អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីគោលបំណង និងអត្ថន័យ​ នៃដំណើរទស្សនកិច្ច ជួបប្រាស្រ័យមិត្តភាព ហើយរួមផ្សំនឹងការហ្វឹកហាត់តាមសមុទ្រលើកនេះ?

លោកវរសេនីយ៍ឯក Nguyen Dinh Giang៖ ចាប់ពីថ្ងៃទី ៥ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា នាវាក្តោងលេខ​២៨៦-Le Quy Don នឹងធ្វើទស្សនកិច្ច ជួបប្រាស្រ័យមិត្តភាពជាមួយកងទ័ពជើងទឹកចិន និងហ្វីលីពីន ហើយរួមផ្សំជាមួយការហ្វឹកហាត់តាមសមុទ្រ។ ដំណើរទស្សនកិច្ច ជួបប្រាស្រ័យមិត្តភាពលើកនេះ ក្នុង​គោលបំណងបន្តអនុវត្តទស្សនៈដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងកងទ័ពជើងទឹក ស្តីពីការធ្វើ​សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកប្រជាជនវៀតណាម ជាមួយ​កងទ័ពជើងទឹកចិន និងហ្វីលីពីន។ លើសពីនេះ ដំណើរទស្សនកិច្ចលើក​នេះក៏មានគោលបំណងបង្កើតចំណុចលេខធ្លោមួយក្នុងឆ្នាំរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Dinh Giang នាយករងនៃវិទ្យាស្ថានកងទ័ពជើងទឹក

នេះក៏ជាបេសកកម្មដ៏សំខាន់របស់យើងខ្ញុំក្នុងឆ្នាំ ២០២៥ ដែលជាឱកាសសម្រាប់សិក្ខាកាមបង្កើនសមត្ថភាពក្នុងការរៀបចំបញ្ជា ការប្រើប្រាស់ឧបករណ៍បច្ចេកទេសនៅលើនាវា និងជំនាញក្នុងការដោះស្រាយស្ថានភាពនៅក្នុងតំបន់សមុទ្រអន្តរជាតិ។

អ្នកយកព័ត៌មាន៖ តើសកម្មភាពសំខាន់ៗក្នុងដំណើរទស្សនកិច្ចនេះជាអ្វីខ្លះ?

លោកវរសេនីយ៍ឯក Nguyen Dinh Giang៖ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ច ជួបប្រាស្រ័យមិត្តភាពនៅប្រទេសចិន និងហ្វីលីពីន គណៈប្រតិភូនឹងអញ្ជើញ​ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃកងទ័ពជើងទឹកយុទ្ធភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពីន រួមទាំងទទួលស្វាគមន៍នាយទាហាន និងនាវិកនៃកងទ័ពជើងទឹកប្រទេសមិត្តមកទស្សនានាវាក្តោងលេខ២៨៦-Le Quy Don ហើយ​និងរៀបចំពិធីជប់លៀងនៅលើនាវា។

លើសពីនេះ គណៈប្រតិភូនឹងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងចូល​រួម​ប្រកួតកីឡាជាមួយកងទ័ពជើងទឹកនៃប្រទេសមិត្ត ទស្សនាតំបន់ប្រវត្តិសាស្ត្រមួយចំនួនដែលទាក់ទងនឹងបដិវត្តន៍វៀតណាម និងតំបន់វប្បធម៌ប្រវត្តិសាស្ត្រមួយ​ចំនួន​នៅទីក្រុងក្វាងចូវ (ប្រទេសចិន)។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងដូចម្តេចអំពីការងារត្រៀមរៀបចំសម្រាប់ការធ្វើដំណើរទស្សនកិច្ចលើកនេះ?

លោកវរសេនីយ៍ឯក Nguyen Dinh Giang៖ ដើម្បីបំពេញបេសកកម្មទស្សនកិច្ច និងជួបប្រាស្រ័យមិត្តភាពលើកនេះប្រកបដោយជោគជ័យ វិទ្យាស្ថានកងទ័ពជើងទឹកបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម  អគ្គសេនាធិការដ្ឋាន​នៃកងទ័ពប្រជាជនវៀតណាម និងប្រភេទទ័ពជើងទឹក ដើម្បីបំពេញការងារត្រៀមរៀបចំឲ្យបានល្អ ទាំងមនុស្ស នាវា សម្ភារៈបច្ចេកទេស ភស្តុភារ បច្ចេកវិទ្យា ហិរញ្ញវត្ថុ សម្រាប់ការធ្វើដំណើរទស្សនកិច្ច ព្រមទាំងរៀបចំកម្មវិធីសម្រាប់ជំនួបប្រាស្រ័យនានា​ និង​ផែនការហ្វឹកហាត់លើសមុទ្រសម្រាប់សិក្ខាកាម រួមទាំង​អនុវត្តការងារធានាផ្សេងៗសម្រាប់ភារកិច្ច​ការបរទេស។

leftcenterrightdel
នាវាក្តោងលេខ​២៨៦​-Le Quy Don ត្រៀមជាស្រេចចេញដំណើរទៅបំពេញភារកិច្ចការបរទេសនៅឆ្នាំ២០២៥

អ្នកយកព័ត៌មាន៖ ពីលទ្ធផលនៃដំណើរទស្សនកិច្ចកន្លងមក តើមានបទពិសោធន៍អ្វីខ្លះដែលអាចអនុវត្តបានដើម្បីបំពេញភារកិច្ច​​លើក​នេះដោយជោគជ័យ?

លោកវរសេនីយ៍ឯក Nguyen Dinh Giang៖ ប៉ុន្មានឆ្នាំមកនេះ នាវាក្តោងលេខ​២៨៦​-Le Quy Don នៃវិទ្យាស្ថានកងទ័ពជើងទឹក បានបំពេញដោយជោគជ័យនូវដំណើរទស្សនកិច្ចជាច្រើនទៅកាន់បណ្តាប្រទេសក្នុងតំបន់។ ដើម្បីសម្រេចបានលទ្ធផលនោះ វិទ្យាស្ថានបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេស និងកងទ័ពជើងទឹក ធ្វើបានល្អ​ការងារតៀមរៀបចំ ការកសាងផែនការ ការធានាមធ្យោបាយ ហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការធ្វើដំណើរ។

ដំណើរទស្សនកិច្ចនីមួយៗរបស់នាវាក្តោងលេខ​២៨៦-Le Quy Don គឺជាសកម្មភាពមានលក្ខណៈពិសេសមួយ ដែលប្រព្រឹត្តទៅក្នុងបរិយាកាសពហុវប្បធម៌ ដូច្នេះហើយសមាជិកនៃគណៈប្រតិភូត្រូវគោរពវិន័យយ៉ាងម៉ឺងម៉ាត់ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវជានិច្ច ព្រមទាំង​ត្រូវ​បាន​ផ្សាព្វផ្សាយយ៉ាងពេញលេញអំពីការការគោរពច្បាប់វៀតណាម ច្បាប់ប្រទេសមិត្ត និងបទប្បញ្ញត្តិនៅពេលចូលរួមក្នុងសកម្មភាពការបរទេស អនុវត្តភារកិច្ចដែលបានប្រគល់ជូនឱ្យបានត្រឹមត្រូវ ធានាសន្តិសុខ និងសុវត្ថិភាពក្នុងការធ្វើដំណើរ។ លើសពីនេះ ការព្យាករណ៍ស្ថានការណ៍ដែលអាចកើតមានឡើងក្នុងអំឡុងពេលធ្វើដំណើរ និងការ​រៀបចំផែនការដោះស្រាយ ក៏ជាភារកិច្ចមួយដែលត្រូវបានគណៈប្រតិភូទាំងឡាយអនុវត្តយ៉ាងម៉ឺងម៉ាត់មុនពេលធ្វើដំណើរនីមួយៗដែរ។ ទាំងនេះគឺជាបទពិសោធន៍ដ៏សំខាន់សម្រាប់យើងខ្ញុំបន្តប្តេជ្ញាចិត្តបំពេញ​​ដំណើរ​ទស្សនកិច្ចលើកនេះដោយ​ជោគជ័យ​៕

អ្នកយកព័ត៌មាន៖ សូមអរគុណ!

បកប្រែដោយ​ Duy Hoan