តើលោកស្រីឯកអគ្គរដ្ឋទូត វាយតម្លៃកិច្ចសហប្រតិបត្តិការវៀតណាម-អូស្ត្រាលីក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះយ៉ាងដូចម្តេច?

ឆ្នាំ២០២៥ ពិតជាឆ្នាំនៃការតភ្ជាប់ និងការរីកចម្រើននៅក្នុងទំនាក់ទំនងវៀតណាម-អូស្ត្រាលី។ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្តពង្រឹង ដោយផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នាចំពោះស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ការផ្លាស់ប្តូរនយោបាយកម្រិតខ្ពស់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងលទ្ធផលទាំងនេះ។ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំមេដឹកនាំ APEC តាមរយៈនោះ បញ្ជាក់ជាថ្មីនូវអាទិភាពរួម។

វៀតណាមបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី រួមជាមួយនឹងដំណើរទស្សនកិច្ចនៃលោកស្រី Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេស លោក Jason Clare រដ្ឋមន្ត្រីក្រសួងអប់រំ និងលោក Matt Thistlethwaite សហរដ្ឋមន្ត្រីទទួលបន្ទុកការបរទេស និងពាណិជ្ជកម្ម។ ប្រទេសអូស្ត្រាលី មានកិត្តិយសក្នុងការស្វាគមន៍លោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស និង លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម។ ដំណើរទស្សនកិច្ច និងជំនួបទាំងនេះ បានបង្ហាញពីភាពជិតស្និទ្ធនៅក្នុងទំនាក់ទំនងទ្វេភាគី។

ជាពិសេស ភាគីទាំងពីរមានការអភិវឌ្ឍយ៉ាងជាក់ស្តែងលើសសរស្តម្ភទាំងប្រាំមួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងវិស័យសន្តិសុខ និងការពារជាតិ កងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួមក្នុងការហាត់សម KAKADU - ជាលើកដំបូងដែលនាវាកងទ័ពជើងទឹកវៀតណាមបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ដែលជាការអភិវឌ្ឍថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ។ ក្នុងវិស័យអប់រំ ប្រទេសអូស្ត្រាលីបានផ្តល់អាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (AAS) ចំនួន ៧២ និងរៀបចំកម្មវិធីផ្លាស់ប្តូរចំណេះដឹងចំនួនបីតាមរយៈមជ្ឈមណ្ឌលវៀតណាម-អូស្ត្រាលី។ ក្នុងវិស័យបច្ចេកវិទ្យា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត និងបច្ចេកវិទ្យាសំខាន់ៗ រួមចំណែកដល់ការលើកកម្ពស់សមត្ថភាពនៅក្នុងវិស័យសំខាន់ៗចំពោះសន្តិសុខរួម និងអនាគតសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ការប្តេជ្ញាចិត្តភាគច្រើនត្រូវបានបញ្ចប់ ឬកំពុងត្រូវបានអនុវត្តតាមកាលវិភាគ។ កម្លាំងចលករនេះមិនត្រឹមតែបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

leftcenterrightdel
លោកស្រី Gillian Bird ឯកអគ្គរដ្ឋទូត (រូបថត៖ vnanet.vn)

យោងតាមលោកស្រីឯកអគ្គរដ្ឋទូត បន្ទាប់ពីវៀតណាម និងអូស្ត្រាលីតម្លើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងខែមីនា ឆ្នាំ២០២៤ តើវិស័យណាខ្លះដែលមានសក្តានុពលនៅក្នុងប៉ុន្មានឆ្នាំខាងមុខ?

ការតម្កើងទំនាក់ទំនងអូស្ត្រាលី-វៀតណាមទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាជំហានដ៏សំខាន់មួយ ដោយផ្អែកលើទំនុកចិត្តជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើសសរស្តម្ភចំនួនប្រាំមួយ៖ នយោបាយ ការពារជាតិ សន្តិសុខ និងយុត្តិធម៌; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ចំណេះដឹង និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន; អាកាសធាតុ បរិស្ថាន និងថាមពល; វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល; កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។

ក្នុងរយៈពេលខាងមុខ អូស្ត្រាលីនឹងបន្តគាំទ្រគោលដៅរបស់វៀតណាមក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ តាមរយៈយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ ប្រទេសអូស្ត្រាលីជម្រុញពាណិជ្ជកម្ម និងការវិនិយោគដើម្បីបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហការក្នុងវិស័យដែលកំពុងរីកចម្រើនរបស់ប្រទេសវៀតណាម។

ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅតែជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមចំណែកដល់ការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងនវានុវត្តន៍របស់ប្រទេសវៀតណាម។ សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវអូស្ត្រាលីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម ដើម្បីបង្កើនការផ្លាស់ប្តូរចំណេះដឹង និងបង្កើនសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

តើប្រទេសអូស្ត្រាលីវាយតម្លៃចំពោះតួនាទីរបស់វៀតណាមក្នុងការផ្លាស់ប្តូរថាមពលរបស់អាស៊ានយ៉ាងដូចម្តេច ហើយតើអ្វីទៅជាអាទិភាពរបស់អូស្ត្រាលីដើម្បីជួយវៀតណាមអនុវត្តការប្តេជ្ញាចិត្តអាកាសធាតុរបស់ខ្លួន?

ប្រទេសអូស្ត្រាលីចាត់ទុកប្រទេសវៀតណាមជាដៃគូសំខាន់ក្នុងការកសាងអនាគតថាមពលស្អាតរបស់តំបន់។ តួនាទីឈានមុខគេរបស់វៀតណាមនៅក្នុងគំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីអាស៊ាន និងកិច្ចព្រមព្រៀងនាំចេញអគ្គិសនីទៅកាន់ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ព្រមទាំង ការនាំចូលថាមពលកកើតឡើងវិញពីប្រទេសឡាវ បានបញ្ជាក់ពីតួនាទីជាស្នូលក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរថាមពលក្នុងតំបន់របស់ប្រទេសវៀតណាម។ ការតភ្ជាប់នេះបានជួយពង្រឹងសន្តិសុខថាមពល និងពន្លឿនការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍។ ប្រទេសអូស្ត្រាលីគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនេះតាមរយៈកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន-អូស្ត្រាលីក្នុងថវិកាចំនួន ៦.៩ លានដុល្លារអូស្ត្រាលី ក្នុងគោលបំណងលើកកម្ពស់គោលនយោបាយថាមពលកកើតឡើងវិញ និងអនុវត្តចក្ខុវិស័យបណ្តាញអគ្គិសនីអាស៊ាននៅឆ្នាំ២០៤៥។

ក្នុងក្របខ័ណ្ឌទ្វេភាគី ប្រទេសអូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍អគ្គិសនីរបស់ប្រទេសវៀតណាម រួមទាំងកម្មវិធី Aus4Growth ដ៏សំខាន់ផងដែរ។ នៅក្នុងវិស័យថាមពល អូស្ត្រាលីកំពុងវិនិយោគលើជំនួយបច្ចេកទេស និងការសន្ទនារវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីជួយប្រទេសវៀតណាមអភិវឌ្ឍទីផ្សារអគ្គិសនីដែលមានការប្រកួតប្រជែង ពង្រីកបណ្តាញអគ្គិសនី និងថាមពលកកើតឡើងវិញ។ល។

អូស្ត្រាលីនិងវៀតណាមកំពុងបង្កើតមូលដ្ឋានគ្រឹះសម្រាប់អនាគតថាមពលស្អាត និងមានសុវត្ថិភាពជាងមុន លើកកម្ពស់តួនាទីជាអ្នកដឹកនាំរបស់វៀតណាម នាំមកនូវអត្ថប្រយោជន៍ដល់តំបន់ និងអនុវត្តការប្តេជ្ញាចិត្តរួម ឆ្ពោះទៅការបំភាយឧស្ម័នសុទ្ធសូន្យ។

សូមអរគុណលោកស្រី Gillian Bird ឯកអគ្គរដ្ឋទូត!

បកប្រែដោយ Thuy Anh