អ្នកយកព័ត៌មាន៖ សូមលោកស្រីអនុរដ្ឋមន្រ្តីឱ្យដឹងតើអត្ថន័យនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាន បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ការអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា និងបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស របស់លោក To Lam អគ្គលេខាបក្ស និងភរិយា ដូចម្តេច?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ ដំណើរបំពេញការងាររបស់លោក To Lam អគ្គលេខាបក្ស នេះគឺមានអត្ថន័យពិសេស ដោយបានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសយើងទើបតែប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិយ៉ាងឱឡារិក ហើយថែមទាំងវៀតណាមកំពុងឈានចូលដល់យុគសម័យថ្មី ពោលគឺយុគសម័យនៃការអភិវឌ្ឍ វិបុលភាព និងការលុតលាស់របស់ប្រទេសជាតិ។

ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សទៅកាន់ប្រទេសចំនួនបួន បន្តជាការគូសបញ្ជាក់យ៉ាងសំខាន់ក្នុងការអនុវត្តជាក់ស្តែងនូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ការធ្វើពហុភាគីនីយកម្ម ពិពិធកម្ម ម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពនៃមហាសន្និបាតបក្សលើកទី១៣។

នេះក៏ជាដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ី និងបណ្តាប្រទេសជាមិត្តរបស់អតីតសហភាពសូវៀត ជាពិសេសបណ្តាប្រទេសអាស៊ីកណ្តាល និង Kavkaz ដែលមានទំនាក់ទំនងល្អជាមួយវៀតណាម ដែលបានគាំទ្រ និងជួយយើងក្នុងការតស៊ូកន្លងមកដើម្បីការពារមាតុភូមិ ក៏ដូចជាក្នុងការកសាង និងការពារជាតិនាពេលបច្ចុប្បន្ន។ នេះគឺជាឱកាសមួយសម្រាប់ពួកយើងដើម្បីបញ្ជាក់ពីទឹកចិត្តស្មោះត្រង់របស់យើង និងបំណងប្រាថ្នារបស់យើងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមក។ ជាក់ស្តែងគឺ៖

ចំពោះសហព័ន្ធរុស្ស៊ី នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅសហព័ន្ធរុស្ស៊ី ក្នុងនាមលោក To Lam ជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដ៏មានអត្ថន័យនៅពេលដែលប្រទេសទាំងពីររួមគ្នាប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត។ ទន្ទឹមនឹងនេះ ប្រទេសនីមួយៗក៏ប្រារព្ធព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗផងដែរ នៅពេលដែលប្រទេសរុស្ស៊ីប្រារព្ធខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា។ វៀតណាមប្រារព្ធពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ និងខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនុកចិត្តនយោបាយ កំណត់ទិសដៅថ្មីដើម្បីនាំឱ្យទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីឡើងកំពស់ថ្មី ក៏ដូចជាការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសំខាន់ៗរបស់បក្សកុម្មុយនិស្តវៀតណាម ជាមួយគណបក្សនយោបាយធំៗរបស់រុស្ស៊ី។

ចំពោះប្រទេសកាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ និងបេឡារុស្ស នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសទាំងនេះ ហើយពិតជាមានសារៈសំខាន់ណាស់។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែពង្រឹង និងបង្កើនទំនុកចិត្តផ្នែកនយោបាយរវាងវៀតណាម និងបណ្តាប្រទេសជាមិត្តប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្ហាញសារ និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយបណ្តាប្រទេសនៃអតីតសហភាពសូវៀត។

ទន្ទឹមនឹងនោះ ដំណើរបំពេញទស្សនកិច្ចការងាររបស់លោក To Lam អគ្គលេខាបក្ស និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក៏បានរួមចំណែកជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន អះអាងនូវមនោសញ្ចេតនាដ៏ខ្ជាប់ខ្ជួនរបស់ប្រជាជនយើងចំពោះប្រជាជននៃសហព័ន្ធរុស្ស៊ី កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ បេឡារុស ដែលជាមិត្តជាប្រពៃណី លើកកំពស់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន (រូបថត៖​vnanet.vn)

អ្នកយកព័ត៌មាន៖ តើមានការរំពឹងអ្វីខ្លះពីដំណើរទស្សនកិច្ចនេះរបស់លោក To Lam អគ្គលេខាបក្ស និងភរិយា រួមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ ដំណើរបំពេញទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មានគោលបំណងបន្តជំរុញ និងធ្វើឲ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី និងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយបេឡារុស្ស អាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន។

ដំណើរទស្សនកិច្ចនេះនឹងជាភ័ស្តុតាងច្បាស់លាស់បំផុតដែលបញ្ជាក់ពីមនោសញ្ចេតនាដ៏ស្មោះត្រង់របស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះប្រទេសជាមិត្តជាប្រពៃណីឆ្ពោះទៅគោលបំណង “៤ ជាង” (និរន្តរភាពជាង ប្រសិទ្ធភាពជាង ជាក់ស្តែងជាង និងមានប្រយោជន៍ជាង) ក្នុងទំនាក់ទំនងទ្វេភាគី សមស្របនឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ និងទំនុកចិត្តនយោបាយ ព្រមទាំងសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាម និងប្រទេសដទៃទៀត។

នាប៉ុន្មានថ្ងៃខាងមុខ លោក To Lam អគ្គលេខាបក្សនឹងមានជំនួបសំខាន់ៗជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានា ដើម្បីរៀបចំទំនាក់ទំនងនាពេលខាងមុខ បង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសវិស័យថ្មីដែលមានសក្ដានុពលខ្លាំងដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រមូលដ្ឋាន ថាមពល បច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិមិត្ត... ជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពដែលបានសាកល្បងនាពេលកន្លងមក និងត្រូវបានពូនជ្រំ ថែរក្សាដោយគ្រប់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃសហព័ន្ធរុស្ស៊ី បេឡារុស្ស អាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន ខ្ញុំជឿជាក់ថា ដំណើរបំពេញទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សលើកនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងដួងចិត្តមិត្តភ័ក្តិសហព័ន្ធរុស្ស៊ី កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ បេឡារុស្ស និងសហគមន៍អន្តរជាតិ បន្តផ្សព្វផ្សាយ និងលើកកំពស់រូបភាពនៃវៀតណាមមួយស្មោះត្រង់ និងស្រលាញ់ចំពោះមិត្តជាប្រពៃណី និងមានការទទួលខុសត្រូវពេញលេញចំពោះសហគមន៍អន្តរជាតិ។ បង្កើតកម្លាំងជំរុញដ៏សំខាន់បន្ថែមទៀត ដើម្បីនាំប្រទេសទៅកាន់យុគសម័យថ្មីនៃការអភិវឌ្ឍ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានកំណត់ ដោយហេតុនេះ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

អ្នកយកព័ត៌មាន៖ ឆ្នាំនេះជាខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមាយ តើលោកស្រីអាចឱ្យដឹងពីសារៈសំខាន់នៃជ័យជំនះរបស់សហភាពសូវៀតចំពោះបដិវត្តន៍ខែសីហារបស់វៀតណាម និងចលនាបដិវត្តន៍ និងរំដោះជាតិនៅលើពិភពលោកបានទេ?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ ជ័យជំនះរបស់សហភាពសូវៀតក្នុងសង្គ្រាមការពារជាតិដ៏មហិមាក្នុងឆ្នាំ ១៩៤៥ មានសារៈសំខាន់ជាប្រវត្តិសាស្ត្រមិនត្រឹមតែសម្រាប់ប្រជាជនសូវៀតប៉ុណ្ណោះទេ ថែមទាំងសម្រាប់ចលនាបដិវត្តន៍ និងរំដោះជាតិជុំវិញពិភពលោក រួមទាំងវៀតណាមផងដែរ។

ជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនសូវៀតបានកំទេចហ្វាស៊ីសនិយម ធ្វើឱ្យប្រព័ន្ធអាណានិគមនៃចក្រភពអឺរ៉ុបចុះខ្សោយយ៉ាងធ្ងន់ធ្ងរ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ចលនាដើម្បីឯករាជ្យជាតិ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមជុំវិញពិភពលោក បង្កើតមូលដ្ឋានគ្រឹះសម្រាប់ពហុភាគីនិយមពិភពលោកនាពេលបច្ចុប្បន្ន បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងស្ថានភាពនយោបាយពិភពលោក ជាពិសេសការចាប់កំណើតរបស់អង្គការសហប្រជាជាតិជាមួយនឹងគោលការណ៍នៃទំនាក់ទំនងអន្តរជាតិ ដូចជាការគោរពសិទ្ធិសមភាព សិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯងក្នុងចំណោមប្រជាជាតិនានា ការដោះស្រាយវិវាទដោយសន្តិវិធី...រួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយបន្ទាប់ពីសង្គ្រាម។

ចំពោះប្រទេសវៀតណាម ជ័យជំនះរបស់សហភាពសូវៀតក្នុងសង្គ្រាមការពារជាតិដ៏អស្ចារ្យ គឺជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេង ហើយក៏ជាគោលជំហរដ៏សំខាន់សម្រាប់ប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្ស និងប្រធានហូជីមិញ ក្រោកឈរឡើង និងអនុវត្តការបះបោរជាទូទៅដណ្តើមអំណាចដោយជោគជ័យ។ បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ បានផ្ទុះឡើងនៅក្នុងបរិបទនៃ "ឱកាសទុំ" ប្រព័ន្ធហ្វាស៊ីសបានដួលរលំជាពិសេសការចុះចាញ់របស់ជប៉ុនចំពោះសម្ព័ន្ធមិត្តដែលជាចុងបញ្ចប់នៃសង្រ្គាមនៅអឺរ៉ុប។ ហើយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានប្រវត្តិសាស្ត្រ Ba Dinh នៅចំពោះមុខប្រជាជន និងជនរួមជាតិទូទាំងពិភពលោក លោកប្រធានហូជីមិញ បានអានសេចក្តីប្រកាសឯករាជ្យ ផ្តល់កំណើតដល់សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម បើកយុគសម័យនៃសេរីភាព ឯករាជ្យជាតិ និងសង្គមនិយមនៅវៀតណាម។ ជ័យជំនះរបស់ប្រជាជនវៀតណាមក៏បានរួមចំណែកយ៉ាងសំខាន់ដល់ប្រជាជនលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងហ្វាស៊ីសនិយមដើម្បីសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ជាងនេះទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិហ្វាស៊ីស មានយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមដោយផ្ទាល់ក្នុងសមរភូមិការពារទីក្រុងមូស្គូក្នុងឆ្នាំ ១៩៤១។ យុទ្ធជនវៀតណាមជាច្រើននាក់បានលះបង់ជីវិតដោយវីរភាពនៅលើទឹកដីនៃវីរភាពសូវៀត។

ជ័យជំនះរបស់កងទ័ពក្រហមសូវៀត និងកងកម្លាំងដែលស្រលាញ់សន្តិភាព ជឿនលឿនទូទាំងពិភពលោកបានបង្កើតវីរភាពដ៏ភ្លឺស្វាងសម្រាប់មនុស្សជាតិ ដែលនឹងត្រូវបានផ្តល់កិត្តិយសជារៀងរហូត ព្រោះនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបង្កើតឡើងពិភពលោកដែលមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពដូចសព្វថ្ងៃនេះ។

អ្នកយកព័ត៌មាន៖ សូមអរគុណច្រើនលោកស្រីអនុរដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung