ក្នុងឱកាសនៃកិច្ចប្រជុំកំពូលលើកទី៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីអត្ថន័យនៃកិច្ចប្រជុំ ខ្លឹមសារដែលត្រូវបានពិភាក្សា ឯកសារនឹងត្រូវបានផ្តល់សច្ចាប័ន និងការចូលរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរួមរបស់អាស៊ាន។

ខាងក្រោមនេះជាខ្លឹមសារបទសម្ភាសន៍៖

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN

អ្នកសារព័ត៌មាន៖ តើលោកអាចចែករំលែកពីអត្ថន័យ និងបរិបទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភាបានទេ?

លោកឯកអគ្គរដ្ឋទូត Vu Ho៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នឹងប្រព្រឹត្តទៅនៅទីក្រុង Labuan Bajo ដែលជាកោះមួយស្ថិតនៅឆ្ងាយពីរដ្ឋធានីហ្សាកាតា ជាមួយនិងការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ប៉ុន្តែមានសក្តានុពលទេសចរណ៍ដ៏ធំធេង។ អាចនិយាយបានថា ការជ្រើសរើសទីកន្លែងនេះដោយប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានឆ្នាំ ២០២៣ ជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២  បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេស សមាជិកក្នុងការរួមដៃគ្នាដើម្បីជំរុញការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

ដោយក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” កិច្ចប្រជុំនេះបង្ហាញពីបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការខិតខំធ្វើឱ្យអាស៊ានជាស្នូល និងជាកម្លាំងជំរុញនៃកំណើន ជាមួយនឹងតួនាទីឈានមុខគេក្នុងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ក្នុងតំបន់ និងការរួមចំណែកដល់គោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

ជុំវិញមូលបទខាងលើ ហើយប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ការផ្លាស់ប្តូរពិភាក្សាគ្នារបស់ថ្នាក់ដឹកនាំនឹងមានអត្ថន័យជាច្រើន ដោយផ្តោតលើការពិភាក្សាអំពីបញ្ហា ដែលកំពុងកើតមានឡើង និងទទួលបានការយកចិត្តទុកដាក់នាពេល បច្ចុប្បន្ន ទាំងនៅកម្រិតតំបន់ និងជាសកល។

អ្នកសារព័ត៌មាន៖ ដូចដែលលោកបានលើកឡើងអំពីការផ្លាស់ប្តូរពិភាក្សាគ្នារវាងដឹកនាំអាស៊ាន  តើអ្វីៗជាខ្លឹមសារសំខាន់ដែលរំពឹងថានឹងពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះ?

លោកឯកអគ្គរដ្ឋទូត Vu Ho៖ យោងតាមកម្មវិធីកិច្ចប្រជុំដែលបង្កើតឡើងដោយម្ចាស់ផ្ទះឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំនឹងមានរយៈពេល២ថ្ងៃធ្វើការយ៉ាងមមាញឹកជាមួយនឹងសកម្មភាពជាច្រើន រួមទាំងសម័យប្រជុំពេញអង្គចំនួនពីរ និងសម័យប្រជុំចង្អៀត។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនឹងជួបពិភាក្សាការងារជាមួយតំណាងសភា យុវជន ធុរជន និងក្រុមការងារជាន់ខ្ពស់ទទួលបន្ទុកចងក្រងសេចក្តីព្រាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

ទាក់ទងនឹងខ្លឹមសារនៃការពិភាក្សា យោងទៅតាមទំលាប់ដ៏យូរលង់ក្នុងអាស៊ាន សម័យប្រជុំពេញអង្គនឹងក្លាយជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសនានាពិភាក្សា និងផ្តល់ទិសដៅជំរុញដំណើរការកសាងសហគមន៍។

លក្ខណៈពិសេសថ្មីនៃកិច្ចប្រជុំលើកនេះគឺភាពសម្បូរបែប និងភាពចម្រុះនៅក្នុងរាល់វគ្គសន្ទនារបស់ថ្នាក់ដឹកនាំជាមួយបណ្តាក្រុមការងារអំពីបញ្ហាទទួលបានការយកចិត្តទុកដាក់ក្នុងដំណើរការកសាងសហគមន៍។ ក្នុងនោះរួមទាំងវគ្គសន្ទនាជាមួយក្រុមការងារកម្រិតខ្ពស់អំពីចក្ខុវិស័យនៃសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។

នេះជាលើកទីមួយហើយដែលថ្នាក់ដឹកនាំនៃប្រទេសនានាបានពិភាក្សាជាមួយតំណាងជាន់ខ្ពស់ក្នុងក្រុមរៀបចំសេចក្តីព្រាងអំពីទិសដៅអនាគតរបស់អាស៊ានក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ។ ដូច្នេះ សម័យសន្ទនានេះមានសារៈសំខាន់ខ្លាំងណាស់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់អនាគតអាស៊ានក្រោយឆ្នាំ២០២៥។

អ្នកសារព័ត៌មាន៖ តើឯកសារអ្វីខ្លះដែលរំពឹងថានឹងត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនេះ?

លោកឯកអគ្គរដ្ឋទូត Vu Ho៖ កិច្ចប្រជុំកំពូលនេះត្រូវបានគេរំពឹងថានឹងអនុម័តលើឯកសារសំខាន់ៗជាច្រើនដែលគ្របដណ្តប់លើសសរស្តម្ភទាំងបីគឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម នៃសហគមន៍អាស៊ាន។ ខ្លឹមសារនៃឯកសារទាំងនោះគឺសម្បូរបែបណាស់ទាក់ទងនិងវិស័យជាច្រើននៃសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍ សង្គម ការលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមនិន្នាការសំខាន់ៗក៏ដូចជាការផ្សារភ្ជាប់ជាមួយនឹងបញ្ហាដែលកំពុងមានការយកចិត្តទុកដាក់បច្ចុប្បន្ន។

ក្នុងចំណោមនោះ មានសេចក្តីប្រកាសមួយចំនួនដែលធ្វើឡើងដោយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានស្តីពីប្រព័ន្ធអេកូរថយន្តអគ្គិសនី ប្រព័ន្ធបណ្តាញភូមិឃុំ និងការបង្កើនប្រតិបត្តិការជារូបិយប័ណ្ណក្នុងស្រុក។ល។ ឯកសារទាំងនេះប្រកាន់យ៉ាងជិតស្និទ្ធជាមួយរាល់ការផ្តល់អាទិភាពដែលកំណត់ដោយប្រធានអាស៊ាន នៅឆ្នាំ ២០២៣ ស្តីពីស្ថិរភាពហិរញ្ញវត្ថុ និងសន្តិសុខថាមពល។

អាចនិយាយបានថា ទាំងនេះគឺជាខ្លឹមសារជាក់ស្តែងណាស់ គាំទ្រយ៉ាងមានប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការងើបឡើងវិញ និងកំណើននៅក្នុងតំបន់ រួមចំណែកធ្វើឱ្យអាស៊ានក្លាយជាកម្លាំងស្នូលក្នុងដំណើរការអភិវឌ្ឍរួមនៃតំបន់ទាំងមូល។

អ្នកសារព័ត៌មាន៖ ក្នុងកិច្ចប្រជុំលើកនេះ តើវៀតណាមនឹងរួមចំណែកអ្វីខ្លះដល់សកម្មភាពរួមរបស់អាស៊ាន?

លោកឯកអគ្គរដ្ឋទូត Vu Ho៖ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏សំខាន់សម្រាប់ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ដែលទាមទារការខិតខំប្រឹងប្រែងព្រមៗគ្នា រហ័ស និងខ្លាំងក្លានៅគ្រប់ជាន់ថ្នាក់ និងគ្រប់ស្ថាប័នទាំងអស់ ដែលក្នុងនោះ មិនអាចរំលងចោលការរួមចំណែកក្នុងវិស័យកិច្ចការបរទេស ជាពិសេសកិច្ចការបរទេសពហុភាគី។

ក្នុងនាមជាអង្គការដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងផលប្រយោជន៍សន្តិសុខ កិត្យានុភាព និងការអភិវឌ្ឍរបស់វៀតណាម អាស៊ានគឺជាផ្នែកសំខាន់មួយដែលមិនអាចកាត់ផ្តាច់បានទេក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

អនុវត្តគោលមាគ៌ានកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ គណៈប្រតិភូវៀតណាមនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ក្នុងស្មារតីផ្តួចផ្តើមគំនិត សកម្ម ទំនួលខុសត្រូវ និងគំនិតច្នៃប្រឌិត រួមចំណែកដល់ជោគជ័យរួមកិច្ចប្រជុំ។

សារដែលវៀតណាមនឹងនាំយកមកកិច្ចប្រជុំនេះគឺ ការពង្រឹងសាមគ្គីភាព និងស្មារតីខ្លួនទីពឹងខ្លួន ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតប និងការសម្របខ្លួនដោយភាពបត់បែន ទៅនឹងការផ្លាស់ប្តូរ ព្រមទាំងលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់ខ្លួន និងការទទួលខុសត្រូវរបស់អាស៊ាននៅពេលចូលរួមក្នុងកិច្ចការរួមក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Minh Trung