វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិក
កប.អនឡាញ - នាព្រឹកថ្ងៃទី៧ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបគណៈប្រតិភូនៃគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន (USCC) នៃសភាអាមេរិក ដែលដឹកនាំដោយលោកស្រី Reva Price ប្រធាន USCC។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្វាគមន៍គណៈប្រតិភូ USCC បំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត និងក្នុងឱកាសដែលវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូងវៀតណាម និងការបង្រួបបង្រួមជាតិ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមមានគោលការណ៍កសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងលើខ្លួនឯងដោយផ្សារភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ក្នុងគោលការណ៍នោះ វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក ហើយមានបំណងថា ទំនាក់ទំនងទ្វេភាគីនឹងរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍកាន់តែជាក់ស្ដែង និងស៊ីជម្រៅ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកស្រី Reva Price ប្រធាន USCC (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជំនះផលវិបាកនៃសង្គ្រាម។ លោកស្នើឲ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ដកវៀតណាមចេញពីបញ្ជីត្រួតពិនិត្យការនាំចេញយុទ្ធសាស្ត្រ D1 និង D3 ហើយបង្កើនការផ្ទេរបច្ចេកវិទ្យាក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមចំណែកជម្រុញទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោកស្រី Reva Price និងសមាជិកគណៈកម្មាធិការបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
ទាក់ទិននឹងបញ្ហាពន្ធនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍របស់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ ឆ្ពោះទៅរកពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព។ អំពីស្ថានភាពក្នុងតំបន់ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសហរដ្ឋអាមេរិកបន្តគាំទ្រគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
លោកស្រី Reva Price និងសមាជិកគណៈប្រតិភូបានអះអាងថា វៀតណាមជាដៃគូសំខាន់របស់អាមេរិកក្នុងតំបន់ ហើយវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក និងបង្ហាញសុទិដ្ឋិនិយមលើការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អាមេរិកនាពេលខាងមុខ។
លោកស្រីប្រធាន និងសមាជិកនៃគណៈកម្មាធិការបានឯកភាពតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហើយសន្យាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគី រួមទាំងការទទួលស្គាល់សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម និងការចរចារពន្ធរវាងប្រទេសទាំងពីរ។
* នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា លោក Tran Quang Phuong អនុប្រធានរដ្ឋសភា បានទទួលជួបគណៈប្រតិភូ USCC នៃសភាអាមេរិក ដែលដឹកនាំដោយលោកស្រី Reva Price ប្រធាន USCC៕
បកប្រែដោយ Thuy Anh