ម៉ាឡេស៊ី និងកូរ៉េខាងត្បូងបង្កើនការផ្សព្វផ្សាយទេសចរណ៍នៅទីផ្សារវៀតណាម
កប.អនឡាញ - ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមេសា ពិព័រណ៍ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម - VITM 2026 បានធ្វើឡើងដោយមានការចូលរួមពីប្រទេស និងដែនដីជាច្រើន។
ក្នុងនោះ នាយកដ្ឋានជម្រុញទេសចរណ៍ម៉ាឡេស៊ី និងអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូង មានភាពលេចធ្លោជាមួយនឹងការរៀបចំសកម្មភាពផ្សព្វផ្សាយទ្រង់ទ្រាយធំ ដែលមានគោលបំណងបង្កើនចំនួនភ្ញៀវទេសចរវៀតណាម។
ឆ្នាំ២០២៦ គឺជាលើកទី១៥ ដែលវៀតណាមរៀបចំ VITM ព្រមទាំងជាលើកទី១០ ដែលម៉ាឡេស៊ីបានចូលរួមព្រឹត្តិការណ៍ ដោយបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាឡេស៊ីក្នុងការជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី។
    |
 |
|
សិល្បករម៉ាឡេស៊ីសម្តែងសិល្បៈប្រពៃណីនៅ VITM 2026 (រូបថត៖ baoquocte.vn) |
តាមរយៈពិព័រណ៍ផ្សារណាត់ទាំងនេះ ម៉ាឡេស៊ីបានបង្កើត និងពង្រឹងបណ្តាញសហប្រតិបត្តិការជាមួយធុរកិច្ចទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដោយរួមចំណែកដល់ការបង្កើនការផ្លាស់ប្តូរទេសចរណ៍ទ្វេភាគី។ រួមជាមួយនឹងយុទ្ធនាការ Visit Malaysia 2026 ប្រទេសនេះបានផ្សព្វផ្សាយផលិតផលជាច្រើនចាប់ពីទេសចរណ៍អេកូឡូស៊ី វប្បធម៌ ដល់ម្ហូបអាហារ និងការដើរទិញឥវ៉ាន់។
លោកស្រី Amirah Nadiah Mazlan នាយិកាការិយាល័យនៃនាយកដ្ឋានជំរុញទេសចរណ៍ម៉ាឡេស៊ីប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាមគឺជាទីផ្សារទេសចរណ៍មួយក្នុងចំណោមទីផ្សារទេសចរណ៍ដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ីនៅអាស៊ីអាគ្នេយ៍។ យោងតាមលោកស្រី ការចូលរួម VITM ហាណូយ 2026 មានគោលបំណងមិនត្រឹមតែផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចទេសចរណ៍វៀតណាមផងដែរ។
បច្ចុប្បន្ននេះ មានជើងហោះហើររវាងវៀតណាម និងម៉ាឡេស៊ីចំនួន ១៨០ ជើងក្នុងមួយសប្តាហ៍ ជាមួយនឹងកៅអីជាង ៣២,០០០ ដែលជួយបង្កើតលក្ខណៈងាយស្រួលសម្រាប់ការផ្លាស់ប្តូរភ្ញៀវទេសចរ។
ទន្ទឹមនឹងនេះ កូរ៉េខាងត្បូងនៅតែបន្តបញ្ជាក់ពីប្រៀខ្លាំងរបស់ខ្លួនក្នុងការអភិវឌ្ឍផលិតផលដែលតភ្ជាប់ទៅនឹងនិន្នាការប្រើប្រាស់ថ្មី។ នៅស្តង់របស់អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងនៅ VITM 2026 អ្នកទស្សនាមានឱកាសស្លៀកសាកសម្លៀកបំពាក់ Hanbok ចូលរួមក្នុងសកម្មភាពអន្តរកម្ម និងទទួលបានអំណោយ។ល។
កូរ៉េខាងត្បូងទទួលកំណើនវិជ្ជមានពីទីផ្សារវៀតណាមផងដែរ ដោយមានអ្នកទស្សនាជិត ៥៥០,០០០ នាក់នៅឆ្នាំ២០២៥ និងរំពឹងថានឹងសម្រេចបាន ៦០០,០០០ នាក់នៅឆ្នាំ២០២៦។ ដើម្បីរក្សាសន្ទុះកំណើននេះ ប្រទេសនេះបានសហការជាមួយធុរកិច្ចទេសចរណ៍វៀតណាមជាង ២០ ដើម្បីអភិវឌ្ឍផលិតផលថ្មី និងអនុវត្តគោលនយោបាយដើម្បីគាំទ្រដំណើរកម្សាន្តជាក្រុម ក្នុងបំណងបង្កើនសមត្ថភាពប្រកួតប្រជែង។
លោកស្រី Park Eun Jung ប្រធានតំណាងអគ្គនាយកដ្ឋនទេសចរណ៍កូរ៉េខាងត្បូង (KTO) ប្រចាំប្រទេសវៀតណាម បានបញ្ជាក់ពីការរួមដំណើររយៈពេលវែងជាមួយធុរកិច្ចវៀតណាមថា “តាមរយៈ VITM 2026 យើងមានបំណងមិនត្រឹមតែផ្សព្វផ្សាយរូបភាពនៃទេសចរណ៍កូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយធុរកិច្ចទេសចរណ៍វៀតណាមផងដែរ។ KTO នឹងបន្តគាំទ្រដៃគូក្នុងការអភិវឌ្ឍផលិតផល ជម្រុញការលក់ និងនាំមកនូវផលប្រយោធន៍ជាក់ស្តែងដល់ភ្ញៀវទេសចរ”។
ក្នុងបរិបទនៃការងើបឡើងវិញរបស់វិស័យទេសចរណ៍អន្តរជាតិ ស្តង់របស់ប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូងនៅ VITM 2026 បង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់ពីការផ្សព្វផ្សាយរូបភាពទៅជាការផ្តោតលើការអភិវឌ្ឍផលិតផលឯកទេស និងការអនុវត្តគោលនយោបាយជំរុញតម្រូវការជាក់លាក់។
ក្នុងនាមជាទីផ្សារដ៏ស្វាហាប់ ប្រទេសវៀតណាម កំពុងក្លាយជាគោលដៅទេសចរណ៍យុទ្ធសាស្ត្រនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍របស់ប្រទេសជាច្រើន៕
បកប្រែដោយ Thuy Anh