វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការរំសាយអាវុធ និងមិនរីកសាយអាវុធនុយក្លេអ៊ែរ
កប.អនឡាញ - វៀតណាមបញ្ជាក់ជាថ្មីនូវជំហរគោលការណ៍ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះបញ្ហារំសាយអាវុធ និងមិនរីកសាយអាវុធនុយក្លេអ៊ែរ។
    |
 |
|
អគ្គទីប្រឹក្សា Nguyen Hoang Nguyen ភារធារីស្តីទីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងវគ្គពិភាក្សា |
ថ្មីៗនេះ បណ្តាស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ វៀតណាម និងគៀហ្ស៊ីស៊ីស្ថាន បានសហការរៀបចំវគ្គពិភាក្សាមួយ ដើម្បីរំលឹកដល់ទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីការរំសាយអាវុធ និងមិនរីកសាយអាវុធនុយក្លេអ៊ែរ ដោយមានការចូលរួមគាំរពារ និងការសម្របសម្រួលពីអង្គការយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN)1 មូលនិធិសន្តិភាពយុគសម័យនុយក្លេអ៊ែរ (NAPF)2 និងកម្មវិធីវិទ្យាសាស្ត្រជឿនលឿន (FSP) នៃសាកលវិទ្យាល័យកូឡុំប៊ី។
វគ្គពិភាក្សានេះមានការចូលរួមពីប្រតិភូជិត ១០០ នាក់ ដែលតំណាងឱ្យភ្នាក់ងារអង្គការសហប្រជាជាតិ ប្រទេសជាសមាជិក អ្នកប្រាជ្ញា និស្សិតមកពីសាកលវិទ្យាល័យធំៗជាច្រើននៅទីក្រុងញូវយ៉ក។
ក្នុងអំឡុងពេលនៃវគ្គពិភាក្សាប្រតិភូបានសម្តែងការព្រួយបារម្ភអំពីទិដ្ឋភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបច្ចុប្បន្ន និងហានិភ័យពីការប្រណាំងប្រជែងសព្វាវុធកាន់តែកើនឡើង និងជម្លោះអន្តរជាតិ ខណៈពេលដែលបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការរំសាយអាវុធ និងការមិនរីកសាយអាវុធមហាប្រល័យទូទាំងពិភពលោក រួមទាំងសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធដូចជាសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) និងសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW)។
ទាំងអស់គ្នាបានឯកភាពគ្នាលើសារៈសំខាន់នៃការសន្ទនា កិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសក្នុងចំណោមយុវជន អំពីផលប៉ះពាល់ប្រល័យលោកនៃអាវុធនុយក្លេអ៊ែរ និងតួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការគំរាមកំហែងនេះ។
ជាពិសេស ភាគីនានាបានកោតសរសើរយ៉ាងខ្លាំង និងបានបញ្ជាក់ការគាំទ្ររបស់ពួកគេចំពោះវៀតណាមក្នុងការធ្វើជាប្រធានសន្និសីទពិនិត្យឡើងវិញ NPT លើកទី ១១ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក ក្នុងខែមេសា-ឧសភា ឆ្នាំ២០២៦។
ថ្លែងនៅក្នុងសម័យប្រជុំនោះ អគ្គទីប្រឹក្សា Nguyen Hoang Nguyen ភារធារីស្តីទីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានចែករំលែកការព្រួយបារម្ភអំពីបរិយាកាសសន្តិសុខអន្តរជាតិបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរការរំសាយអាវុធ និងបានអំពាវនាវឱ្យប្រទេសនានារួបរួមគ្នា និងពង្រឹងពហុភាគីនិយម ដើម្បីពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាលើបញ្ហានេះ។ តំណាងវៀតណាមបានបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះការរំសាយអាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ ដែលបានបង្ហាញតាមរយៈការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើជាប្រធានសន្និសីទពិនិត្យឡើងវិញនៃ NPT លើកទី ១១ ក្នុងលក្ខណៈមានតុល្យភាព តម្លាភាព បរិយាប័ន្ន។
នៅឆ្នាំ ២០២២សេចក្តីសម្រេច A/RES/77/51 នៃសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់ "ថ្ងៃទី៥ ខែមីនា" (កាលបរិច្ឆេទដែលសន្ធិសញ្ញា NPT ចូលជាធរមានក្នុងឆ្នាំ ១៩៧០) ជាទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីការរំសាយអាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន និងសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃដំណើរការរំសាយអាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរនៅក្នុងសន្តិភាព និងសន្តិសុខអន្តរជាតិ។ សេចក្តីសម្រេច A/RES/77/51 អំពាវនាវដល់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ រំលឹកដល់ថ្ងៃនេះតាមរយៈសកម្មភាពអប់រំ និងលើកកំពស់យល់ដឹងជាសាធារណៈ៕
បកប្រែដោយ Duy Hoan