លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្លៃនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ដោយចាត់ទុកថាវាជារដ្ឋធម្មនុញ្ញសម្រាប់មហាសមុទ្រ បង្កើតក្របខ័ណ្ឌច្បាប់ដើម្បីគ្រប់គ្រងរាល់សកម្មភាពនៅសមុទ្រ និងជាមូលដ្ឋានគ្រឹះសម្រាប់ការរក្សាសណ្តាប់ធ្នាប់ ការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រ និងបម្រើការអភិវឌ្ឍនៅតំបន់សមុទ្រនានា មហាសមុទ្រ រួមទាំងសមុទ្រខាងកើតផង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានអះអាងជាថ្មីនូវគោលនយោបាយជាប់លាប់របស់វៀតណាមក្នុងការគោរពយ៉ាងម៉ឺងម៉ាត់ និងអនុលោមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 និងការដោះស្រាយដោយសន្តិវិធីចំពោះរាល់ការខ្វែងគំនិត និងជម្លោះនានា រួមទាំងជម្លោះទាក់ទងនឹងសមុទ្រផង។ លោកនាយករដ្ឋមន្ត្រីអបអរសាទរ និងវាយតំលៃខ្ពស់​ចំពោះតួនាទីរបស់ ITLOS ក្នុងការគាំទ្រប្រទេសនានាដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ទាក់ទងនឹងការបកស្រាយ និងការអនុវត្ត UNCLOS 1982 នាពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ITLOS គឺជាវេទិកាមួយដែលប្រទេសជាសមាជិកទាំងអស់ មិនថាធំ ឬតូច អាចប្រើដើម្បីបង្ហាញទស្សនៈលើបញ្ហាផ្លូវច្បាប់អំពីសមុទ្រ ក៏ដូចជាការពារសិទ្ធិស្របច្បាប់របស់ខ្លួន។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យ ITLOS បន្តជួយវៀតណាមក្នុងការបង្កើនការបណ្តុះបណ្តាលកម្មាភិបាលឲ្យមានចំណេះដឹងស៊ីជម្រៅអំពីច្បាប់អន្តរជាតិ រួមទាំងច្បាប់សមុទ្រអន្តរជាតិ ដើម្បីវៀតណាមមានក្រុមមេធាវីដែលមានសមត្ថភាពអាចធ្វើការក្នុងបរិយាកាសអន្តរជាតិ ចូលរួមក្នុងការដោះស្រាយវិវាទអន្តរជាតិ ក៏ដូចជាធ្វើការនៅស្ថាប័នច្បាប់អន្តរជាតិ និងយន្តការពហុភាគីនានា។

ចំណែកលោក Tomas Heidar បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមដំណើររបស់រដ្ឋាភិបាលវៀតណាមជាមួយ ITLOS ក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់លើកនេះ។ លោកបានចែករំលែកថាវៀតណាមជាទីតាំងសមស្របសម្រាប់រៀបចំព្រឹត្តិការណ៍នេះ ព្រោះជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសមុទ្រ មិនត្រឹមតែលើទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងការសន្យារយៈពេលវែងរបស់វៀតណាមចំពោះ UNCLOS 1982 ដែលបានបង្ហាញតាមរយៈសកម្មភាពជាក់លាក់ដូចជាការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រលើកទី៣ និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចុះហត្ថលេខាផ្តល់សច្ចាប័នលើ UNCLOS 1982៕

បកប្រែដោយ Thanh Cong