មានប្រសាសន៍នៅក្នុងកិច្ចសន្ទនា លោកបណ្ឌិត Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមអះអាងនូវកិច្ចសន្យាគោរពតាម UNCLOS បន្តរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម និងជំរុញកិច្ចសហប្រតិបត្តិការផ្លូវច្បាប់អន្តរជាតិស្ដីពីសមុទ្រ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពដោយផ្អែកលើច្បាប់អន្តរជាតិ។

លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Lan Anh នាយិការងនៃវិទ្យាស្ថានការបរទេស បានឲ្យដឹងថា UNCLOS គឺជាកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការបង្កើតក្របខ័ណ្ឌច្បាប់សំខាន់សម្រាប់ការគ្រប់គ្រងសមុទ្រប្រកបដោយនិរន្តរភាព និងសន្តិភាព។ សមិទ្ធិផលដ៏លេចធ្លោមួយរបស់ UNCLOS គឺការចេញបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងយន្តការដោះស្រាយជម្លោះ។ យន្តការទាំងនេះមិនត្រឹមតែបង្កើតក្របខ័ណ្ឌ និងផ្ដល់ជម្រើសសម្រាប់ការដោះស្រាយជម្លោះប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានសម្រាប់ការលើកកម្ពស់សណ្តាប់ធ្នាប់ផ្លូវច្បាប់ស្ដីពីសមុទ្រទៀតផង។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចសន្ទនាសមុទ្រលើកទី១៤ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម បានបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់ និងស្តង់ដារអន្តរជាតិ មិនមែនដោយការប្រើប្រាស់កម្លាំងអាវុធ អំណាច ឬមាត្រដ្ឋាននោះទេ។

លោកស្រី Olivia Schlouch តំណាងវិទ្យាស្ថាន KAS អ្នកគ្រប់គ្រងកម្មវិធីកិច្ចសន្ទនានីតិរដ្ឋអាស៊ី បានមានប្រសាសន៍ថា កិច្ចសន្ទនាសមុទ្របានក្លាយជាវេទិកាអន្តរជាតិដ៏មានកិត្យានុភាព ដោយប្រមូលផ្តុំអ្នកជំនាញឈានមុខជាច្រើនក្នុងវិស័យសមុទ្រ និងអ្នកតាក់តែងគោលនយោបាយមកពីគ្រប់ទិសទីនៅលើពិភពលោក។ លោកស្រី Olivia Schlouch បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះវៀតណាមជាបេក្ខភាពសម្រាប់មុខតំណែងចៅក្រមនៅតុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ (ITLOS) ដោយបង្ហាញថា វៀតណាមកំពុងពង្រឹងសមត្ថភាព កិត្យានុភាព និងតួនាទីដឹកនាំរបស់ខ្លួនក្នុងវិស័យច្បាប់អន្តរជាតិស្តីពីសមុទ្រ។

កិច្ចសន្ទនាសមុទ្រលើកទី១៤ បានផ្តោតលើការពិភាក្សាលើខ្លឹមសារដូចជា៖ យន្តការដោះស្រាយជម្លោះក្នុង UNCLOS៖ ក្រឡេកមើលទៅអតីតកាល ការចូលរួមចំណែកនៃយន្តការដោះស្រាយជម្លោះក្នុង UNCLOS ចំពោះសន្តិភាព និងស្ថិរភាពនៅលើសមុទ្រ ការចូលរួមចំណែកនៃយន្តការដោះស្រាយជម្លោះចំពោះការអភិវឌ្ឍច្បាប់សមុទ្រ ការរំពឹងទុកនាពេលអនាគតសម្រាប់យន្តការដោះស្រាយជម្លោះក្នុង និងក្រៅ UNCLOS៕

បកប្រែដោយ Huyen Trang