វៀតណាមនិងទួរគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាច្រើន
កប.អនឡាញ - នាថ្ងៃទី១៧ ខែមេសា (ម៉ោងក្នុងស្រុក) ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា និងសកម្មភាពទ្វេភាគីនៅប្រទេសទួរគី លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយលោក Numan Kurtulmus ប្រធានរដ្ឋសភាទួរគី។
នៅក្នុងជំនួប លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឱ្យភាគីទាំងពីរបន្តបង្កើនការបើកទ្វារទីផ្សារ ពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗនេះ ក្នុងលក្ខណៈប្រកបដោយចីរភាព និងមានតុល្យភាព ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ ខណៈពេលដែលកាត់បន្ថយរបាំងពាណិជ្ជកម្ម។ លោកប្រធានរដ្ឋសភាទួរគីបានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់ទួរគីនៅអាស៊ីអាគ្នេយ៍ និងព្រមទាំងសម្តែងនូវគោលបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយលោក Numan Kurtulmus ប្រធានរដ្ឋសភាទួរគី |
ប្រធានរដ្ឋសភាទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ផ្លាស់ប្តូរក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរជាប្រចាំ ចែករំលែកបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ និងការឃ្លាំមើល ការកសាងក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រួមចំណែកដល់ការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងទួរគី។
នៅថ្ងៃដដែល ក្នុងជំនួបជាមួយលោក Ali Tezolmez កុងសុលកិត្តិយស់វៀតណាមនៅទីក្រុងអ៊ីស្តង់ប៊ុល លោក Tran Thanh Man ប្រធានរដ្ឋសភា បានសម្តែងនូវក្តីសង្ឃឹមថា លោក Ali Tezolmez នឹងបន្តពង្រីកតួនាទី និងកិត្យានុភាពរបស់ខ្លួនដើម្បីគាំទ្រ និងលើកកម្ពស់អាទិភាពកិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យលោកកុងស៊ុលកិត្តិយសវៀតណាមប្រចាំទីក្រុងអ៊ីស្តង់ប៊ុលបន្តគាំទ្រការជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយរូបភាពអំពីប្រទេស និងមនុស្ស បរិយាកាសវិនិយោគ និងអាជីវកម្មរបស់វៀតណាម ពង្រឹងការតភ្ជាប់អង្គភាពអាជីវកម្ម និងលើកទឹកចិត្តដល់អង្គភាពអាជីវកម្មទួរគីឱ្យស្វែងរកឱកាសវិនិយោគនៅវៀតណាម។
នៅល្ងាចថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភា បានទទួលជួបកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍អាណិកជនវៀតណាមនៅទួរគី៕
បកប្រែដោយ Huyen Trang