ក្នុងឱកាសនេះ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ច និងទិសដៅសំខាន់ៗសម្រាប់ការអនុវត្តសមិទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ។
ដំណើរទស្សនកិច្ចបំពេញតម្រូវការ និងគោលបំណងទាំងអស់
អ្នកសារព័ត៌មាន៖ តើលោកស្រីអាចប្រាប់អំពីចំណុចសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទេ?
លោកស្រី Le Thi Thu Hang៖ នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសរុស្ស៊ីរបស់អ្នកដឹកនាំជាន់ខ្ពស់វៀតណាម បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកនៃក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។
ក្នុងរយៈពេលត្រឹមតែ ៧២ ម៉ោងប៉ុណ្ណោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចូលរួមសកម្មភាពជិត ៣០ រួមទាំងកិច្ចពិភាក្សា ជំនួបសវនាការ និងការផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី។ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទៅទស្សនាស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងគ្រឹះស្ថានអប់រំឈានមុខគេរបស់រុស្ស៊ី ចូលរួមវេទិកាធុរកិច្ចវៀតណាម-រុស្ស៊ី និងជួបជាមួយក្រុមហ៊ុនឈានមុខគេជាច្រើនរបស់រុស្ស៊ីផងដែរ។ល។
    |
 |
|
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ baochinhphu.vn) |
តាមរយៈកិច្ចពិភាក្សា និងកិច្ចប្រជុំទាំងឡាយ ភាគីទាំងពីរឯកភាពថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលមានស្រាប់ គប្បីជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តខាងនយោបាយ និងលើកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងលើគ្រប់បណ្ដាញ។ ក្នុងកិច្ចពិភាក្សាទាំងឡាយ ថ្នាក់ដឹកនាំជាន់ខ្ពស់រុស្ស៊ី តំណាងសភាឌូម៉ារដ្ឋរុស្ស៊ី និងតំណាងសាជីវកម្ម ធុរកិច្ចឈានមុខគេរបស់រុស្ស៊ី សុទ្ធតែបានបញ្ជាក់ពីការគាំទ្រចំពោះការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសនេះ ធុរកិច្ចនៃភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនទាក់ទងនឹងវិស័យដែលសមស្របនឹងតម្រូវការ និងគោលដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី ដូចជាថាមពលនុយក្លេអ៊ែរ ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីសន្តិភាព បង្កើនការរុករកប្រេង និងឧស្ម័ននៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក ការតភ្ជាប់ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រព័ន្ធរថភ្លើងក្រោមដី។ល។
ប្រទេសទាំងពីរក៏បានចាត់ទុកដែរថា ការជម្រុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវជាមូលដ្ឋាន និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាថ្មី វិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ ការដឹកជញ្ជូន វិទ្យាសាស្ត្រមូលដ្ឋាន។ល។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរុស្ស៊ីបានសម្តែងនូវការគាំទ្រចំពោះការបង្កើនការផ្លាស់ប្តូរវប្បធម៌ ការសម្តែងសិល្បៈនៅក្នុងប្រទេសនីមួយៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។ ព្រមទាំង ភាគីទាំងពីរក៏បានយល់ព្រមបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរធ្វើដំណើរទេសចរណ៍។ ភាគីទាំងពីរបានទទួលស្គាល់តួនាទីជាស្ពានតភ្ជាប់របស់សហគមន៍វៀតណាមនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាសហគ្រិន និងបញ្ញវន្តដែលទទួលបានការអប់រំ និងរស់នៅប្រទេសរុស្ស៊ី។ ភាគីរុស្ស៊ីបានបញ្ជាក់ពីការបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជនវៀតណាមក្នុងការរស់នៅ និងធ្វើការ ក៏ដូចជាសកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាម រួមចំណែកដល់មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
ដូច្នេះ ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ ដោយសម្រេចបានលទ្ធផលជាក់ស្តែងលើវិស័យជាច្រើន ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលមួយសតវត្សរ៍ ឆ្លើយតបនឹងគោលបំណង និងតម្រូវការទាំងអស់ដែលបានកំណត់ បង្ហាញពីទស្សនៈរួមរបស់ប្រទេសទាំងពីរក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។
ទិសដៅសំខាន់ៗដែលត្រូវអនុវត្ត
អ្នកសារព័ត៌មាន៖ តើលោកស្រីអនុរដ្ឋមន្ត្រីអាចប្រាប់ពីសកម្មភាពដែលភាគីទាំងពីរនឹងអនុវត្តនៅពេលខាងមុខ ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគី ដូចដែលព្រមព្រៀងគ្នាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចនេះបានទេ?
លោកស្រី Le Thi Thu Hang៖ ក្នុងស្មារតីនៃការ "ធ្វើឲ្យសន្យាក្លាយជាសកម្មភាព ប្រែការសម្រេចចិត្តគោលនយោបាយទៅជាលទ្ធផលជាក់ស្តែង" ស្របតាមទិសដៅដែលបានកំណត់ដោយលោក To Lam អគ្គលេខាបក្ស និងការប្តេជ្ញាចិត្តក្នុងការអនុវត្ត "ចំណុចច្បាស់លាស់ចំនួន៦" របស់លោកនាយករដ្ឋមន្ត្រី ខ្ញុំចាត់ទុកថា ទិសដៅសំខាន់ៗដូចខាងក្រោមគួរតែត្រូវបានពិចារណា៖
ទីមួយ ភាគីទាំងពីរគប្បីពង្រីកយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃភាគីទាំងពីរគប្បីអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងដែលសម្រេចបាន បង្កើតផែនទីបង្ហាញផ្លូវ និងផែនការអនុវត្ត កំណត់ភារកិច្ច និងអាទិភាពសំខាន់ៗ ស្វែងរកដំណោះស្រាយដ៏លេចធ្លោ ដោះស្រាយការលំបាកដោយទាន់ពេលវេលា។
ទីពីរ ភាគីទាំងពីរគប្បីអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងវិស័យសន្តិសុខថាមពល ការដឹកជញ្ជូន logistics វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេស។
ទីបី ជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យមនុស្សសាស្ត្រ។ ភាគីទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងការស្រាវជ្រាវជាមូលដ្ឋាន បង្កើនការបង្រៀនភាសា រៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងសិល្បៈ មិនត្រឹមតែដើម្បីជម្រុញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីផ្សព្វផ្សាយដល់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ អំពីមិត្តភាពពិសេសរវាងប្រទេសទាំងពីរ។
ទីបួន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងបីរត្រូវពង្រីកបន្ថែមទៀត។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅមានមូលដ្ឋានជាច្រើនទៀត ដែលមានតម្រូវការក្នុងការតភ្ជាប់ និងស្វែងយល់ពីសក្តានុពលសហប្រតិបត្តិការថ្មីៗ។
ជាចុងក្រោយ ការជួយគាំទ្រអាណិកជនវៀតណាមនៅប្រទេសរុស្ស៊ីក៏ត្រូវបានយកចិត្តទុកដាក់។ នេះគឺជាធនធានដ៏សំខាន់ក្នុងការតភ្ជាប់ប្រទេសទាំងពីរ ហើយបន្តទទួលបានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ ព្រមទាំងការគាំទ្រ និងការបង្កើតលក្ខខណ្ឌអំណោយផលពីអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យប្រជាជនវៀតណាមអាចរស់នៅ ធ្វើការ និងសិក្សា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ខ្ញុំជឿជាក់ថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយក្រសួង ស្ថាប័ន និងមូលដ្ឋាន... នៃភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីនឹងអភិវឌ្ឍយ៉ាងខ្លាំង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។
អ្នកសារព័ត៌មាន៖ សូមអរគុណលោកស្រីអនុរដ្ឋមន្ត្រី!
បកប្រែដោយ Thuy Anh