នាព្រឹកថ្ងៃទី៥ ខែឧសភា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះលោក Anura Kumara Dissanayaka ប្រធានាធិបតី និងគណៈប្រតិភូជាន់ខ្ពស់ស្រីលង្កា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋ លោក Luong Cuong ប្រធានរដ្ឋ និងប្រធានាធិបតីស្រីលង្កាបានធ្វើកាជួបពិភាក្សាគ្នា។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Anura Kumara Dissanayaka ប្រធានាធិបតីស្រីលង្កា

ភាគីទាំងពីរបានឯកភាពជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ស្រាវជ្រាវលទ្ធភាពនៃការលើកតម្កើងទំនាក់ទំនង នៅពេលដែលលក្ខខណ្ឌនិងការព្រមព្រៀងគ្នាទៅវិញទៅមកអនុញ្ញាត។ ដោយសង្កត់ធ្ងន់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរនៅមានច្រើនណាស់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាព ជួយសម្រួលដល់ការបើកទីផ្សារសម្រាប់មុខទំនិញដែលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ សំដៅធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគីបន្ថែមទៀត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោកប្រធានាធិបតីស្រីលង្កាបានអះអាងថា នឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីលើកទឹកចិត្តសហគ្រាសវៀតណាមមកបណ្តាក់ទុនលើវិស័យយុទ្ធសាស្ត្រដែលស្រីលង្កាមានតម្រូវការខ្ពស់ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ អប់រំ សុខាភិបាល កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ ការលក់រាយ ឡូជីស្ទិក និងទេសចរណ៍។ ទន្ទឹមនឹងនោះ ស្រីលង្កាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យកសិកម្ម សន្តិសុខស្បៀងអាហារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ វប្បធម៌ សាសនា សុខាភិបាល ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន បង្កើនការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងលើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរឱ្យពិចារណាបើកជើងហោះហើរត្រង់។

បន្ទាប់ពីកិច្ចពិភាក្សា លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Anura Kumara Dissanayaka ប្រធានាធិបតីស្រីលង្កា បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៥ ក្នុងវិស័យការទូត ពាណិជ្ជកម្ម ពន្ធគយ កសិកម្ម និងការផលិតគ្រឿងម៉ាស៊ីន។

នារសៀលថ្ងៃទី ៥ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Anura Kumara Dissanayaka ប្រធានាធិបតីស្រីលង្កា។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Anura Kumara Dissanayaka ប្រធានាធិបតីស្រីលង្កា

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Anura Kumara Dissanayaka ប្រធានាធិបតីស្រីលង្កា បានឯកភាពថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងការជឿទុកចិត្តខាងនយោបាយខ្ពស់ ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មីមួយនៅពេលដែលលក្ខខណ្ឌ និងការព្រមព្រៀងគ្នាទៅវិញទៅមកអនុញ្ញាតនាពេលឆាប់ៗខាងមុខនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ភាគីទាំងពីរបានឯកភាពផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបជុំថ្នាក់ជាន់ខ្ពស់ឱ្យទៀងទាត់ជាងមុន រៀបចំ និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសគណៈកម្មការចម្រុះ និងអនុគណៈកម្មការពាណិជ្ជកម្ម បន្តពិនិត្យ ឡើងវិញ បំពេញបន្ថែម ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងលើកឡើងយន្តការ ទម្រង់ និងសកម្មភាពសហប្រតិបត្តិការថ្មី សម្បូរបែប សមស្របទៅនឹងលក្ខខណ្ឌ និងតម្រូវការរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដោយផ្អែកលើសក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ អនុវត្តវិធានការជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងទម្រង់ផ្សេងៗ និងពិចារណាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងគាំពារ និងលើកទឹកចិត្តការវិនិយោគនាពេលខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាថ្មី។

ថ្នាក់ដឹកនាំទាំងពីរបានវាយតំលៃខ្ពស់ចំពោះការដែលវៀតណាម និងស្រីលង្កាចែករំលែកទស្សនៈរួមជាច្រើនលើបញ្ហាតំបន់ និងពិភពលោក ហើយបានឯកភាពថា ក្នុងបរិបទនៃស្ថានការណ៍ក្នុងតំបន់ និងពិភពលោកដែលមានការប្រែប្រួលជាច្រើននោះ ប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក និងក្លាយជាមិត្តជិតស្និទ្ធ និងគួរឱ្យទុកចិត្តនៅវេទិកាពហុភាគីក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang