បញ្ចេញប្រតិកម្មចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនាព្រឹកព្រលឹមថ្ងៃទី ២៨ ខែកុម្ភៈ ប្រធានគណៈកម្មាធិការសន្តិសុខជាតិអ៊ីរ៉ង់ លោក Ebrahim Azizi បានប្រកាសថា ដូចដែលទីក្រុងតេអេរ៉ង់បានព្រមានកាលពីមុនថា ផលវិបាកនៃសកម្មភាពរបស់អ៊ីស្រាអែល «មិនស្ថិតក្នុងការគ្រប់គ្រងរបស់អ៊ីស្រាអែលទៀតហើយ»។ ទីក្រុងតេអេរ៉ង់កំពុងត្រៀមខ្លួនសម្រាប់ការតបតដ៏ខ្លាំងក្លា។

ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ការវាយប្រហារលើទីក្រុងតេអេរ៉ង់បានកំណត់គោលដៅទៅលើទីតាំងរបស់រដ្ឋាភិបាលអ៊ីរ៉ង់ និងគោលដៅយោធាជាយុទ្ធសាស្ត្រ ដូចជាគេហដ្ឋានរបស់រដ្ឋមន្ត្រី និងមេបញ្ជាការយោធា ទីស្នាក់ការកណ្តាលក្រសួងការពារជាតិ និងតំបន់វិមានប្រធានាធិបតីអ៊ីរ៉ង់។ យោងតាមអ៊ីស្រាអែល ប្រទេសនេះបានសម្របសម្រួលជាមួយសហរដ្ឋអាមេរិកដើម្បីអនុវត្តន៍ប្រតិបត្តិការនេះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្តើម «ប្រតិបត្តិការយោធាដ៏ធំមួយ» នៅក្នុងប្រទេសអ៊ីរ៉ង់។

leftcenterrightdel
ផ្សែងហុយឡើងលើទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ (រូបថត៖ REUTERS)

មុននោះ កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់សម្តីរបស់មន្ត្រីនៃប្រទេសនេះ ដែលបានឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្របសម្រួលជាមួយអ៊ីស្រាអែលដើម្បីបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេអេរ៉ង់ផងដែរ។ ការវាយប្រហាររបស់សម្ព័ន្ធភាពអាមេរិក-អ៊ីស្រាអែលសំដៅទៅលើអ៊ីរ៉ង់បានបង្ខំឱ្យប្រទេសនេះ ត្រូវបិទដែនអាកាសរបស់ខ្លួនភ្លាមមួយរំពិច។ យោងតាមមន្ត្រីសហរដ្ឋអាមេរិក ការវាយប្រហារលើអ៊ីរ៉ង់ត្រូវបានធ្វើឡើងទាំងតាមផ្លូវអាកាសនិងផ្លូវសមុទ្រ។ មុននោះ សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាផ្ទុកយន្តហោះយ៉ាងហោចណាស់ចំនួនពីរក្រុម ទៅកាន់មជ្ឈិមបូព៌ាដើម្បីត្រៀមខ្លួនវាយប្រហារលើអ៊ីរ៉ង់។

សហរដ្ឋអាមេរិកមិនទាន់ផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីការវាយប្រហារលើអ៊ីរ៉ង់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមភាគីអ៊ីស្រាអែល ប្រទេសនេះបានសម្របសម្រួលជាមួយសហរដ្ឋអាមេរិកដើម្បីអនុវត្តន៍ប្រតិបត្តិការ ហើយផែនការនេះត្រូវបានរៀបចំអស់រយៈពេលជាច្រើនខែមកហើយ។

មុននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅក្នុងសេចក្តីប្រកាសមួយ បានអំពាវនាវឱ្យពលរដ្ឋអាមេរិកដែលកំពុងស្នាក់នៅប្រទេសអ៊ីរ៉ង់ចាកចេញជាបន្ទាន់ ហើយថា ពលរដ្ឋអាមេរិកទាំងអស់មិនគួរធ្វើដំណើរទៅកាន់អ៊ីរ៉ង់ ដោយហេតុផលណាមួយឡើយ៕

តាម vovworld.vn