តបតាមការអញ្ជើញរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ លោក Lee Jae Myung ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េខាងត្បូង និងលោកជំទាវនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត រួមចំណែកដល់ការបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍជាមួយនឹងទិសដៅយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
លោក Lee Jae Myung ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េខាងត្បូង និងលោកជំទាវ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦

ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកំពុងកាន់តែស៊ីជម្រៅ

មិត្តភាព និងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកូរ៉េខាងត្បូងមានដើមកំណើតជាច្រើនសតវត្សមកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះរឹងមាំដោយផ្អែកលើភាពស្រដៀងគ្នាជាច្រើននៅក្នុងប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចបំពេញបន្ថែម ជាពិសេសចំណងមិត្តភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

វៀតណាម និងកូរ៉េខាងត្បូង បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៩២។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង បានវិឌ្ឍទៅជាទំនាក់ទំនងសហប្រតិបត្តិការគំរូមួយក្នុងចំណោមទំនាក់ទំនងល្អបំផុតនៅលើពិភពលោក។

ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពី “ភាពជាដៃគូទូលំទូលាយក្នុងសតវត្សរ៍ទី ២១” ក្នុងខែសីហា ឆ្នាំ២០០១ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Tran Duc Luong ប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ទំនាក់ទំនងនេះត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតទៅជា “ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ” ក្នុងខែតុលា ឆ្នាំ២០០៩ និងជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងខែធ្នូ ឆ្នាំ ២០២២។

ការវិវឌ្ឍទាំងនេះដាក់ចេញនូវក្របខ័ណ្ឌសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន។

ចាប់តាំងពីការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងនៅក្នុងខែធ្នូ ឆ្នាំ២០២២ មក ទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងឡើង។ ភាគីទាំងពីររក្សាទំនាក់ទំនងល្អតាមរយៈគ្រប់បណ្តាញទាំងអស់របស់បក្ស រដ្ឋាភិបាល និងសភា និងលើកកម្ពស់យ៉ាងខ្លាំងនូវដំណើរទស្សនកិច្ច ការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

បច្ចុប្បន្ននេះ វៀតណាម និងកូរ៉េខាងត្បូងមានយន្តការ និងក្របខ័ណ្ឌសហប្រតិបត្តិការជាច្រើនប្រភេទ រួមទាំងកិច្ចសហប្រតិបត្តិការពហុវិស័យ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិជ្ជាជីវៈជាក់លាក់ នៅកម្រិតផ្សេងៗគ្នា។

ភាគីទាំងពីរបច្ចុប្បន្នរក្សាបណ្តាញផ្លាស់ប្តូរតាមរយៈ "កិច្ចសន្ទនាយុទ្ធសាស្ត្រកម្រិតអនុរដ្ឋមន្ត្រីស្តីពីការទូត សន្តិសុខ និងការពារជាតិ" "កិច្ចសន្ទនាសន្តិសុខវៀតណាម-កូរ៉េខាងត្បូងកម្រិតអនុរដ្ឋមន្ត្រី" និង "កិច្ចសន្ទនាការពារជាតិវៀតណាម-កូរ៉េខាងត្បូងកម្រិតអនុរដ្ឋមន្ត្រី"។

យន្តការ និងក្របខ័ណ្ឌសហប្រតិបត្តិការទ្វេភាគីទាំងនេះរវាងប្រទេសទាំងពីរកំពុងដំណើរការយ៉ាងរលូន មានប្រសិទ្ធភាព និងមានភាពបត់បែន ដោយដោះស្រាយបញ្ហាថ្មីៗ និងតម្រូវការជាក់ស្តែងនៅក្នុងវិស័យសហប្រតិបត្តិការជាក់លាក់នីមួយៗដោយជោគជ័យ។

នៅលើវេទិកាពហុភាគី វៀតណាម និងកូរ៉េខាងត្បូងសហការយ៉ាងជិតស្និទ្ធ និងធ្វើការរួមចំណែកយ៉ាងសកម្មនៅអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) និងយន្តការសហប្រតិបត្តិការក្នុងតំបន់ដូចជា មេគង្គ-កូរ៉េ អាស៊ាន-កូរ៉េខាងត្បូង អាស៊ាន+៣ វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)។

ជាពិសេសវៀតណាមបានដើរតួនាទីនាំមុខគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងអាស៊ាន ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចសន្ទនាកូរ៉េខាងត្បូង-អាស៊ានសម្រាប់អាណត្តិឆ្នាំ ២០២១-២០២៤។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគគឺជាសសរស្តម្ភសំខាន់

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាសសរស្តម្ភសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគី ហើយក៏ជាចំណុចលេចធ្លោមួយនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមផងដែរ។ បន្ទាប់ពីធ្វើទំនាក់ទំនងពាណិជ្ជកម្មជាង ៣០ ឆ្នាំមក ប្រទេសទាំងពីរបានក្លាយជាដៃគូសំខាន់ៗឈានមុខគេរបស់គ្នាទៅវិញទៅមក។

កូរ៉េខាងត្បូងបច្ចុប្បន្នជាដៃគូវិនិយោគលេខមួយរបស់ប្រទេសវៀតណាម ជាប្រភពទេសចរធំទីពីរ ជាប្រភពផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការធំទីពីរ ជាដៃគូពាណិជ្ជកម្មធំទីបី និងជាទីផ្សារទទួលពលកម្មធំទីបីរបស់វៀតណាម។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូងត្រូវបានគេព្យាករថានឹងឈានដល់ ៨៩,៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដែលកើនឡើង ៩,៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៦ ចំណូលនាំចូល និងនាំចេញសរុបរវាងវៀតណាម និងកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងឈានដល់ ២៦,៩ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

វៀតណាមនាំចេញទំនិញផលិតពីសហគ្រាស FDI ទៅកាន់កូរ៉េខាងត្បូងជាចម្បងគឺ ទូរស័ព្ទ និងគ្រឿងបន្លាស់ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់។

កូរ៉េខាងត្បូងនាំចេញគ្រឿងបន្លាស់ គ្រឿងចក្រ និងឧបករណ៍ និងវត្ថុធាតុដើមសម្រាប់ផលិតកម្មទៅកាន់វៀតណាម។ ភាគីទាំងពីរកំពុងផ្លាស់ប្តូរវិធានការជាក់លាក់ដើម្បីអនុវត្ត "ផែនការសកម្មភាពដើម្បីសម្រេចបានគោលដៅចំណូលពាណិជ្ជកម្ម ១៥០ ពាន់លានដុល្លារអាមេរិកឆ្ពោះទៅរកពាណិជ្ជកម្មដែលមានតុល្យភាពជាងមុននៅឆ្នាំ ២០៣០"។

ទាក់ទងនឹងការវិនិយោគ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦ កូរ៉េខាងត្បូងនៅតែជាវិនិយោគិនធំជាងគេនៅក្នុងប្រទេសវៀតណាមក្នុងចំណោមប្រទេសវិនិយោគចំនួន ១៥៤ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៩៨,៩ ពាន់លានដុល្លារអាមេរិក ដែលមានគម្រោងចំនួន ១០,៤៤៧ ដែលស្មើនឹងជាង ២៣% នៃចំនួនគម្រោងសរុប និង ១៨% នៃការវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីសរុបនៅក្នុងប្រទេសវៀតណាម។

វៀតណាមសង្ឃឹមថា ធុរកិច្ចកូរ៉េខាងត្បូងនឹងបន្តធ្វើការវិនិយោគថ្មី និងពង្រីកទំហំវិនិយោគរបស់ពួកគេនៅក្នុងប្រទេសវៀតណាម ដោយផ្តល់អាទិភាពដល់វិស័យដែលកូរ៉េខាងត្បូងមានឧត្តមភាព និងវៀតណាមមានតម្រូវការ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផលិតគ្រឿងអេឡិចត្រូនិចបច្ចេកវិទ្យាខ្ពស់ បន្ទះឈីប បញ្ញាសិប្បនិម្មិត (AI) ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ និងការសាងសង់ស្មុគស្មាញផលិតកម្មឧស្សាហកម្មឯកទេសតាមបណ្តោយខ្សែសង្វាក់តម្លៃ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (ODA) វៀតណាមនៅតែជាដៃគូអាទិភាពកំពូលសម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងការផ្តល់ដើមទុន ODA (ទទួលបានប្រហែល ២០% នៃជំនួយសរុបរបស់កូរ៉េខាងត្បូង)។

លើសពីនេះ ការផ្លាស់ប្តូរវប្បធម៌ និងការជួបប្រាស្រ័យ រវាងប្រជាជន និងប្រជាជនក៏បង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ កិច្ចសហប្រតិបត្តិការវប្បធម៌កំពុងដើរតួនាទីយ៉ាងសំខាន់ជា "ស្ពានទន់" ដែលរួមចំណែកដល់ការយល់ដឹង ការជឿទុកចិត្ត និងការយល់ចិត្តគ្នាកាន់តែខ្លាំងឡើងរវាងប្រជាជននៃប្រទេសទាំងពីរ ដោយហេតុនេះបង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរយៈពេលវែង។

បន្ថែមពីលើវិស័យស្នូលៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងទៀតដូចជា ការពារជាតិ និងសន្តិសុខ ក៏ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងផងដែរ។ កិច្ចសហប្រតិបត្តិការក្នុងស្រុករវាងប្រទេសទាំងពីរក៏ត្រូវបានពង្រឹងផងដែរដោយមានទំនាក់ទំនងក្នុងស្រុកជាច្រើនត្រូវបានបង្កើតឡើង។

ការលើកកម្ពស់ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាមរបស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ គឺមានសារៈសំខាន់យ៉ាងខ្លាំង ដែលកើតឡើងនៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតមិនធ្លាប់មាន។

យោងតាមលោក Vu Ho ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកូរ៉េខាងត្បូង ដំណើរទស្សនកិច្ចរបស់លោក Lee Jae Myung ប្រធានាធិបតី ក្នុងនាមជាភ្ញៀវរដ្ឋដំបូងគេដែលបានមកបំពេញទស្សនកិច្ចប្រទេសវៀតណាមក្នុងអំឡុងពេលនេះ ពិតជាមានសារៈសំខាន់ខាងនយោបាយ និងនិមិត្តរូបយ៉ាងសំខាន់ ដែលបង្ហាញពីការឱ្យតំលៃដ៏ខ្ពស់របស់កូរ៉េខាងត្បូងចំពោះប្រទេសវៀតណាម និងឆ្លុះបញ្ចាំងពីកម្រិតនៃការជឿទុកចិត្ត និងអាទិភាពយុទ្ធសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី។

ដំណើរទស្សនកិច្ចនេះមិនត្រឹមតែមានសារៈសំខាន់ខាងនយោបាយ និងការទូតប៉ុណ្ណោះទេ ថែមទាំងភ្ជាប់ចក្ខុវិស័យរបស់ភាគីទាំងពីរក្នុងដំណាក់កាលថ្មីមួយ ដែលរួមចំណែកដល់ការបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។

នេះគឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរដើម្បីធ្វើសមកាលកម្មយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ពួកគេ ដោយផ្លាស់ប្តូរទំនាក់ទំនងពីទូលំទូលាយទៅស៊ីជម្រៅ ពីកិច្ចសហប្រតិបត្តិការបែបប្រពៃណីទៅជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ និងសន្តិសុខសេដ្ឋកិច្ច។ ស្មារតីនៃដំណាក់កាលថ្មីនេះអាចត្រូវបានសង្ខេបដូចខាងក្រោម៖ ការជឿទុកចិត្តកាន់តែខ្លាំង កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងចំណងមិត្តភាពកាន់តែរឹងមាំ។

បកប្រែដោយ Minh Trung