វៀតណាម-អេស្ប៉ាញ៖ ឆ្ពោះទៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព
កប.អនឡាញ - លោកស្រី Carmen Cano De Lasala ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំនៅវៀតណាម បានវាយតម្លៃថា ឆ្នាំ ២០២៥ ជាឆ្នាំសំខាន់ និងពិសេស ជាមួយនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលបង្កើតជាមូលដ្ឋានដ៏រឹងមាំ ដើម្បីតម្លើងទំនាក់ទំនងទ្វេភាគីក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលឆាប់ៗនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាម លោកស្រី Carmen Cano De Lasala បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសវៀតណាមរបស់លោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ នៅខែមេសា ឆ្នាំ២០២៥ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧៧។ នៅក្នុងជំនួបប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលបានធ្វើឡើងនៅទីក្រុង Madrid កាលពីពីរខែមុន បានបង្ហាញពីកម្លាំងចលករដ៏រឹងមាំសម្រាប់ជម្រុញទំនាក់ទំនងនេះ។
លោកស្រីឯកអគ្គរដ្ឋទូតបានចែករំលែកថា ភ្ញៀវទេសចរអេស្ប៉ាញជិត ១០០,០០០ នាក់ដែលមកទស្សនាប្រទេសវៀតណាមជារៀងរាល់ឆ្នាំ គឺជាភស្តុតាងដ៏ច្បាស់លាស់បំផុតនៃភាពទាក់ទាញរបស់ប្រទេសវៀតណាម។ ជាពិសេស នៅក្នុងយុទ្ធសាស្ត្រគោលនយោបាយការបរទេសថ្មីរបស់ខ្លួន ប្រទេសអេស្ប៉ាញបានកំណត់ប្រទេសវៀតណាមជាប្រទេសអាទិភាពកំពូល សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
    |
 |
|
លោកស្រី Carmen Cano de Lasala ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំប្រទេសវៀតណាម (រូបថត៖ vnanet.vn) |
ក្នុងឱកាសខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) និងក្រឡេកមើលទៅក្រោយរយៈពេល ៥ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) លោកស្រី Carmen Cano De Lasala បានវាយតម្លៃលើផលប៉ះពាល់នៃកិច្ចព្រមព្រៀងនេះថា "វិជ្ជមានខ្លាំង"។
ជាពិសេស ទំហំពាណិជ្ជកម្មសរុបរវាងសហភាពអឺរ៉ុប និងវៀតណាមបានកើនឡើង ៤៦% ចាប់តាំងពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ចំពោះប្រទេសអេស្ប៉ាញនិយាយដោយឡែក ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១៧% នៅឆ្នាំ ២០២៤ ដោយសម្រេចបានចំនួនសរុប ៦ ពាន់លានអឺរ៉ូ។ ប៉ុន្តែ ដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀត លោកស្រីឯកអគ្គរដ្ឋទូតចាត់ទុកថា ចាំបាច់កែលម្អអតុល្យភាពនាបច្ចុប្បន្ន ដោយសារការនាំចេញរបស់អេស្ប៉ាញទៅកាន់ប្រទេសវៀតណាមនៅតែមានសក្តានុពលជាច្រើន។
លោកស្រី Carmen Cano De Lasala បានអំពាវនាវឲ្យមានការលុបបំបាត់របាំងមិនមែនពន្ធ និងលើកទឹកចិត្តធុរកិច្ចឈានមុខគេរបស់អេស្ប៉ាញចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោកស្រីក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសអេស្ប៉ាញគឺជាប្រទេសមួយក្នុងចំណោមប្រទេសសហភាពអឺរ៉ុបដំបូងដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EVIPA)។
ទាក់ទងនឹងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លោកស្រីឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ជាពិសេសអំពីភាពស្រដៀងគ្នានៅក្នុង "ប្រពៃណីនាវាចរណ៍ក្នុងរយៈយូរអង្វែង" រវាងប្រទេសទាំងពីរ។ ប្រទេសអេស្ប៉ាញមិនត្រឹមតែជាសមាជិកនៃក្រុមប្រឹក្សាអង្គការនាវាចរណ៍អន្តរជាតិ (IMO) ប៉ុណ្ណោះទេ ថែមទាំងប្រទេសដែលមានវិស័យនេសាទធំទីពីររបស់ពិភពលោកផងដែរ។
ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីដក "កាតលឿង" ចំពោះការប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នេះគឺជាភារកិច្ចសំខាន់ដើម្បីការពារមហាសមុទ្រ។ លោកស្រីបានចាត់ទុកថា ប្រទេសអេស្ប៉ាញបានវិនិយោគជាច្រើនលើបច្ចេកវិទ្យា និងធនធានមនុស្សក្នុងការប្រយុទ្ធនេះ ស្រដៀងគ្នាទៅនឹងអ្វីដែលវៀតណាមប្តេជ្ញាធ្វើ។
លោកស្រីឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីវៀតណាមកាលពីខែមេសាកន្លងមក បានបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនិងស៊ីជម្រៅក្នុងវិស័យនេសាទ។ ប្រទេសអេស្ប៉ាញបានត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃជាមួយប្រទេសវៀតណាម ដោយរួមគ្នាជម្រុញការគ្រប់គ្រងសមុទ្រប្រកបដោយចីរភាព ដែលភ្ជាប់ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង៕
បកប្រែដោយ Thuy Anh