ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កាហ្សាក់ស្ថាន
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថានរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នាល្ងាចថ្ងៃទី ៥ ខែឧសភា នៅរដ្ឋធានី Astana លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសវនាការជាមួយលោកឧត្តមសេនីយ៍ឯក Ruslan Zhaksylykov រដ្ឋមន្ត្រីក្រសួងការពារជាតិកាហ្សាក់ស្ថាន។
លោក Zhaksylykov រដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលអមដំណើរលោក To Lam អគ្គលេខាបក្ស ទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាន ព្រមទាំងចាត់ទុកថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោក Zhaksylykov រដ្ឋមន្ត្រីបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ហើយសង្ឃឹមថានាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងមានសកម្មភាពសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើនថែមទៀត ជាពិសេសលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងសមស្របទៅនឹងតម្រូវការ និងសមត្ថភាពរបស់ភាគីនីមួយៗ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសកាហ្សាក់ស្ថានដ៏ស្រស់ស្អាត និងពោរពេញទៅដោយប្រពៃណីវប្បធម៌។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃក្រសួងការពារជាតិកាហ្សាក់ស្ថាននិយាយរួម ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសម័យសង្គ្រាមការពារជាតិដ៏មហិមា។
ដោយពិនិត្យឡើងវិញនូវលទ្ធផលវិជ្ជមានមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកាហ្សាក់ស្ថានក្នុងរយៈពេលកន្លងមក លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា ក្រសួងការពារប្រទេសវៀតណាមបានចាត់បញ្ជូនគណៈប្រតិភូជាច្រើនទៅបំពេញទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន។ តាមរយៈដំណើរទស្សនកិច្ចការងារទាំងនោះ ស្ថាប័ន និងអង្គភាពនៃភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីលទ្ធភាពសហប្រតិបត្តិការ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានចាត់ទុកថាសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកាហ្សាក់ស្ថាន នៅមានច្រើនណាស់នាពេលខាងមុខ។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជួបសវនាការជាមួយលោកឧត្តមសេនីយ៍ឯក Ruslan Zhaksylykov រដ្ឋមន្ត្រីក្រសួងការពារជាតិកាហ្សាក់ស្ថាន |
ដោយឈរលើមូលដ្ឋាននោះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញការអនុវត្តទិសដៅសហប្រតិបត្តិការលើវិស័យការពារជាតិមួយចំនួននាពេលខាងមុខរួមមាន៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ស្វែងយល់ពីតម្រូវការ និងប្រៀបខ្លាំងរបស់ភាគីនីមួយៗក្នុងវិស័យការពារជាតិ និងបច្ចេកវិទ្យាយោធា កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសការពារជាតិនៃប្រទេសទាំងពីរជួបជុំគ្នា និងស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការក្នុងនោះ ក្រសួងការពារប្រទេសវៀតណាមស្វាគមន៍សហគ្រាស គ្រឹះស្ថានឧស្សាហកម្មការពារជាតិរបស់កាហ្សាក់ស្ថាន ចូលរួមការតាំងបង្ហាញផលិតផលនៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ស្រាវជ្រាវ ជំរុញការផ្លាស់ប្តូរបទពិសោធន៍ ជំនាញវិជ្ជាជីវៈ និងលើកកំពស់សមត្ថភាពក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ស្រាវជ្រាវជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល និងកសាងធនធានមនុស្ស។ល។
រដ្ឋមន្ត្រីទាំងពីរបានឯកភាពដឹកនាំស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារជាតិទាំងពីរ ជំរុញ និងអនុវត្តយ៉ាងសកម្មនូវលទ្ធផល និងខ្លឹមសារដែលបានឯកភាពក្នុងកិច្ចពិភាក្សា៕
បកប្រែដោយ Huyen Trang