ទិវាវប្បធម៌វៀតណាម-ថៃ ឆ្នាំ២០២៦ នឹងប្រារព្ធឡើងនៅទីក្រុង Udon Thani
កប.អនឡាញ - ទិវាវប្បធម៌វៀតណាម-ថៃ ឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៨ ខែសីហា នៅទីក្រុង Udon Thani ជាសកម្មភាពលេចធ្លោមួយនៅក្នុងចំណោមសកម្មភាពនានា ដែលរៀបចំដោយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Khon Kaen (ប្រទេសថៃ) ក្នុងឱកាសខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងថៃ (១៩៧៦-២០២៦)។
ក្នុងកិច្ចប្រជុំនាពេលថ្មីៗ រវាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំ Khon Kaen និងគណៈប្រតិភូសាកលវិទ្យាល័យភូមិន្ទ Khon Kaen ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើផែនការរៀបចំទិវាវប្បធម៌វៀតណាម-ថៃ ឆ្នាំ២០២៦។
    |
 |
|
លោក Dinh Hoang Linh ជួបពិភាក្សាជាមួយលោកស្រី Thani Khanisara (រូបថត៖ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen) |
ក្នុងកិច្ចប្រជុំនេះ លោក Dinh Hoang Linh អគ្គកុងស៊ុលវៀតណាមប្រចាំ Khon Kaen បានសង្កត់ធ្ងន់ថា ទិវាវប្បធម៌វៀតណាម-ថៃ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹង ពង្រឹងទំនុកចិត្ត និងជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រប្រកបដោយប្រសិទ្ធភាពរបស់សាកលវិទ្យាល័យភូមិន្ទ Khon Kaen នឹងរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃទិវាវប្បធម៌វៀតណាម-ថៃ។ សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះនឹងបង្ហាញពីការអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ថៃ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងសហគមន៍វៀតណាមនៅប្រទេសថៃ។
លោកស្រី Thani Khanisara សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទ Khon Kaen បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ការតភ្ជាប់ និងការជួយគាំទ្ររបស់ស្ថានអគ្គកុងស៊ុលវៀតណាមក្នុងកិច្ចសហការបង្កើតបណ្ណាល័យវៀតណាមដំបូងគេនៅប្រទេសថៃ។ ពិធីបើកបណ្ណាល័យវៀតណាមនឹងក្លាយជាចំណុចសំខាន់មួយនៃទិវាវប្បធម៌វៀតណាម-ថៃ។
ក្នុងជំនួប ភាគីទាំងពីរបានផ្តោតការពិភាក្សាអំពីខ្លឹមសារកម្មវិធី និងទម្រង់នៃសកម្មភាពដែលមានការចូលរួមពីអង្គភាពអប់រំ និងបណ្តុះបណ្តាល វប្បធម៌ និងសិល្បៈជាច្រើនរបស់វៀតណាម និងសហគមន៍អាណិកជនវៀតណាម ដើម្បីផ្សព្វផ្សាយអំពីអត្ថន័យនៃព្រឹត្តិការណ៍នេះ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការទូតរវាងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ៕
បកប្រែដោយ Thuy Anh