ឆ្នាំ ២០២៥ កត់ត្រាសមិទ្ធផលលេចធ្លោជាច្រើននៃការទូតពហុភាគីរបស់វៀតណាម ក្នុងបរិបទពិភពលោកប្រឈមមុខនឹងអស្ថិរភាព ការបែកបាក់ និងបញ្ហាប្រឈមជាច្រើន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាមនៅទីក្រុងញូវយ៉ក លោក Do Hung Viet ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃថា វៀតណាមបន្តបញ្ជាក់ពីតួនាទី កិត្យានុភាព និងអត្តសញ្ញាណរបស់ខ្លួននៅអង្គការសហប្រជាជាតិ។

leftcenterrightdel
លោក Do Hung Viet ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

យោងតាមលោកឯកអគ្គរដ្ឋទូត មានព្រឹត្តិការណ៍សំខាន់ៗចំនួនប្រាំនៅក្នុងសកម្មភាពរបស់វៀតណាមនៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៥។ ទីមួយ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ និងការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋក្នុងសកម្មភាពសំខាន់ៗរបស់អង្គការសហប្រជាជាតិបានបញ្ជូនសារដ៏រឹងមាំពីវៀតណាមអំពីការលើកតម្កើងតម្លៃនៃសន្តិភាព ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ការដោះស្រាយបញ្ហាប្រឈមរួម និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ទីពីរ វៀតណាមបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យក្នុងពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបានភ្ជាប់ជាមួយទីក្រុងហាណូយជាលើកដំបូងក្រោមឈ្មោះ «អនុសញ្ញាក្រុងហាណូយ»។ ទីបី ដំណើរទស្សនកិច្ចលើកទីពីរនៅវៀតណាមរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងអំឡុងអាណត្តិរបស់លោក (ខែតុលា ឆ្នាំ ២០២៥) ក៏ជាចំណុចលេចធ្លោពិសេសមួយផងដែរ។ ក្នុងការផ្លាស់ប្ដូរជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏ល្អឥតខ្ចោះរបស់អង្គការសហប្រជាជាតិ និងជាសសរស្តម្ភនៃពិភពលោកពហុប៉ូលសព្វថ្ងៃ។ ទីបួន វៀតណាមត្រូវបានជ្រើសតាំងឡើងវិញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយមានចំនួនសំឡេងគាំទ្រច្រើនបំផុតក្នុងចំណោមបេក្ខជនមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទីប្រាំ វៀតណាមបានចាប់ផ្ដើម អនុវត្តតួនាទីដែលបានកំណត់របស់ខ្លួនជាប្រធានសន្និសីទពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ឆ្នាំ ២០២៦ តាមរយៈការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយប្រទេសនានាក្នុងតំបន់ផ្សេងៗ ដែលបញ្ជាក់សមត្ថភាពរបស់វៀតណាមក្នុងការដឹកនាំ និងសម្របសម្រួលក្នុងដំណើរការដ៏សំខាន់ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។

យោងតាមលោកឯកអគ្គរដ្ឋទូត ភារកិច្ចស្នូលរបស់វៀតណាមនៅឆ្នាំ ២០២៦ គឺការទទួលតំណែងជាប្រធានសន្និសីទពិនិត្យឡើងវិញ NPT នៅខែមេសា និងឧសភា ឆ្នាំ ២០២៦។ នេះគឺជាការទទួលខុសត្រូវដ៏សំខាន់មួយ ដោយសារវៀតណាមជាលើកដំបូងធ្វើជាប្រធានយន្តការឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ការលើកកម្ពស់ការរំសាយអាវុធ និងការធានាសន្តិសុខ និងសុវត្ថិភាពនុយក្លេអ៊ែរ។

នៅឆ្នាំ ២០២៦ ផងដែរ វៀតណាមនឹងបន្តចូលរួម និងលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងយន្តការ និងអង្គការពហុភាគីដែលខ្លួនជាសមាជិក រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ៕

បកប្រែដោយ Huyen Trang