លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកជំទាវ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិនប្រកបដោយជោគជ័យ
កប.អនឡាញ - នាថ្ងៃទី១៧ ខែមេសា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងណាននីង (ក្វាងស៊ី) បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន និងលោកជំទាវ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានអញ្ជើញជួបពិភាក្សាជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន; អញ្ជើញជាសក្ខីភាពនៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ មួយចំនួន រវាងប្រទេសទាំងពីរ; ជួបសវនាការជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយទូទាំងប្រជាជនចិន និងលោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន។ នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំរបស់បក្សទាំងពីរ និងប្រទេសទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅ និងទូលំទូលាយអំពីស្ថានភាពនៅក្នុងប្រទេសនីមួយៗ ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកជំទាវ នៅស្ថានីយ៍ណាននីងខាងកើត ទីក្រុងណាននីង ប្រទេសចិន (រូបថត៖ vnanet.vn) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានអញ្ជើញទៅទស្សនា និងថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យស៊ីងហ័រ ទៅទស្សនាតំបន់ថ្មី Xiong'an (ខេត្តហឺប៉ី) ទៅទស្សនាមជ្ឈមណ្ឌលសហប្រតិបត្តិការ នវានុវត្តន៍បញ្ញាសិប្បនិម្មិត (AI) ចិន-អាស៊ាន; ចូលរួមពិធីបើកពិធីជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៅតាមព្រំដែនវៀតណាម-ចិន។ល។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម វៀតណាម-ចិន ស្តីពីការបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រនៅកម្រិតខ្ពស់ជាង នៅក្នុងយុគសម័យថ្មី។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ រួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ប្រពៃណីមិត្តភាព វៀតណាម-ចិន ពន្លឿនការកសាងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ និងលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុភាពក្នុងតំបន់និងលើពិភពលោក៕
បកប្រែដោយ Thanh Cong