អ្នកការទូតអេហ្ស៊ីបចាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរថ្មីរបស់វៀតណាម
កប.អនឡាញ - ទស្សនាវដ្តីការទូតរបស់អេហ្ស៊ីប បានចុះផ្សាយអត្ថបទរបស់លោក Reda al-Taify អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំប្រទេសវៀតណាម ពីឆ្នាំ២០១០ ដល់ឆ្នាំ ២០១៤ ដែលសម្តែងនូវការកោតសរសើរចំពោះបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាមចាប់តាំងពីដំណាក់កាលផ្លាស់ប្ដូរថ្មី។
យោងតាមលោកលោក Reda al-Taify ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលមានប្រជាជនប្រមាណ ១០០ លាននាក់ និងមានផ្ទៃដីជាង ៣៣០,០០០ គីឡូម៉ែត្រការ៉េ ប្រទេសវៀតណាមត្រូវបានហែកហួរដោយសង្រ្គាមចំនួន២។ ថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តវៀតណាម ប្តេជ្ញាស្វែងរកវិធានការងើបចេញពីវិបត្តិដ៏អូសបន្លាយ ដែលបណ្តាលមកពីសង្គ្រាមដើម្បីឯករាជ្យក្នុងរយៈពេលច្រើនឆ្នាំ។
នៅឆ្នាំ១៩៨៦ មហាសន្និបាតលើកទីប្រាំមួយរបស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់គោលនយោបាយផ្លាស់ប្ដូរថ្មី ដោយចាប់ផ្តើមដំណើរការផ្លាស់ប្ដូរថ្មីលើគ្រប់វិស័យ ដើម្បីជួយប្រទេសងើបចេញពីវិបត្តិ និងអភិវឌ្ឍលើគ្រប់វិស័យ...
    |
 |
|
អត្ថបទរបស់លោក Reda al-Taify ដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីការទូត (អេហ្ស៊ីប) (រូបថត៖ baotintuc.vn) |
ចំពោះវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចទីផ្សារបើកចំហដោយផ្អែកលើការធ្វើសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចពិភពលោក រួមទាំងការចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបង្កើតបរិយាកាសអំណោយផល និងទាក់ទាញសម្រាប់ការវិនិយោគបរទេសលើគ្រប់វិស័យ ហើយបង្កើតឲ្យមានការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមកនៃសេដ្ឋកិច្ចវៀតណាម។ ជាពិសេស នៅឆ្នាំ២០២៥ អត្រាកំណើនលើសពី ៨% ដោយទំហំនៃការនាំចូល និងនាំចេញឈានដល់ប្រហែល ៩៣០ ពាន់លានដុល្លារអាមេរិក។
ចំពោះសង្គម គោលនយោបាយផ្លាស់ប្តូរថ្មីរបស់វៀតណាម គឺការរួមបញ្ចូលគ្នាដ៏ជោគជ័យនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងសមធម៌សង្គម។ សមិទ្ធផលនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងការកាត់បន្ថយអត្រាភាពក្រីក្រដ៏គួរឲ្យចាប់អារម្មណ៍។ ប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗនៅក្នុងប្រទេសវៀតណាមកើនឡើងពីតិចជាង ១០០ ដុល្លារនៅមុនពេលផ្លាស់ប្ដូរថ្មី ឡើងជាង ៥,០០០ ដុល្លារនៅឆ្នាំ២០២៥។ វិស័យសុខាភិបាល អប់រំ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមក។
ក្នុងវិស័យការពារជាតិ និងសន្តិសុខ វៀតណាមកំពុងធ្វើការផ្លាស់ប្ដូរថ្មី និងទំនើបកម្មក្នុងបរិបទដែលពិភពលោក និងតំបន់មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ វៀតណាមបន្តរក្សាយុទ្ធសាស្ត្រឯករាជ្យ និងប្រុងប្រយ័ត្នជានិច្ច។ ទន្ទឹមនឹងនោះ វៀតណាមក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះឧស្សាហកម្មការពារជាតិ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗនៅក្នុងវិស័យនេះ។ ពិព័រណ៍ការពារជាតិវៀតណាមឆ្នាំ២០២៤ បានតាំងបង្ហាញអាវុធ និងឧបករណ៍យោធាទំនើបៗ ជាច្រើនដែលត្រូវបាន "ផលិតនៅវៀតណាម"។
ទាក់ទងនឹងគោលនយោបាយការបរទេស លោក Reda al-Taify បានឲ្យដឹងថា ការទូតវៀតណាម ជាគោលដៅ ជាមធ្យោបាយ និងជាចំណុចសំខាន់នៃបេសកកម្មផ្លាស់ប្ដូរថ្មី។ ថ្នាក់ដឹកនាំវៀតណាមបានទទួលស្គាល់ថា ការកើនឡើងនៃសេដ្ឋកិច្ចរបស់វៀតណាមត្រូវតែភ្ជាប់ទៅនឹងការលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងបរិបទនៃសណ្តាប់ធ្នាប់អន្តរជាតិថ្មីដែលកំពុងត្រូវបានបង្កើតឡើងជាបណ្តើរៗ។ ថ្នាក់ដឹកនាំវៀតណាមក៏បានទទួលស្គាល់ផងដែរថា ភាពខ្លួនទីពឹងខ្លួនជាយុទ្ធសាស្ត្រគឺជាការរួមបញ្ចូលគ្នានៃកម្លាំងផ្ទៃក្នុងដ៏រឹងមាំ គោលនយោបាយការបរទេសដ៏រឹងមាំ លើកកម្ពស់សមត្ថភាពធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។ វៀតណាមមិនត្រឹមតែសម្របខ្លួនទៅនឹងប្រព័ន្ធតំបន់ និងអន្តរជាតិដែលកំពុងផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតួនាទី និងឥទ្ធិពលរបស់ខ្លួនផងដែរ។
លោក Reda al-Taify បានសន្និដ្ឋានថា ភាពត្រឹមត្រូវនៃដំណើរការផ្លាស់ប្ដូរថ្មី បានជួយវៀតណាមសម្រេចបាននូវតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងឆ្លើយតបតម្រូវការអំពីស្ថិរភាពនយោបាយ និងការពារជាតិ។ ជាមួយនឹងគោលនយោបាយបើកចំហរ និងការបង្កើតទំនាក់ទំនងភាពជាដៃគូថ្មី វៀតណាមបានរក្សាតម្លៃស្នូលរបស់ខ្លួន។ ដូច្នេះ បទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាមក្លាយជាគំរូពិសេសមួយដោយមានមេរៀនអភិវឌ្ឍន៍ដ៏មានតម្លៃជាច្រើន ដែលធ្វើឲ្យវៀតណាមក្លាយប្រទេសមួយដែលមានតួនាទីសំខាន់ មិនត្រឹមតែនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅទូទាំងអាស៊ីផងដែរ៕
បកប្រែដោយ Thuy Anh