ទំនាក់ទំនងវៀតណាម-ឥណ្ឌាអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ
កប.អនឡាញ - នាថ្ងៃទី ៦ ឧសភា នៅទីក្រុងហូជីមិញ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Kiren Rijiju រដ្ឋមន្ត្រីក្រសួងកិច្ចការសភា និងជនជាតិភាគតិចឥណ្ឌា ក្នុងឱកាសដែលលោកអញ្ជើញមកចូលរួមពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៥ របស់អង្គការសហប្រជាជាតិ។
លោក Luong Cuong ប្រធានរដ្ឋ បានស្វាគមន៍ លោក Kiren Rijiju ដែលតំណាងឱ្យរដ្ឋាភិបាលឥណ្ឌា អញ្ជើញចូលរួមពិធីបុណ្យវិសាខបូជាលើកទី៤ ដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម។ លោកប្រធានរដ្ឋបានថ្លែងអំណរគុណជាចំពោះលោករដ្ឋមន្ត្រីដែល ដង្ហែព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធ ដែលជាសម្បត្តិជាតិដ៏ពិសិដ្ឋរបស់ប្រទេសឥណ្ឌាទៅកាន់ប្រទេសវៀតណាម រួមចំណែកផ្សព្វផ្សាយតម្លៃខាងវិញ្ញាណ និងមនោគមវិជ្ជាដែលព្រះពុទ្ធបានបន្សល់ទុកសម្រាប់មនុស្សជាតិ បង្ហាញពីទំនាក់ទំនងវប្បធម៌ និងសាសនាដ៏យូរអង្វែងរវាងប្រទេសទាំងពីរតាំងពីរាប់ពាន់ឆ្នាំមុន។ លោកប្រធានរដ្ឋវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងឥណ្ឌា ដែលត្រូវបានពូនជ្រំដោយលោកប្រធានហូជីមិញ និងលោក Jawaharlal Nehru នាយករដ្ឋមន្ត្រីឥណ្ឌា រួមទាំងថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Kiren Rijiju រដ្ឋមន្ត្រីក្រសួងកិច្ចការសភា និងជនជាតិភាគតិចឥណ្ឌា |
លោក Kiren Rijiju បានសម្តែងការកោតសរសើរចំពោះការរៀបចំក្នុងទ្រង់ទ្រាយធំ និងហ្មត់ចត់របស់ម្ចាស់ផ្ទះវៀតណាមក្នុងពិធីបុណ្យវិសាខបូជានេះ។ លោកបានសម្តែងនូវក្តីរីករាយដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។
លោក Luong Cuong ប្រធានរដ្ឋ បានស្វាគមន៍វៀតណាម និងឥណ្ឌា បន្តពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ និងគ្រប់កម្រិត អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ កិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា។ លោកប្រធានរដ្ឋ បានស្នើឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិប្បញ្ញត្តិ ជាពិសេសបទពិសោធន៍ក្នុងការដោះស្រាយឧបសគ្គផ្នែកច្បាប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Kiren Rijiju រដ្ឋមន្ត្រីក្រសួងកិច្ចការសភា និងជនជាតិភាគតិចឥណ្ឌា |
លោក Luong Cuong ប្រធានរដ្ឋ និងលោក Kiren Rijiju បានឯកភាពថា ប្រទេសទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សមស្របនឹងសក្តានុពលនៃប្រទេសទាំងពីរ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។
លោក Kiren Rijiju បានអះអាងសារជាថ្មីអំពីគោលនយោបាយជាប់លាប់របស់ឥណ្ឌាក្នុងការបន្តជំរុញគោលនយោបាយ "សកម្មភាពខាងកើត" ដោយចាត់ទុកអាស៊ាន រួមទាំងវៀតណាមជាសសរស្តម្ភក្នុងគោលនយោបាយការបរទេសរបស់ឥណ្ឌា។ លោក Kiren Rijiju ក៏បានសង្កត់ធ្ងន់លើគោលជំហរឥតងាករេរបស់ឥណ្ឌាចំពោះបញ្ហាសមុទ្រខាងកើត ដែលក្នុងនោះឥណ្ឌាបានសម្តែងការគាំទ្រម្តងហើយម្តងទៀតចំពោះគោលការណ៍គោរពច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
លោក Luong Cuong ប្រធានរដ្ឋ បានឯកភាពថា ក្នុងស្ថានភាពពិភពលោកដ៏ស្មុគស្មាញ ប្រទេសទាំងពីរត្រូវបន្តសម្របសម្រួលឱ្យបានល្អ និងពិគ្រោះយោបល់គ្នាទៅវិញទៅមកលើបញ្ហាពហុភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan