្តរជាតិ និងការលើកកម្ពស់ការអនុវត្តជាក់ស្តែងតាមរយៈប្រព័ន្ធសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ នឹងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ដំណាក់កាលការអភិវឌ្ឍបន្ទាប់របស់វៀតណាម៕
បកប្រែដោយ Duy Hoan