ពិធីបុណ្យវប្បធម៌វៀតណាម ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនៅទីក្រុងអូសាកា
កប.អនឡាញ - នៅថ្ងៃទី១៩ ខែមេសា នៅសង្កាត់ Ikuno ទីក្រុងអូសាកា (ប្រទេសជប៉ុន) ពិធីបុណ្យវប្បធម៌វៀតណាម ឆ្នាំ២០២៦ បានទាក់ទាញការចូលរួមពីអាណិកជនវៀតណាម មិត្តភក្តិជប៉ុន និងអន្តរជាតិជាច្រើន។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមវៀតណាមនៅតំបន់ Kansai ដោយទទួលការឧបត្ថម្ភរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងអូសាកា។
ពិធីបុណ្យឆ្នាំនេះត្រូវបានរៀបចំក្នុងឱកាសទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាម និងពិធីបុណ្យសែនខួបស្ដេច Hung តាមរយៈនោះលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិទាំង ៥៤ និងផ្សព្វផ្សាយស្មារតី "ផឹកទឹកនឹកដល់ប្រភពដើម" ក្នុងសហគមន៍វៀតណាមនៅបរទេស។
នៅក្នុងសុន្ទរកថាបើកពិធីបុណ្យ លោកស្រី Le Thuong ប្រធានសមាគមវៀតណាមនៅតំបន់ Kansai និងជាប្រធានគណៈកម្មាធិការរៀបចំ បានឲ្យដឹងថា វប្បធម៌គឺជាស្ពានមួយដែលជួយឲ្យប្រជាជាតិទាំងពីរយល់គ្នាទៅវិញទៅមកកាន់តែច្បាស់។ អាណិកជនវៀតណាមដែលរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន ចង់ផ្សព្វផ្សាយវប្បធម៌វៀតណាមដល់ប្រជាជនជប៉ុន និងមិត្តភក្តិអន្តរជាតិ។ ការទូតវប្បធម៌នឹងជួយតភ្ជាប់ប្រជាជាតិទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
    |
 |
|
ស្តង់មួយចំនួននៅក្នុងពិធីបុណ្យ (រូបថត៖ vovworld.vn) |
ពិធីបុណ្យនេះមានស្តង់ជាច្រើនជាមួយសកម្មភាពជាច្រើន ដូចជា ម្ហូបអាហារ សរសេរអក្សរផ្ចង់ និងការផ្សព្វផ្សាយវប្បធម៌នៃតំបន់ទាំងបីរបស់វៀតណាម។
លោក Ngo Ly Hung អាណិកជនវៀតណាមនៅទីក្រុង Kobe (ខេត្ត Hyogo) បានចែករំលែកថា “ខ្ញុំមកពីខេត្ត Phu Tho ហើយខ្ញុំចង់ផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ ទេសចរណ៍ និងម្ហូបអាហាររបស់ Phu Tho ដល់សហគមន៍វៀតណាម និងជប៉ុន ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចយល់អំពីស្រុកកំណើតរបស់ស្តេច Hung និងផ្សព្វផ្សាយលក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌វៀតណាម”។
នៅក្នុងបរិយាកាសដ៏ឧឡារិកនៃពិធីបុណ្យនេះ សហគមន៍វៀតណាមនៅតំបន់ Kansai រួមជាមួយអាណិកជនវៀតណាម និងមិត្តអន្តរជាតិជាច្រើន បានអុជធូបគោរពវិញ្ញាណក្ខន្ធស្តេច Hung ដែលជាស្ថាបនិកនៃប្រទេសជាតិ។
ការរៀបចំពិធីបុណ្យសែនខួបស្ដេច Hung មិនត្រឹមតែមានសារៈសំខាន់ខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងបង្ហាញស្មារតីនៃ "ការផឹកទឹកនឹកដល់ប្រភពដើម" ដែលតែងតែត្រូវបានរក្សានៅក្នុងសហគមន៍វៀតណាមនៅបរទេស។ នេះក៏ជាឱកាសសម្រាប់យុវជនជំនាន់ក្រោយនៅបរទេស យល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ តាមនោះ លើកកម្ពស់សេចក្តីស្រឡាញ់ចំពោះមាតុភូមិ។
    |
 |
|
ការសម្តែងសិល្បៈក្នុងព្រឹត្តិការណ៍ (រូបថត៖ vovworld.vn) |
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ក៏បានប្រព្រឹត្តទៅការប្រឡងជុំទីមួយនៃការប្រឡង "ខ្ញុំស្រឡាញ់ភាសាកំណើតរបស់ខ្ញុំ" ក្នុងគោលបំណងលើកតម្កើងភាសាវៀតណាម និងបណ្តុះក្តីស្រឡាញ់ចំពោះភាសា និងវប្បធម៌ជាតិ។ ការប្រឡងនេះត្រូវបានធ្វើឡើងនៅប្រទេសជាច្រើន ហើយទាក់ទាញការចូលរួមពីអាណិកជនវៀតណាមជាច្រើន ជាពិសេសយុវជនជំនាន់ក្រោយ តាមរយៈនោះរួមចំណែកដល់ការផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅក្នុងសហគមន៍អន្តរជាតិ។
ពិធីបុណ្យវប្បធម៌វៀតណាមឆ្នាំ ២០២៦ នៅទីក្រុង Osaka បន្តបញ្ជាក់ពីតួនាទីជាស្ពានវប្បធម៌ រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃទឹកដីនិងមនុស្សវៀតណាម ព្រមទាំង បង្កើនការតភ្ជាប់សហគមន៍វៀតណាមនៅទូទាំងពិភពលោក និងជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងជប៉ុនឲ្យកាន់តែអភិវឌ្ឍ៕
បកប្រែដោយ Thuy Anh