រុស្ស៊ីមានសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម មកចូលរួមពិធីព្យុះហយាត្រា ក្នុងឱកាសទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា
កប.អនឡាញ - លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា រុស្ស៊ីមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានស្វាគមន៍លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម អញ្ជើញមកចូលរួមពិធីព្យុះហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា (៩ ឧសភា ១៩៤៥ / ៩ ឧសភា ២០២៥) នៅទីលានក្រហមក្នុងទីក្រុងម៉ូស្គូ។
ក្នុងអត្ថបទមួយក្រោមចំណងជើងថា “រុស្ស៊ី និងវៀតណាម៖ ៧៥ ឆ្នាំនៃមិត្តភាព ទំនុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក” ចុះផ្សាយក្នុងទស្សនាវដ្ដី “ជីវភាពអន្តរជាតិ” លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអះអាងថា៖ “មេដឹកនាំបរទេសជាង ២០ នាក់ នឹងមកទីក្រុងមូស្គូ ដើម្បីចូលរួមពិធីក្នុងខែឧសភា។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានស្វាគមន៍ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម”។
    |
 |
លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី (រូបថត៖ TASS) |
ដោយសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ី និងវៀតណាម លោក Sergei Lavrov លើកឡើងថា គ្មានអ្វីអាចរារាំងទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ដូចជាលំហូរបន្តនៃទន្លេមេគង្គ។ បើតាមប្រមុខក្រសួងការបរទេសរុស្ស៊ី ការពិតទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានឆ្លងកាត់ការសាកល្បងពីពេលវេលា។ លោក Lavrov លើកច្បាស់ថា "យើងពិតជារំភើបចិត្ដណាស់ដែលដឹងថា មិត្តវៀតណាមរបស់យើងនៅតែចងចាំការគាំទ្រពីសហភាពសូវៀតកាលពីមុនក្នុងអំឡុងពេលសង្រ្គាម និងនៅពេលវៀតណាមកសាងឡើងវិញក្រោយសង្គ្រាម"។
ដោយឈរលើមូលដ្ឋានប្រវត្តិសាស្ត្រដ៏រឹងមាំ ទំនាក់ទំនងរវាងរុស្ស៊ី និងវៀតណាមកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងដំណាក់កាលបច្ចុប្បន្ន។ ភាគីទាំងពីរចែករំលែកទស្សនៈរួមសម្រាប់ស្ថានភាពពិភពលោក ការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដោយផ្អែកលើកិច្ចសហប្រតិបត្តិការ និងតុល្យភាពផលប្រយោជន៍របស់ប្រទេសទាំងអស់។ លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីឲ្យដឹងថា៖ រុស្ស៊ីវាយតំលៃខ្ពស់ចំពោះសម្លេងតុល្យភាពរបស់វៀតណាមនៅវេទិកាពហុភាគីដូចជា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)... លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា "យើងខ្ញុំ រួមជាមួយមិត្តវៀតណាមនឹងបន្តខិតខំអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ពង្រឹងពិភពលោកពហុប៉ូល និងវិបុលភាពរួម"៕
បកប្រែដោយ Pham Diep