ចាប់ផ្តើមទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ស្រីលង្កា
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម លោក Anura Kumara Dissanayaka ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម និងចូលរួមពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាច្រើនខណៈដែលប្រព្រឹត្តទៅក្នុងឱកាសដែលវៀតណាមនិងស្រីលង្កាប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត។
ស្រីលង្កាគឺជាប្រទេសជាមិត្តប្រពៃណីមួយ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម។ រដ្ឋាភិបាលបច្ចុប្បន្នរបស់ស្រីលង្កា សម្តែងនូវការគោរពចំពោះលោកប្រធានហូជីមិញ ព្រមទាំងចាត់ទុកវៀតណាមជាគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យ ដើម្បីរៀនសូត្រ។ ប្រទេសស្រីលង្កាក៏ទទួលស្គាល់ប្រទេសវៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារពេញលេញផងដែរ។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧០ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តអភិវឌ្ឍប្រកបដោយវិជ្ជមាន ដែលក្នុងនោះ ភាគីទាំងពីររក្សាការជួបជុំក្នុងឱកាសចូលរួមវេទិកាពហុភាគី និងកិច្ចសហប្រតិបត្តិការល្អតាមរយៈបណ្តាញបក្ស រដ្ឋសភា និងប្រជាជន។ បក្សកុម្មុយនិស្តវៀតណាម និងបណ្តាគណបក្សនយោបាយនៅស្រីលង្កា តែងតែផ្លាស់ប្តូរសារទូរលេខ/លិខិតអបអរសាទរក្នុងពិធិបុណ្យធំៗនៅក្នុងប្រទេសទាំងពីរ។ មកទល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរបានបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗចំនួនបីគឺ៖ គណៈកម្មការចម្រុះស្តីពីសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កិច្ចពិគ្រោះយោបល់នយោបាយ និងអនុគណៈកម្មការពាណិជ្ជកម្មចម្រុះ។
    |
 |
លោក Anura Kumara Dissanayaka ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា |
ប្រវត្តិសាស្ត្រជាង ៥ ទសវត្សរ៍នៃការបង្កើត និងអភិវឌ្ឍន៍នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងស្រីលង្កា ត្រូវបានពង្រឹង និងពង្រីកដោយដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសស្រីលង្ការបស់លោក Pham Van Dong នាយករដ្ឋមន្ត្រីវៀតណាមក្នុងខែមីនា ឆ្នាំ ១៩៧៨ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្ការបស់លោក Truong Tan Sang ប្រធានរដ្ឋវៀតណាម នៅខែតុលា ឆ្នាំ ២០១១។ ថ្នាក់ដឹកនាំជាន់ខ្ពស់ស្រីលង្កាក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់វៀតណាមដែរ រួមមាន៖ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Ratnasiri Wickramanayake នាយករដ្ឋមន្ត្រី (ខែវិច្ឆិកា ឆ្នាំ២០០៦) ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Mahinda Rajapaksa ប្រធានាធិបតី (ខែតុលា ឆ្នាំ២០០៩) ការចូលរួមរបស់លោក D.M.Jayaratne នាយករដ្ឋមន្រ្តី ក្នុងពិធីបុណ្យវិសាខបូជា (ខែឧសភា ឆ្នាំ២០១៤) និងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Ranil Wickremesinghe នាយករដ្ឋមន្ត្រី (ខែមេសា ឆ្នាំ២០១៧)។ល។
នាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ រវាងវៀតណាម និងស្រីលង្កានៅតែមានកម្រិតមធ្យម ដោយទំហំពាណិជ្ជកម្មប្រចាំឆ្នាំសម្រេចបានប្រហែល ២០០លានដុល្លារអាមេរិក ដែលភាគច្រើនជាការនាំចេញរបស់វៀតណាមទៅកាន់ស្រីលង្កា ប៉ុន្តែនៅតែពោរពេញទៅដោយសក្តានុពល។ ក្នុងប៉ុន្មានឆ្នាំកន្លងមក ប្រទេសទាំងពីរក៏បានខិតខំប្រឹងប្រែងជំរុញសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ហិរញ្ញវត្ថុ ការអប់រំ វប្បធម៌ សាសនា និងក្នុងវេទិកាតំបន់ និងអន្តរជាតិ ខណៈដែលកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ហិរញ្ញវត្ថុ កសិកម្ម ការអប់រំ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ... ក៏ត្រូវបានរក្សា និងជំរុញជាមួយនឹងឯកសារដែលបានចុះហត្ថលេខាជាង ៣០ ផងដែរ។ បច្ចុប្បន្ននេះ ស្រីលង្កាមានអង្គការមិត្តភាពចំនួនបីជាមួយវៀតណាមរួមមាន៖ សមាគមសាមគ្គីភាពជាមួយវៀតណាម សមាគមសមាជិកសភាមិត្តភាពជាមួយវៀតណាម និងមូលនិធិមិត្តភាពវៀតណាម-ស្រីលង្កានៃរណសិរ្សរំដោះប្រជាជន (JVP) ខណៈដែលវៀតណាមមានក្រុមសមាជិកសភាមិត្តភាពរដ្ឋសភាអាណត្តិទី ១៤ ជាមួយស្រីលង្កាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ និងសមាគមមិត្តភាពវៀតណាម-ស្រីលង្កា។
ក្នុងបណ្តាថ្ងៃដែលប្រទេសជាតិពោពេញទៅដោយសុទិដ្ឋិនិយម ទំនុកចិត្ត និងប្តេជ្ញាចិត្តដើម្បីឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមស្វាគមន៍លោក Dissanayaka ប្រធានាធិបតីស្រីលង្កា មកបំពេញទស្សនកិច្ចដើម្បីបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ម្ចាចស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាវូបនីយកម្ម និងពិពិធកម្ម ព្រមទាំងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ដែលបង្កើតផលប្រយោជន៍ទៅវិញទៅមក និងបង្កើនទំនុកចិត្ត អនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ក្នុងនោះ ផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តប្រពៃណី រួមទាំងស្រីលង្កាផងដែរ។
ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចរបស់លោក Dissanayaka ប្រធានាធិបតីទៅកាន់វៀតណាម ដើម្បីចូលរួមពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិ បញ្ជាក់ពីការតភ្ជាប់ដ៏ស៊ីជម្រៅអំពីវប្បធម៌ និងព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរ។
យើងជឿជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Dissanayaka ប្រធានាធិបតីនៅវៀតណាមនឹងបន្តរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ ទន្ទឹមនឹងនោះ លើកឡើងវិធានការជាក់លាក់ដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលសម្រេចបាន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត ដោយហេតុនេះបើកទំព័រថ្មីក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងស្រីលង្កា៕
បកប្រែដោយ Huyen Trang