មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ បានប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា នៅទីក្រុងវៀងចន្ទន៍។
ក្នុងឱកាសនេះ លោកសាស្ត្រាចារ្យ សមាជិកបណ្ឌិតសភា Boviengkham Vongdara ប្រធានមជ្ឈិមសមាគមមិត្តភាពឡាវ-វៀតណាម បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំប្រទេសឡាវ អំពីអត្ថន័យ និងសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងពិសេសរវាងឡាវ និងវៀតណាមក្នុងបរិបទថ្មី។
លោកសាស្ត្រាចារ្យ Boviengkham Vongdara បានសង្កត់ធ្ងន់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ក្នុងឱកាសខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ភាគីទាំងពីរបានរៀបចំកិច្ចប្រជុំរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ លោក To Lam អគ្គលេខាបក្ស បានបន្ថែមខ្លឹមសារថ្មីមួយទៅក្នុងទំនាក់ទំនងពិសេសឡាវ-វៀតណាមនោះគឺ ការ "តភ្ជាប់ជាយុទ្ធសាស្ត្រ"។
    |
 |
|
លោកសាស្ត្រាចារ្យ សមាជិកបណ្ឌិតសភា Boviengkham Vongdara ប្រធានមជ្ឈិមសមាគមមិត្តភាពឡាវ-វៀតណាម ផ្តល់បទសម្ភាសន៍មួយ (រូបថត៖ vnanet.vn) |
យោងតាមលោកសាស្ត្រាចារ្យ Boviengkham Vongdara ពីមុន ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានបញ្ជាក់ថាជាទំនាក់ទំនង "មិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ"។ ការបន្ថែមខ្លឹមសារ "តភ្ជាប់ជាយុទ្ធសាស្ត្រ" គឺជាការអភិវឌ្ឍចាំបាច់ ទាន់ពេលវេលា និងមានសារៈសំខាន់យ៉ាងខ្លាំង ដែលបង្ហាញពីតម្រូវការថ្មីនៃទំនាក់ទំនងទ្វេភាគីក្នុងបរិបទដែលពិភពលោក និងតំបន់នៅតែប្រឈមនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។
ទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ត្រូវបានពូនជ្រំ ដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ។ ការ "តភ្ជាប់ជាយុទ្ធសាស្ត្រ" គឺជាការទទួលមរតក និងការអភិវឌ្ឍនៃទំនាក់ទំនងនោះនៅក្នុងលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មី។
លោកសាស្ត្រាចារ្យ Boviengkham Vongdara បានថ្លែងថា យោងតាមលោក To Lam អគ្គលេខាបក្ស ការ "តភ្ជាប់ជាយុទ្ធសាស្ត្រ" បង្ហាញពីចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ ការតភ្ជាប់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។ ជាពិសេស ការតភ្ជាប់មានអត្ថន័យដ៏សំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច logistics ការដឹកជញ្ជូន ប្រៃសណីយ៍ និងទូរគមនាគមន៍ និងការធ្វើបរិវត្តកម្មឌីជីថល។ ទាំងនេះសុទ្ធតែជាវិស័យសំខាន់ៗដែលមានអត្ថន័យជាយុទ្ធសាស្ត្ររយៈពេលវែងចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ ក៏ដូចជាតំបន់ទាំងមូល។
ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏គប្បីបង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ ជាពិសេសក្នុងការកសាងបក្ស និងការបណ្តុះបណ្តាលកម្មាភិបាល។ ខ្លឹមសារទាំងអស់នេះបង្ហាញពីការតភ្ជាប់ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដោយរួមដំណើរដើម្បីគោលដៅនៃការអភិវឌ្ឍដ៏រុងរឿង និងប្រកបដោយចីរភាពសម្រាប់ប្រទេសនីមួយៗ។
ដោយវាយតម្លៃពីកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវ លោកសាស្ត្រាចារ្យ Boviengkham Vongdara បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរបានរួមចំណែកយ៉ាងសំខាន់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសឡាវបានប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ដូចជាស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ស្មុគស្មាញ ការប្រែប្រួលគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចពិភពលោក ផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិ។ល។ នៅក្នុងបរិបទនោះ ជំនួយដោយទាន់ពេលវេលា និងស្មោះស្ម័គ្ររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម បានជួយប្រទេសឡាវជំនះការលំបាកបន្តិចម្តងៗ។
យោងតាមលោកសាស្ត្រាចារ្យ Boviengkham Vongdara កម្មវិធីយុទ្ធសាស្ត្រថ្នាក់ជាតិពីររបស់ប្រទេសឡាវ ស្តីពីការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាគ្រឿងញៀន បានទទួលការគាំទ្រយ៉ាងសកម្មពីប្រទេសវៀតណាម។ ជាពិសេស ប្រទេសវៀតណាមបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសឡាវមានផ្លូវទៅកាន់សមុទ្រ តាមរយៈកំពង់ផែ Vung Ang តាមរយៈនោះ ជួយប្រទេសឡាវពង្រីកការតភ្ជាប់អន្តរជាតិរបស់ខ្លួន។ ប្រទេសវៀតណាមក៏បានគាំទ្រប្រទេសឡាវក្នុងវិស័យសន្តិសុខ កសាងមូលដ្ឋានទិន្នន័យប្រជាជនដែលភ្ជាប់ទៅនឹងការធ្វើបរិវត្តកម្មឌីជីថល។
បច្ចុប្បន្ន ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំហំវិនិយោគធំជាងគេនៅក្នុងប្រទេសឡាវ ដែលមានគម្រោងជាង ២៦០ និងដើមទុនចុះបញ្ជីសរុបជាង ៦ ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មទ្វេភាគីកំពុងកើនឡើងជាបន្តបន្ទាប់ ដោយសម្រេចបានប្រហែល ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ហើយខិតខំសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ។
ក្នុងវិស័យការទូតប្រជាជន ទំនាក់ទំនងសហប្រតិបត្តិការ ចងសម្ព័ន្ធមេត្រីភាពរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរបន្តត្រូវបានពង្រឹង ដោយមានការគាំទ្រគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព។
ក្នុងវិស័យការបរទេស ឡាវ និងវៀតណាមបន្តសហការយ៉ាងជិតស្និទ្ធដោយផ្អែកលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌអាស៊ាន។ ជាពិសេស វៀតណាមបានគាំទ្រយ៉ាងសកម្មដល់ប្រទេសឡាវក្នុងរយៈពេលដើរតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២៤ រួមចំណែកដល់ការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និងលើកទី ៤៥ កិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត តាមរយៈនេះជួយលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់ប្រទេសឡាវនៅក្នុងឆាកតំបន់ និងអន្តរជាតិ៕
បកប្រែដោយ Thuy Anh