គណៈប្រតិភូសភា EFTA ទស្សនកិច្ចប្រទេសវៀតណាម ដើម្បីជំរុញការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
កប.អនឡាញ - នៅថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាណូយ គណៈប្រតិភូនៃគណៈកម្មាធិការសភានៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ដើម្បីជំរុញការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ បន្ទាប់ពីការចរចាអស់រយៈពេលជាងមួយទសវត្សរ៍។
ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែមេសា ខណៈដែលប្រទេសវៀតណាម និងប្រទេសសមាជិក EFTA ចំនួនបួនគឺ អ៊ីស្លង់ លីចថេនស្តាញ ន័រវេស និងស្វីស កំពុងចូលដល់ជុំទី ២០ នៃការចរចាសម្រាប់កិច្ចព្រមព្រៀង ដែលជាដំណើរការចរចាពាណិជ្ជកម្មដ៏វែងបំផុតមួយរវាងវៀតណាម និងដៃគូអឺរ៉ុបរបស់ខ្លួន។
    |
 |
|
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ |
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ លោក Damian Müller ប្រធានគណៈប្រតិភូសភាស្វីស បានថ្លែងថា ខណៈពេលដែលសភាមិនចូលរួមដោយផ្ទាល់ក្នុងការចរចាបច្ចេកទេស ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងដំណាក់កាលត្រៀមសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។
យោងតាមលោក នៅក្នុងបរិបទដែលប្រទេសស្វីសអាចធ្វើប្រជាមតិលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការបង្កើតការឯកភាពគ្នាខាងនយោបាយ និងសង្គមគឺជាចំណុចសំខាន់។ ដំណើរទស្សនកិច្ចដោយផ្ទាល់ដូចនេះជួយសមាជិកសភាឱ្យយល់កាន់តែច្បាស់អំពីអាទិភាពរបស់ប្រទេសវៀតណាម ក៏ដូចជាផ្លាស់ប្តូរអំពីកង្វល់ និងការរំពឹងទុករបស់ភាគីនីមួយៗដោយផ្ទាល់។
លោកក៏បានសរសើរដំណើរការចរចា ដែលមានរយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយចាត់ទុកថាការឈានដល់ការចរចាលើកទី ២០ជាសញ្ញាវិជ្ជមាននៃការប្តេជ្ញាចិត្តពីភាគីទាំងពីរ
ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យសមាជិកសភា EFTA ឃើញដោយផ្ទាល់នូវការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-EFTA ដែលបានពង្រីកទៅក្នុងវិស័យជាច្រើនដូចជាកំពង់ផែ ការដឹកជញ្ជូនតាមសមុទ្រ ពាណិជ្ជកម្មម្ហូបអាហារ សេវាកម្មឌីជីថល និងបច្ចេកវិទ្យាខ្ពស់។
បកប្រែដោយ Duy Hoan