ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក
កប.អនឡាញ - នៅរសៀលថ្ងៃទី ៣ ខែមេសា ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅប្រទេសថៃ លោក Nguyen Loc Ha អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលជួបសវនាការជាមួយលោក Chadchart Sittipunt អភិបាលក្រុងបាងកក ។
នៅក្នុងជំនួបនេះ លោក Nguyen Loc Ha បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកទស្សនកិច្ច និងធ្វើការជាមួយអាជ្ញាធរទីក្រុងបាងកក ក្នុងបរិបទដែលប្រទេសវៀតណាម និងថៃខិតជិតដល់ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៧៦ – ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦)។ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍឥតឈប់ឈរ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកកនៅឆ្នាំ ២០២៦ ឆ្ពោះទៅខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោក Nguyen Loc Ha បានស្នើឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ លើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ និងរៀបចំការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងការទូតប្រជាជន។
មានប្រសាសន៍ក្នុងជំនួប លោក Chadchart Sittipunt អភិបាលក្រុងបានស្វាគមន៍គណៈប្រតិភូនៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុង ក៏ដូចជាប្រតិបត្តិការនៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។ លោកក៏បានសម្តែងទំនុកចិត្តផងដែរថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ ដែលបានចងសម្ព័ន្ធមេត្រីនៅឆ្នាំ ២០១៥។
អភិបាលក្រុងបាងកកក៏បានវាយតំលៃខ្ពស់ចំពោះតួនាទី និងជំហររបស់ទីក្រុងហូជីមិញក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាប្រចាំ។ លោកបានសម្តែងបំណងប្រាថ្នាចង់ពង្រឹងការសម្របសម្រួលក្នុងការរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ ដើម្បីរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងថៃ-វៀតណាម ហើយបានបញ្ជាក់ថា លោកនឹងពិចារណាបញ្ជូនគណៈប្រតិភូសមស្របមួយទៅចូលរួមព្រឹត្តិការណ៍នានានៅទីក្រុងហូជីមិញនៅឆ្នាំ ២០២៦។
បកប្រែដោយ Duy Hoan