យ៉ាងណាក៏ដោយ ដើម្បីរក្សាសន្ទុះកំណើនប្រកបដោយចីរភាព វៀតណាមត្រូវបន្តសម្របខ្លួនយ៉ាងសកម្ម និងជំរុញការធ្វើកំណែទម្រង់ក្នុងបរិបទនៃបរិយាកាសខាងក្រៅដែលងាយរងផលប៉ះពាល់។

leftcenterrightdel
វៀតណាមបានចាប់ផ្តើមឆ្នាំ ២០២៥ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦.៩៣% នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ (រូបថត៖ vnanet.vn)

កំណើនជាវិជ្ជមាន និងការយកចិត្តទុកដាក់ពីអន្តរជាតិ

វៀតណាមបានចាប់ផ្តើមឆ្នាំ ២០២៥ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦.៩៣% នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ដោយបន្តការងើបឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍នៃឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៧.០៩%។ តួលេខទាំងនេះមួយផ្នែកបានឆ្លុះបញ្ចាំងពីភាពបត់បែនរបស់វៀតណាមក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមខាងក្រៅ។

ក្នុងជំនួបជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Tianjin 2025 ប្រធានបណ្តោះអាសន្ន WEF លោក Peter Brabeck-Letmathe បានអះអាងថា វៀតណាមកំពុងបង្ហាញតួនាទីយ៉ាងច្បាស់លាស់ក្នុងបណ្តាញសេដ្ឋកិច្ចពិភពលោក។ យោងតាមលោក ការគ្រប់គ្រងដែលអាចបត់បែនបាន និងគោលនយោបាយការបរទេសស្វ័យភាពបានបង្កើតការទាក់ទាញយ៉ាងខ្លាំងសម្រាប់សហគមន៍ធុរកិច្ចអន្តរជាតិ។ លើសពីនេះ អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងវៀតណាម និង WEF ដែលបានចុះហត្ថលេខានៅទីក្រុង Tianjin ឆ្នាំ ២០២៣ បានរួមចំណែកក្នុងការតភ្ជាប់វៀតណាមជាមួយសាជីវកម្មពិភពលោកជាច្រើន ពង្រីកឱកាសទាក់ទាញការវិនិយោគបរទេសប្រកបដោយគុណភាពខ្ពស់។

យល់ស្របជាមួយនិងទស្សនៈនេះ លោក Borge Brende ប្រធានប្រតិបត្តិ WEF បានវាយតំលៃខ្ពស់ចំពោះគោលដៅកំណើនពីរខ្ទង់ដែលវៀតណាមឆ្ពោះទៅរកក្នុងទសវត្សរ៍ក្រោយ ដោយចាត់ទុកថានេះជាយុទ្ធសាស្ត្រដែលអាចធ្វើទៅបានប្រសិនបើវៀតណាមរក្សាបាននូវសន្ទុះបច្ចុប្បន្នរបស់ខ្លួន។

ទន្ទឹមនឹងនេះ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) នៅក្នុងរបាយការណ៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៥ របស់ខ្លួនដែលបានចេញផ្សាយនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា វៀតណាមបានបោះជំហានយ៉ាងសំខាន់ក្នុងរយៈពេលវែង។ ប្រធានសេដ្ឋវិទូរបស់ OECD លោក Alvaro Pereira បានសម្តែងការជឿជាក់ថា វៀតណាមមានសមត្ថភាពពេញលេញក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ហើយថែមទាំងអាចសម្រេចបានវាឆាប់ៗ ប្រសិនបើប្រទេសនេះបន្តរក្សាកិច្ចខិតខំប្រឹងប្រែងធ្វើការកំណែទម្រង់ និងសមាហរណកម្មរបស់ខ្លួន។

តាមទស្សនៈវិស័យឯកជន ធនាគារ UOB ក៏បានកត់សម្គាល់នូវសញ្ញាច្បាស់លាស់នៃការងើបឡើងវិញនៅក្នុងសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី ២ ឆ្នាំ២០២៥។ យោងតាមការព្យាករណ៍ចុងក្រោយ GDP ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ ៦.១% ដោយសារគោលនយោបាយពន្យារពន្ធរបស់សហរដ្ឋអាមេរិក និងភាពសកម្មរបស់រដ្ឋាភិបាល និងអាជីវកម្មវៀតណាម។ ទន្ទឹមនឹងនោះ ការស្ទង់មតិរបស់ UOB បានបង្ហាញថា ៦០% នៃអាជីវកម្មវៀតណាម នៅតែមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យកំណើននៅឆ្នាំខាងមុខ ហើយជិតពាក់កណ្តាលមានផែនការពង្រីកទៅកាន់ទីផ្សារអន្តរជាតិ។

ហានិភ័យខាងក្រៅនៅតែលាក់ខ្លួន

ទោះបីជាមានសញ្ញាកំណើនវិជ្ជមានក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសពីបរិយាកាសខាងក្រៅ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ទស្សនវិស័យកំណើនរបស់វៀតណាមពឹងផ្អែកយ៉ាងខ្លាំងទៅលើលទ្ធផលនៃការចរចាពាណិជ្ជកម្ម ខណៈដែលភាពមិនប្រាកដប្រជាជាសកលនៅតែមានកម្រិតខ្ពស់។

លោក Paulo Medas ប្រធានបេសកកម្ម IMF ប្រចាំនៅវៀតណាមបានកត់សម្គាល់ថា បើនិយាយពីបរិយាកាសខាងក្រៅ ភាពតានតឹងពាណិជ្ជកម្មកើនឡើងនឹងបង្កើតបញ្ហាប្រឈមសម្រាប់សហគ្រាសនាំចេញ។ ក្នុងស្រុក សម្ពាធហិរញ្ញវត្ថុក៏អាចកើនឡើងផងដែរ ដោយសារលក្ខខណ្ឌឥណទានតឹងតែង និងកម្រិតបំណុលសាជីវកម្មខ្ពស់។

គួរកត់សម្គាល់ថា UOB និង IMF ទាំងពីរបានលើកឡើងពីផលប៉ះពាល់នៃគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។ ការប្រកាសរបស់សហរដ្ឋអាមេរិកអំពីពន្ធបដិការ ៤៦% លើផលិតផលនាំចេញរបស់វៀតណាមមួយចំនួននៅដើមខែមេសា ឆ្នាំ២០២៥ បានបង្កការព្រួយបារម្ភនៅក្នុងទីផ្សារពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកសហរដ្ឋអាមេរិកបានពន្យារពេលការអនុវត្តរយៈពេល ៩០ ថ្ងៃដើម្បីទុកពេលសម្រាប់ការចរចា។ យោងតាម UOB ការនាំចេញរបស់វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើវិស័យសំខាន់ៗដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម វាយនភ័ណ្ឌ និងស្បែកជើង ដែលស្មើនឹងប្រហែល ៨០% នៃការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ដូច្នេះការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយពាណិជ្ជកម្មអាចមានផលប៉ះពាល់យ៉ាងខ្លាំង។

ការសម្របខ្លួន និងការធ្វើកំណែទម្រង់យ៉ាងសកម្ម គឺជាមូលដ្ឋានគ្រឹះ

ក្នុងបរិបទនៃហានិភ័យជាច្រើន អង្គការអន្តរជាតិបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញការធ្វើកំណែទម្រង់។ IMF ជឿជាក់ថា គោលនយោបាយសារពើពន្ធគួរតែដើរតួនាទីឈានមុខគេក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ជាពិសេសនៅពេលដែលកម្រិតបំណុលសាធារណៈរបស់វៀតណាមនៅទាបនៅឡើយ។ ទន្ទឹមនឹងនោះ ការពន្លឿនការវិនិយោគសាធារណៈ និងការពង្រីកបណ្តាញសុវត្ថិភាពសង្គមនឹងជួយបង្កើតមូលដ្ឋានគ្រឹះ ដើម្បីគាំទ្រដល់កំណើនរយៈពេលខ្លី។

ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុ IMF ផ្តល់អនុសាសន៍ឱ្យផ្តោតលើការធ្វើឱ្យមានភាពនឹងនក្នុងការរំពឹងទុកអតិផរណា និងអនុញ្ញាតឱ្យអត្រាប្តូរប្រាក់ដែលអាចបត់បែនបានបន្ថែមទៀតដើម្បីសម្របទៅនឹងផលប៉ះពាល់ខាងក្រៅ។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មក្របខ័ណ្ឌគ្រប់គ្រងរូបិយវត្ថុ នឹងរួមចំណែកដល់ការកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រង។

OECD សង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើកំណែទម្រង់ស្ថាប័ន រួមទាំងការពង្រីកមូលដ្ឋានពន្ធ ការកែលម្អប្រព័ន្ធសុខុមាលភាពសង្គម និងការលើកកម្ពស់ថាមពលកកើតឡើងវិញ។ ជាពិសេស ការទាក់ទាញ FDI ដែលមានគុណភាពខ្ពស់ ចាំបាច់ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការពង្រឹងសមត្ថភាពផ្ទៃក្នុង ការពារកម្មសិទ្ធិបញ្ញា និងអភិវឌ្ឍធនធានមនុស្ស។

ខាងផ្នែកធុរកិច្ច ការស្ទង់មតិរបស់ UOB បង្ហាញថា ប្រហែល ៨០% នៃសហគ្រាសដែលផ្តោតលើការនាំចេញបានឆ្លើយតបយ៉ាងសកម្មចំពោះហានិភ័យពន្ធដារជាមួយនឹងដំណោះស្រាយជាច្រើន៖ ពីការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើនការធ្វើមូលដ្ឋានីយកម្ម ដល់ការវិនិយោគក្នុងវិស័យឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស សហគ្រាសជាច្រើនកំពុងសម្លឹងរកមើលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងទីផ្សារអឺរ៉ុបជាគោលដៅសក្តានុពលដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារប្រពៃណីមួយចំនួន។

ទោះបីជាមានការលំបាកក្នុងរយៈពេលខ្លីក៏ដោយ ក៏ចក្ខុវិស័យរយៈពេលមធ្យម និងរយៈពេលវែងនៃសេដ្ឋកិច្ចវៀតណាមនៅតែត្រូវបានវាយតម្លៃជាវិជ្ជមានដោយអង្គការអន្តរជាតិ។ IMF និង OECD ទាំងពីរជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ ការតម្រង់ទិសកំណែទម្រង់ច្បាស់លាស់ និងភាពម្ចាស់ការពីវិស័យធុរកិច្ច វៀតណាមមានសមត្ថភាពពេញលេញក្នុងការរក្សាបាននូវសន្ទុះកំណើនស្ថិរភាព និងការកែលម្អជំហររបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល។

UOB បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមនឹងកើនឡើងដល់ ៦% នៅឆ្នាំ២០២៥ និងកើនឡើងដល់ ៦.៣% ក្នុងឆ្នាំ២០២៦។ ក្នុងបរិបទនៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចសកល ប្រសិនបើវៀតណាមរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើកំណែទម្រង់ កែលម្អផលិតភាព និងលើកកំពស់សមត្ថភាពប្រកួតប្រជែងនោះ វាអាចទទួលឱកាសថ្មីក្នុងការស្ទុះឈានទៅមុខ៕

បកប្រែដោយ Minh Trung