ក្នុងឱកាសនេះ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម  បានផ្ដល់បទសំភាសន៍​ដល់សារព័ត៌មានអំពីលទ្ធផលនៃដំណើរ​ទស្សនកិច្ចនេះ។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីលើកឡើងពីលទ្ធផលលេចធ្លោនៃមហាសន្និបាត IPU-152 និងការរួមចំណែកជាក់ស្តែងរបស់គណៈប្រតិភូវៀតណាមនៅក្នុងវេទិកានេះ?

លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ មហាសន្និបាត IPU-152 សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដោយមានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំសភាមកពីប្រទេសផ្សេងៗ និងតំណាងអង្គការអន្តរជាតិជាច្រើន ក្នុងបរិបទដែលស្ថានភាពសកលបន្ដមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។ ដោយមានប្រធានបទ «បណ្ដុះក្តីសង្ឃឹម ធានាសន្តិភាព និងការពារយុត្តិធម៌សម្រាប់មនុស្សជំនាន់ក្រោយ» មហាសន្និបាតបានបញ្ជាក់ជាថ្មីថា IPU គឺជាក្របខ័ណ្ឌសំខាន់មួយសម្រាប់សភាបង្កើនការសន្ទនា   កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសន្តិភាព គោរពច្បាប់ និងពហុភាគីនិយម។

គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវ រួមចំណែកយ៉ាងច្រើនដល់ភាពជោគជ័យរួមរបស់មហាសន្និបាត។

ថ្លែងនៅសម័យពិភាក្សា លោកប្រធានរដ្ឋសភាវៀតណាមបានលើកសំណើចំនួនបី ដើម្បីលើកកម្ពស់កម្រិតយុទ្ធសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការរវាង​សភានានារួមមាន៖  លើកកម្ពស់ការសន្ទនា និងកសាងទំនុកចិត្ត  បង្កើតក្របខ័ណ្ឌច្បាប់និងត្រួតពិនិត្យការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិ និងធានាការអនុវត្តច្បាប់ដោយយុត្តិធម៌ និងសមធម៌។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមថ្លែងក្នុងសម័យប្រជុំរួមនៃមហាសន្និបាត IPU លើកទី ១៥២

នៅក្នុងមហាសន្និបាត IPU លើកទី ១៥២ នេះ យោងតាមយន្តការប្ដូរវេន វៀតណាមបានទទួលតួនាទីជាប្រធានក្រុមអាស៊ានបូក ៣ នៅមហាសន្និបាត IPU លើកទី ១៥៣ នាពេលខាងមុខនេះ។ វៀតណាមបានផ្ដល់គំនិតផ្តួចផ្តើមស្ដីពីការបង្កើនភាពធន់ និងស្វ័យភាពយុទ្ធសាស្ត្រនៃខឿនសេដ្ឋកិច្ច  ព្រមទាំងសង្កត់ធ្ងន់លើតួនាទីរបស់សភាក្នុងការកែលំអក្របខ័ណ្ឌច្បាប់   គាំទ្រអង្គភាព​​អាជីវកម្ម និងប្រកាន់យកប្រជាជនជាមជ្ឈភាព។

លើសពីនេះ លោកប្រធានរដ្ឋសភាវៀតណាម បានជួបប្រជុំទ្វេភាគីជាច្រើនជាមួយថ្នាក់ដឹកនាំសភានៃប្រទេសផ្សេងៗ ដោយហេតុនេះ ពង្រឹងទំនុកចិត្តខាងនយោបាយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។ ដៃគូនានាបានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្ស  និងបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី ១៦ ព្រមទាំងបានអបអរសាទរថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលទើបបានបោះឆ្នោតជ្រើសតាំង និងវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់វៀតណាមនៅក្នុងយន្តការពហុភាគី រួមទាំង IPU ក៏ដូចជាឲ្យតម្លៃខ្ពស់ចំពោះវៀតណាម និងមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិយាយរួម និងរដ្ឋសភាវៀតណាមនិយាយដោយឡែក។

អ្នកយកព័ត៌មាន៖ តើដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាវៀតណាមទៅកាន់ប្រទេសអ៊ីតាលី និងទួរគី សម្រេចបានលទ្ធផលផលលេចធ្លោណាខ្លះ?

លោក Dang Hoang Giang អនុរដ្ឋមន្ត្រី ៖ រួមជាមួយនឹងសកម្មភាពនៅ IPU នេះគឺជាសកម្មភាពដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី ១៤ បន្ដអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ឥតងាករេរបស់វៀតណាមស្ដីពីការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយដៃគូសំខាន់ៗ រួមទាំងបណ្តាប្រទេសនៅអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា រួមចំណែកក្នុងការបង្កើតបរិយាកាសការបរទេសអំណោយផល និងទាញយកអត្ថប្រយោជន៍ពីការគាំទ្ររបស់មិត្តភក្តិអន្តរជាតិ​ និងធនធានខាងក្រៅដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេសនៅក្នុងយុគសម័យថ្មី។ ដែលក្នុងនោះ លទ្ធផលលេចធ្លោមួយចំនួនដូចជា៖

ទីមួយ ទំនុកចិត្តខាងនយោបាយបានកើនឡើង។ ដំណើរទស្សនកិច្ចនេះបានបង្កើតជាជំហានថ្មីដ៏ច្បាស់លាស់ ដោយការលើកកម្ពស់ទំនាក់ទំនងរវាង​វៀតណាមនិងប្រទេសទួរគី និងអ៊ីតាលីនាពេលខាងមុខ។ ជាពិសេស អ៊ីតាលី បានបញ្ជាក់ជាថ្មីថា វៀតណាមជាដៃគូដែលគួរឲ្យទុកចិត្ត  ដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ហើយ​ប្តេជ្ញាចិត្ដបន្តរួមដំណើរ និងគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។ ទួរគីបានសំដែងនូវបំណងចង់លើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងចាត់ទុកវៀតណាមជាដៃគូសំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រធានរដ្ឋសភាវៀតណាម និងប្រធានសភាអ៊ីតាលីនិងទួរគី បានឯកភាពគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំរវាងថ្នាក់ដឹកនាំសភា និងស្ថាប័នសភានៃប្រទេសទាំងពីរដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ កែលម្អច្បាប់ និងសម្របសម្រួលការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តលើគ្រប់វិស័យ។

ទីពីរ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគត្រូវបានចាត់ទុកថាជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចការងារលើកនេះ។ អ៊ីតាលីបានឯកភាពថា ភាគីទាំងពីរគួរតែឆ្លៀតយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ឲ្យបានល្អ ដោយហេតុនេះ បង្កើនការតភ្ជាប់វៀតណាម-សហភាពអឺរ៉ុប។ អ៊ីតាលីបន្តគាំទ្រដល់ការជំរុញប្រទេសសហភាពអឺរ៉ុបឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EVIPA) និងដក "កាតលឿង" IUU សម្រាប់អាហារសមុទ្រវៀតណាម។ ទាក់ទងនឹងប្រទេសទួរគី ភាគីទាំងពីរបានព្រមព្រៀងគ្នាជំរុញការពង្រីកពាណិជ្ជកម្មតាមទិសតុល្យភាពជាងមុន ស្រាវជ្រាវលើលទ្ធភាពនៃការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

ទីបី ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើនដូចជា ការពារជាតិ សន្តិសុខ អប់រំនិងបណ្តុះបណ្តាល វប្បធម៌ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ព្រមទាំងពង្រីកក្នុងវិស័យថ្មីៗដូចជា នវានុវត្តន៍ បញ្ញាសិប្បនិម្មិត ការផ្លាស់ប្ដូរបៃតង និងខ្សែសង្វាក់ផ្គត់ផ្គង់។

ក្នុងឱកាសនេះ ការដែលប្រធានរដ្ឋសភាវៀតណាមជួបជាមួយសម្តេចប៉ាប និងនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាច្រើន។ ភាគីទាំងពីរនឹងបន្តយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀតនូវទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយឆ្ពោះទៅបង្កើតទំនាក់ទំនងការទូតពេញលេញរវាងវៀតណាម និងបុរីវ៉ាទីកង់ ព្រមទាំងដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប មកកាន់ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Pham Diep