របត់ថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ លោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា។
ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ (ខែសីហា ឆ្នាំ២០២៤) និងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាមរបស់លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន (ខែមេសា ឆ្នាំ២០២៥) ហើយឆ្នាំ២០២៦ ត្រូវបានកំណត់ជា "ឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ២០២៦-២០២៧”។
ដំណើរទស្សនកិច្ចនេះ បន្តដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងប្រទេសទាំងពីរ រួមចំណែកដល់ការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជម្រុញឲ្យទំនាក់ទំនងទ្វេភាគីឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ប្រកបដោយរឹងមាំ ស្ថិរភាព និងចីរភាពជាងមុន។ ទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចលើកនេះនឹងដើរតួនាទីតម្រង់ទិសយុទ្ធសាស្ត្រចំពោះនិន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនៅដំណាក់កាលខាងមុខ រួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ចិនកំពុងរីកចម្រើន ហើយមានការវិវឌ្ឍថ្មីៗដ៏ច្បាស់លាស់ លើគ្រប់ជ្រុងជ្រោយ។ ទំនុកចិត្តខាងនយោបាយបន្តត្រូវបានពង្រឹង ហើយយន្តការសហប្រតិបត្តិការថ្មីៗជាច្រើនត្រូវបានបង្កើតឡើង និងធ្វើឱ្យប្រសើរឡើង ដែលបង្កើតក្របខ័ណ្ឌរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរមានការសន្ទនាតាមទូរស័ព្ទដ៏សំខាន់នៅចុងខែមករា ឆ្នាំ២០២៦។ នាពេលថ្មីៗនេះ ភាគីទាំងពីរបានរៀបចំសម័យប្រជុំលើកទី១៧ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិនដោយជោគជ័យ។ ជាពិសេស ភាគីទាំងពីរបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំលើកដំបូងនៃយន្តការសន្ទនាយុទ្ធសាស្ត្រ “៣+៣” ថ្នាក់រដ្ឋមន្ត្រីក្រសួងបរទេស ការពារជាតិ និងនគរបាល រវាងវៀតណាម និងចិននៅខែមីនា ឆ្នាំ២០២៦ ដែលបញ្ជាក់ពីការអភិវឌ្ឍថ្មីក្នុងការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខបានផ្លាស់ប្តូរតាមទិសដៅជាក់ស្ដែងជាងមុន។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងរបកគំហើញថ្មីៗជាច្រើន ជាពិសេសនៅក្នុងការតភ្ជាប់ផ្លូវដែក។ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងជំនួបប្រាស្រ័យរវាងប្រជាជនប្រព្រឹត្តទៅប្រកបដោយរស់រវើក។ កិច្ចសហប្រតិបត្តិការពហុភាគីកាន់តែជិតស្និទ្ធ។ ប្រទេសចិនបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសជិតខាងរបស់ខ្លួន។
នេះគឺជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បន្ទាប់ពីវៀតណាមបញ្ចប់ការជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋនៅក្នុងសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ទៅកាន់ប្រទេសចិន បន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ នេះបញ្ជាក់ពីគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី១៤ របស់បក្ស និងសេចក្តីសម្រេចលេខ ៣៤-NQ/TW របស់ការិយាល័យនយោបាយស្តីពីឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មនៃទំនាក់ទំនងការបរទេស ក្នុងនោះ ទំនាក់ទំនងជាមួយប្រទេសចិនតែងតែត្រូវបានផ្តល់អាទិភាពខ្ពស់បំផុត រួមដំណើរជាមួយប្រទេសចិនក្នុងការកសាងសង្គមនិយម តភ្ជាប់ជាយុទ្ធសាស្ត្រ និងរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងបរិបទដែលស្ថានភាពអន្តរជាតិ និងតំបន់កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី ហើយតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាចំណុចសំខាន់មួយនៃការប្រកួតប្រជែងរវាងមហាអំណាច ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ នៅប្រទេសចិន មានសារៈសំខាន់ជាពិសេស ដោយបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយជាក់ស្ដែង និងមានប្រសិទ្ធភាព ជម្រុញសក្តានុពលនៃកិច្ចសហប្រតិបត្តិការវៀតណាម-ចិន ជម្រុញឲ្យទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ អភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងមានអត្ថន័យជាច្រើននៅក្នុងឱកាសនេះ លទ្ធផលនៃដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់ទំនាក់ទំនងវៀតណាម-ចិន ស្របតាមទិសដៅ "ប្រាំមួយបន្ថែមទៀត"។ ទន្ទឹមនឹងនោះ បង្កើតមូលដ្ឋានគ្រឹះសំខាន់ៗដើម្បីអនុវត្តទស្សនៈកម្រិតខ្ពស់ និងអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាតាមរយៈគម្រោង និងកម្មវិធីសហប្រតិបត្តិការជាក់លាក់ ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ និងទំនាក់ទំនងទ្វេភាគី។
យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ នឹងទទួលបានជោគជ័យ ដោយបង្កើតជារបត់ថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន៕
បកប្រែដោយ Thuy Anh