យោងតាមលោក Dang Hoang Giang អនុរដ្ឋមន្ត្រី ឲ្យ​ដឹង​ថា គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Tran Thanh Man ប្រធានរដ្ឋសភា បានចូលរួមយ៉ាងសកម្ម មានទំនួលខុសត្រូវ និងបានរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យរួមនៃមហាសន្និបាត IPU-152។ នៅក្នុងកិច្ចពិភាក្សាទូទៅ លោកប្រធានរដ្ឋសភាបានដាក់ចេញនូវសំណើចំនួនបី ដើម្បីលើកកម្ពស់កម្រិតយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងសភានានា។ គណៈប្រតិភូវៀតណាមក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាប្រតិបត្តិ IPU ហើយវៀតណាមបានទទួលតំណែងជាប្រធានក្រុមអាស៊ាន+៣ នៅក្នុងមហាសន្និបាត IPU-153 ខាងមុខនេះ។

leftcenterrightdel
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

លើសពីនេះ លោកប្រធានរដ្ឋសភាបានជួបពិភាក្សាទ្វេភាគីជាច្រើនជាមួយថ្នាក់ដឹកនាំសភានៃប្រទេសដទៃទៀត ដោយហេតុនោះពង្រឹងទំនុកចិត្តខាងនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការពារជាតិ និងសន្តិសុខ។

យោងតាមលោក Dang Hoang Giang អនុរដ្ឋមន្ត្រី ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាទៅកាន់ប្រទេសអ៊ីតាលី និងទួរគីបានជំរុញទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងពីរ។ អ៊ីតាលីបានបញ្ជាក់ជាថ្មីម្តងទៀតថា វៀតណាមជាដៃគូដែលអាចទុកចិត្តបាន ដែលមានសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្យាបន្តគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ខណៈពេលដែលប្រទេសទួរគីបានបង្ហាញពីគោលបំណងចង់លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដោយចាត់ទុកវៀតណាមជាដៃគូសំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងឡាយ។ ក្នុងពេលជាមួយគ្នានេះ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណម ជាមួយទួរគី និងអ៊ីតាលីបានបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។

លោក Dang Hoang Giang អនុរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរវាងលោកប្រធានរដ្ឋសភា ជាមួយសម្តេចប៉ាប និងនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ ពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ឆ្ពោះទៅរកការបង្កើតទំនាក់ទំនងការទូតពេញលេញរវាងវៀតណាម និងបុរីវ៉ាទីកង់ និងដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបមកកាន់ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម៕

បកប្រែដោយ Huyen Trang