លោក To Lam អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម ទទួលជួបលោក Chen Jiang លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី
កប.អនឡាញ - នៅយប់ថ្ងៃទី១៦ ខែមេសា នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Chen Jiang សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍ដែលក្វាងស៊ីសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងសម្តែងការជឿជាក់ថា ខេត្តក្វាងស៊ីនឹងក្លាយជាតំបន់ស្វយ័តសង្គមនិយមទំនើប រុងរឿង និងស្រស់ស្អាត។
ដោយសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងជាដៃគូអាទិភាពចំបងរបស់ខេត្តក្វាងស៊ី លោក Chen Jiang បានបញ្ជាក់ថា គណៈកម្មាធិការបក្ស និងអាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ហើយនឹងបន្តដឹកនាំការអនុវត្តទស្សនៈរួមរវាងអគ្គលេខាបក្សនិងជាប្រធានរដ្ឋនៃប្រទេសទាំងពីរ រួមចំណែកដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ មិត្តភាពរវាងចិន និងវៀតណាមឲ្យកាន់តែស៊ីជម្រៅ។
    |
 |
|
លោក To Lam អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាមទទួលជួបលោក Chen Jiang លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី |
អំពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានស្នើឲ្យក្វាងស៊ី និងមូលដ្ឋាននានារបស់វៀតណាមជំរុញការតភ្ជាប់យុទ្ធសាស្ត្រចំនួនប្រាំនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ logistics វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមូលដ្ឋានសង្គម។
អំពីការតភ្ជាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តបញ្ញាសិប្បនិម្មិត និងអនុវត្តគម្រោងកសិកម្មបៃតង ថាមពលស្អាត ថាមពលកកើតឡើងវិញ និងកែច្នៃដោយបច្ចេកវិទ្យាខ្ពស់នៅវៀតណាម។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម មានបំណងចង់ឲ្យភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធ គ្រប់គ្រងព្រំដែនគោកបានល្អ និងដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ សម្រួលការផ្លាស់ប្តូរប្រជាជននិងប្រជាជន ឆ្លៀតយកសក្តានុពលទេសចរណ៍ រួមចំណែកដល់ភាពជោគជ័យរួមនៃឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ឆ្នាំ២០២៦-២០២៧។
ដោយសម្តែងការពេញចិត្ដចំពោះមតិយោបល់របស់លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម លោក Chen Jiang លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាងក្វាងស៊ី បានបញ្ជាក់ថា ក្វាងស៊ីនឹងមានផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តទស្សនៈរួមរវាងអគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងមានបំណងចង់ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវដែក និងសហការជាមួយវៀតណាមក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ដែលក្វាងស៊ីកំពុងផ្តោតលើការអភិវឌ្ឍ ដូចជាបញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ។
ដោយសង្កត់ធ្ងន់ថា ផលិតផលកសិកម្មវៀតណាមដែលមានគុណភាពខ្ពស់តែងតែត្រូវបានអ្នកប្រើប្រាស់ក្វាងស៊ីពេញចិត្ត លោក Chen Jiang បានបញ្ជាក់ថា ក្វាងស៊ីត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការនាំចូលផលិតផលកសិផលច្រើនបន្ថែមទៀត មិនត្រឹមតែឆ្លើយតបតម្រូវការរបស់ទីផ្សារក្វាងស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈក្វាងស៊ីទៅកាន់មូលដ្ឋានផ្សេងទៀតនៅក្នុងប្រទេសចិនផងដែរ។
លោក Chen Jiang ក៏បានស្នើឱ្យភាគីទាំងពីរពន្លឿនការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃសាកល្បង ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរពាណិជ្ជកម្មនិងបង្កើនការផ្លាស់ប្តូរមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជន ខេត្តក្វាងស៊ី និងមូលដ្ឋាននានារបស់វៀតណាម៕
បកប្រែដោយ Pham Diep