លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម៖ ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងស្មារតីទទួលបានផលប្រយោជន៍ទៅវិញទៅមក
កប.អនឡាញ - នាថ្ងៃទី ៦ ខែឧសភា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងគណៈប្រចាំការរដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានា ដើម្បីវាយតម្លៃស្ថានភាពពាណិជ្ជកម្មក្នុងបរិបទថ្មី និងការចរចាពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាពជាមួយសហរដ្ឋអាមេរិក។
នេះជាលើកទី៧ ហើយដែលលោកនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តសេចក្តីសន្និដ្ឋាន និងសេចក្តីណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ស្តីពីការសម្របខ្លួនទៅនឹងគោលនយោបាយពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង និងស្ថាប័ននានា ដើម្បីត្រៀមរៀបចំសម្រាប់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក (រូបថត៖ vnanet.vn) |
បន្ទាប់ពីបានស្តាប់របាយការណ៍អំពីស្ថានភាព និងយោបល់លើវិធានការដើម្បីសម្របទៅនឹងស្ថានការណ៍ ក៏ដូចជាការត្រៀមរៀបចំ និងការចរចាជាមួយសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ផ្តោតលើការអនុវត្តវិធានការសមស្របសម្រាប់គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ត្រៀមរៀបចំឲ្យបានល្អ និងចរចាប្រកបដោយប្រសិទ្ធភាព ស្របតាមបាវចនា "ផលប្រយោជន៍ទៅវិញទៅមក ហានិភ័យចែករំលែកគ្នា" និងក្នុងស្មារតីការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់វៀតណាម ហើយបំពេញតាមតម្រូវការសមស្របរបស់ភាគីអាមេរិក ឆ្ពោះទៅរកពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព ព្រមទាំង ធានាថាការចរចាជាមួយសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់ការសន្យាអន្តរជាតិរបស់វៀតណាមនោះទេ។
ទន្ទឹមនឹងការចរចា ក្រសួង និងស្ថាប័ននានាត្រូវដោះស្រាយភ្លាមៗនូវបញ្ហាដែលភាគីអាមេរិកយកចិត្តទុកដាក់ បន្តបង្កើនការនាំចូលឧបករណ៍ និងទំនិញដែលសហរដ្ឋអាមេរិកមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ ដើម្បីរក្សាតុល្យភាពពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ដោះស្រាយយ៉ាងរហ័សនូវនីតិវិធីរដ្ឋបាល បញ្ហាដែលភាគីអាមេរិក និងធុរកិច្ចអាមេរិកយកចិត្តទុកដាក់ដែលទាក់ទងនឹងពន្ធអាករតម្លៃបន្ថែម និងគម្រោងវិនិយោគនៅវៀតណាម ក្នុងស្មារតីមានផលប្រយោជន៍ទៅវិញទៅមក និងស្របតាមច្បាប់វៀតណាម។ ទន្ទឹមនឹងនោះ បង្កើតលក្ខណៈងាយស្រួលសម្រាប់ការនាំចូលទំនិញបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក ស្រាវជ្រាវនិងពិភាក្សាអំពីកិច្ចព្រមព្រៀងទាក់ទងនឹងពន្ធ ដើម្បីធានាផលប្រយោជន៍នៃអ្នកប្រើប្រាស់របស់ប្រទេសទាំងពីរ និងជំរុញពាណិជ្ជកម្មប្រកបដោយនិរន្តរភាព យូរអង្វែងរវាងភាគីទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចូលទំនិញអាមេរិក ជាពិសេសទំនិញបច្ចេកវិទ្យាខ្ពស់...
បកប្រែដោយ Thuy Anh