សមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាមគឺជាមោទនភាពនៃសហគមន៍ហ្វ្រង់កូហ្វូនី
កប.អនឡាញ - នៅរសៀលថ្ងៃទី ៦ ខែមីនា នៅទីស្នាក់ការក្រសួងការបរទេស លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោក Le Hoai Trung បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយសហគមន៍ហ្វ្រង់កូហ្វូនី និងសម្តែងនូវក្តីរីករាយដោយឃើញថាទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ហ្វ្រង់កូហ្វូនី ត្រូវបានពង្រឹងនិងពង្រីក។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់សហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវ វៀតណាមនឹងបន្តរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសជាសមាជិក និងជុំវិញពិភពលោក។
    |
 |
|
លោក Le Hoai Trung ជួបពិភាក្សាជាមួយលោកស្រី Louise Mushikiwabo |
លោក Le Hoai Trung និងលោកស្រីអគ្គលេខាធិការ OIF បានពិភាក្សាអំពីអាទិភាពរបស់សហគមន៍ហ្វ្រង់កូហ្វូនី នៅពេលខាងមុខ និងវិធានការដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហគមន៍ហ្វ្រង់កូហ្វូនីបន្ថែមទៀត។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីជាមួយប្រទេសជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនី។
លោកស្រី Louise Mushikiwabo អបអរសាទរវៀតណាមចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកវិជ្ជមានរបស់វៀតណាមក្នុងសកម្មភាពរបស់សហគមន៍ហ្វ្រង់កូហ្វូនី។
* សូមរំលឹកថា នៅព្រឹកថ្ងៃទី ៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយលោកស្រី Louise Mushikiwabo។ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅកម្ពុជា ដែលជាលើកទីពីរហើយដែលកិច្ចប្រជុំត្រូវបានធ្វើឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
    |
 |
|
លោក Bui Thanh Son និងលោកស្រី Louise Mushikiwabo (រូបថត៖ vnanet.vn) |
លោក Bui Thanh Son បានសម្តែងទំនុកចិត្តថា កិច្ចប្រជុំនេះនឹងត្រូវបានរៀបចំដោយជោគជ័យ និងនឹងកំណត់ទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី នាពេលអនាគត។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយសហគមន៍ហ្វ្រង់កូហ្វូនី និងកម្ពុជា ដើម្បីកិច្ចប្រជុំត្រូវបានរៀបចំដោយជោគជ័យ ហើយនឹងមានការរួមចំណែកជាក់ស្តែងនៅកិច្ចប្រជុំ។
ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងរបស់វៀតណាមក្នុងកិច្ចការផ្ទៃក្នុង ក៏ដូជាកិច្ចការបរទេស និងការថែទាំជីវភាពរស់នៅរបស់ប្រជាជន លោកស្រីអគ្គលេខាធិការបានបញ្ជាក់ថា វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ និងជាមោទនភាពសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី ក៏ដូចជាមិត្តភក្តិអន្តរជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រីបញ្ជាក់ថា វៀតណាមដើរតួនាទីយ៉ាងសំខាន់នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី នៅក្នុងតំបន់៕
បកប្រែដោយ Thuy Anh