យោងតាម Cubavisión Internacional ក្នុងឆ្នាំ ២០២៤ វៀតណាមបានក្លាយជាខឿនសេដ្ឋកិច្ចធំទីពីរនៅក្នុងតំបន់ ហើយកំពុងឈានទៅបំបែកកំណត់ត្រានាំចេញនៅឆ្នាំ ២០២៥។ ជោគជ័យនេះមិនត្រឹមតែពង្រឹងកិត្យានុភាព ភូមិសាស្ត្រនយោបាយរបស់​វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យលោកខាងលិចត្រូវវាយតម្លៃខ្ពស់ចំពោះគំរូដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។

leftcenterrightdel
ប៉ុស្ដិ៍ទូរទស្សន៍ Cubavisión Internacional របស់គុយបា វិភាគសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាម

ក្នុងកម្មវិធី “វៀតណាម - កម្លាំងចលករសម្រាប់សេដ្ឋកិច្ចអាស៊ីឆ្នាំ ២០២៥” សាស្ត្រាចារ្យ Ruvislei González Sáez នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនយោបាយអន្តរជាតិ (CIPI) បានសង្កត់ធ្ងន់ថា ទោះបីជាមានការប្រែប្រួលជាសកលក៏ដោយក៏វៀតណាមនៅតែរក្សាស្ថិរភាពដោយសារគោលនយោបាយការបរទេសពហុភាគី និងចក្ខុវិស័យយុទ្ធសាស្ត្រ។ លោកឲ្យដឹងថា “វៀតណាមបានប្រែក្លាយខ្លួនពីប្រទេសក្រីក្រក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ទៅជាខឿនសេដ្ឋកិច្ចដែលមានចំណូលមធ្យម  ជាមួយនឹងគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥”។

កត្តាសំខាន់មួយដែលជួយវៀតណាមសម្រេចបានសមិទ្ធផលសេដ្ឋកិច្ច គឺសមត្ថភាពសម្របខ្លួនទៅនឹងបញ្ហាប្រឈមនានា ដូចជាគោលនយោបាយពន្ធរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ជាដើម។ សាស្ត្រាចារ្យ Ruvislei បានពន្យល់ថា៖ “វៀតណាមបានធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនយ៉ាងសកម្ម បង្កើនការវិនិយោគនៅអាមេរិក និងពង្រីកទំនាក់ទំនងជាមួយតំបន់អាមេរិក​ឡាទីន”។

គួរកត់សម្គាល់ថា ប៉ុស្តិ៍ទូរទស្សន៍ Cubavisión Internacional ក៏បានលើកឡើងពីការវាយតម្លៃខ្ពស់របស់អឺរ៉ុបលើទំនាក់ទំនងជាមួយវៀតណាម។ ដំណើរទស្សនកិច្ចរបស់លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ មកកាន់ប្រទេសវៀតណាមកាលពីខែមុន រួមនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការបានបង្ហាញពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ កម្មវិធីបានសន្និដ្ឋានថា៖ “វៀតណាមកំពុងក្លាយជាដៃគូសំខាន់របស់អឺរ៉ុប មិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្នទៀតផង។

ជាមួយនឹងអត្រាកំណើនជាង ៧% ក្នុងឆ្នាំ ២០២៤ វៀតណាមបន្តអះអាងពីកិត្យានុភាពរបស់ខ្លួនជាចំណុចភ្លឺនៅក្នុងតំបន់។ Cubavisión Internacional បានសន្និដ្ឋានថា៖ “វៀតណាមគឺជាសក្ខីភាពមួយចំពោះការប្រែក្លាយខ្លួនគួរឱ្យកត់សម្គាល់ ដោយសារការដឹកនាំដ៏ខ្ជាប់ខ្ជួន យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមត្ថភាពក្នុងការចាប់យកឱកាសពីបញ្ហាប្រឈមជាសកល។

Cubavisión Internacional គឺជាប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិដ៏មានកិត្យានុភាព ដែលធ្វើការវិភាគជាប្រចាំអំពីបញ្ហាសេដ្ឋកិច្ច និងនយោបាយសកល ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ការដែលប៉ុស្តិ៍ទូរទស្សន៍នេះ ចំណាយពេលច្រើនដើម្បីវាយតម្លៃសមិទ្ធផលរបស់វៀតណាមបានបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងរបស់វៀតណាមនៅលើឆាកអន្តរជាតិ៕

បកប្រែដោយ Pham Diep