នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Anura Kumara Dissanayaka ប្រធានាធិបតីក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងមានប្រសាសន៍ក្នុងពិធីបើកពិធីបុណ្យវិសាខបូជា ហើយថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីដែលបានផ្ញើលិខិតអបអរសាទរក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោក Anura Kumara Dissanayaka ប្រធានាធិបតី ក្នុងជំនួប

លោក Anura Kumara Dissanayaka ប្រធានាធិបតី បានសង្កត់ធ្ងន់ថា វៀតណាម និងស្រីលង្កាមានទំនាក់ទំនងមិត្តភាពជិតស្និទ្ធិ និងតែងតែគាំទ្រគ្នាទៅវិញទៅមក។ លោកប្រធានាធិបតីបានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលគួរឲ្យកត់សម្គាល់របស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បន្ទាប់ពីរយៈពេល ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ។ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតក្នុងពិភពលោក ដោយមានតួនាទី និងកិត្យានុភាពត្រូវបានលើកកំពស់ដោយឥតឈប់ឈរ។ ស្រីលង្កា មានបំណងចង់រៀនពីបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កំណែទម្រង់រដ្ឋបាល ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន និងអភិបាលកិច្ច។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងស្រីលង្កាក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមក។ ប្រទេសទាំងពីរបានកសាងទំនុកចិត្តជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យជាច្រើន ជាពិសេសនយោបាយ កិច្ចការបរទេស វប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពយូរអង្វែង ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនិងស៊ីជម្រៅ ដើម្បីលើកកម្ពស់ទំនាក់ទំនងឡើងកំពស់ថ្មី នាំមកនូវផលប្រយោជន៍រួម និងរួមចំណែកដល់ការអភិវឌ្ឍ និងស្ថិរភាពក្នុងតំបន់។

លោក To Lam អគ្គលេខាបក្ស និងលោក Anura Kumara Dissanayaka ប្រធានាធិបតី បានឯកភាពបន្តពង្រឹងទំនុកចិត្ត និងជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបក្សកាន់អំណាចទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ ជម្រុញឲ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្លាយជាសសរស្តម្ភថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនោះ បង្កើតនូវរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមចំណែកឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក។

ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អប់រំ វប្បធម៌ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងសាសនា ព្រមទាំងជំរុញការបើកជើងហោះហើរត្រង់ ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពសហការគ្នាកាន់តែជិតស្និទ្ធ និងបង្កើនការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង៕

បកប្រែដោយ Thuy Anh