ផ្លូវគ្របដណ្តប់ដីភក់ត្រូវបានជំនួសដោយផ្លូវបេតុង ផ្ទះទ្រុឌទ្រោមត្រូវបានជំនួសដោយផ្ទះមហាសាមគ្គីរឹងមាំ។ ប៉ុន្តែ ការផ្លាស់ប្តូរជាក់ស្តែងបំផុតគឺផ្នត់គំនិត និងឆន្ទៈក្នុងការឈានឡើងរបស់ប្រជាជននៅទីនេះ។

ឃុំ Ngu Lac នៃស្រុក Duyen Hai ខេត្ត Tra Vinh (ចាស់) មានជនរួមជាតិខ្មែរស្មើ ៨៦% នៃចំនួនប្រជាជន ហើយធ្លាប់ត្រូវបានស្គាល់ថាជា “កន្លែងក្រីក្រជាងគេ” ដោយសារដីជ្រាបជាតិប្រៃ ពិបាកធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាជនជួបការលំបាកជាច្រើន។ ប៉ុន្តែ ដោយសារអនុវត្តកម្មវិធីគោលដៅជាតិនានា រួមមាន៖ កម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី កម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ជាពិសេសក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ ឃុំបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្រួសារជាង ៣,២០០ ខ្ចីប្រាក់ដើម្បីអភិវឌ្ឍផលិតកម្ម  និងផ្លាស់ប្ដូរការងារ ដោយថវិកាសរុបជាង ១១៨ ពាន់លានដុង។

leftcenterrightdel
កសិករឃុំ Long Hiep ខេត្ត Vinh Long ជាមួយហ្វូងគោ ដែលត្រូវបានទិញដោយទទួលបានប្រាក់ជំនួយពីកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព (រូបថត៖ vov.vn)

គ្រួសារគំរូមួយគឺគ្រួសាររបស់លោក Thach Bo។ នៅឆ្នាំ ២០២១ លោកខ្ចីប្រាក់ចំនួន ២០ លានដុង ដើម្បីទិញគោចិញ្ចឹម។ មិនត្រឹមតែទទួលបានដើមទុនប៉ុណ្ណោះទេ លោកក៏មានឱកាសចូលរួមវគ្គបណ្តុះបណ្តាលស្ដីពីបច្ចេកទេសចិញ្ចឹមសត្វផងដែរ។ ហ្វូងគោធំធាត់ល្អ នាំមកនូវប្រភពចំណូលស្ថិរភាព។ នៅឆ្នាំ២០២៣ លោកទទួលបានទុនឧបត្ថម្ភបន្ថែមចំនួន ៥០ លានដុងដើម្បីសាងសង់ផ្ទះមហាសាមគ្គី។ រួមជាមួយប្រាក់ពីការលក់គោ និងជំនួយពីសាច់ញាតិ លោកសង់បានផ្ទះជាមួយថវិកាជិត ១៥០ លានដុង។

នៅមិនឆ្ងាយប៉ុន្មានពីឃុំ Ngu Lac ឃុំ Long Hiep ស្រុក Tra Cu ខេត្ត Tra Vinh (ចាស់) ក៏មានជនរួមជាតិខ្មែរ ដែលប្រមាណជាង ៨០% នៃចំនួនប្រជាជន។ ក្នុងដំណាក់កាល ២០២១-២០២៥ ឃុំទទួលបានជាង ៥៤០ ពាន់លានដុងពីមជ្ឈិមនិងខេត្ត ក្នុងបំណងកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សាលារៀន និងជួយគ្រួសារក្រីក្រអភិវឌ្ឍផលិតកម្ម។ តាមរយៈនោះ អត្រានៃភាពក្រីក្របានថយចុះមកនៅខាងក្រោម ២%។

មិនត្រឹមតែឧបត្ថម្ភដើមទុនប៉ុណ្ណោះទេ មូលដ្ឋាននានាក៏បានបើកវគ្គបណ្តុះបណ្តាល ផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសផ្តោតលើការលើកកម្ពស់ការយល់ដឹងដើម្បីឲ្យប្រជាជនអាចឈានឡើង។ គ្រួសាររបស់លោក Thach Vien ជាគ្រួសារដែលបានរួចផុតពីភាពក្រីក្រ បញ្ជាក់ថា ការគាំទ្ររបស់រដ្ឋគឺជាកម្លាំងចលករ ប៉ុន្តែប្រជាជនខ្លួនឯងត្រូវតែខិតខំប្រឹងប្រែងដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

លោក Thach Vien ចែករំលែកថា៖ «នៅពេលដែលខ្ញុំទទួលបានប្រាក់ជំនួយពីរដ្ឋ ខ្ញុំមានកម្លាំងចលការសម្រាប់ឈានឡើង។ ពីមុន ខ្ញុំរស់នៅក្នុងផ្ទះទ្រុឌទ្រោម ពេលនេះខ្ញុំមានផ្ទះរឹងមាំ ខ្ញុំកាន់តែមានទំនុកចិត្តក្នុងជីវិត។ ប៉ុន្តែដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព ខ្ញុំត្រូវតែខិតខំថែមទៀត រដ្ឋអាចជួយខ្ញុំបានដល់កម្រិតមួយ»។

leftcenterrightdel
តំបន់ជនជាតិខ្មែរនៅ Tra Vinh នាថ្ងៃនេះ (រូបថត៖ vov.vn)

នៅឆ្នាំ២០២៥ ខេត្ត Vinh Long បានអនុវត្តគម្រោង ៩/១០ និងអនុគម្រោង ១០/១៤ ក្នុងកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច ដោយមានថវិកាសរុបជាង ២៨៤ ពាន់លានដុង រួមចំណែកកាត់បន្ថយអត្រាគ្រួសារជនជាតិខ្មែរក្រីក្រក្នុងខេត្តមកត្រឹម ១.៦%។

លោក Thach Mu Ni នាយករងមន្ទីរជនជាតិ និងសាសនាខេត្ត Vinh Long បានឲ្យដឹងថា ក្នុងដំណាក់កាល ២០២៥-២០៣០ ខេត្តនឹងបន្តវិនិយោគលើគ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់ក្រីក្រ និងគ្រួសារដែលទើបរួចផុតពីភាពក្រីក្រ។ ទន្ទឹមនឹងនេះ បង្កើនអ្នកទទួលផល បង្កើនកម្រិតកម្ចី និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ជួបការលំបាក។

ផ្ទះថ្មីធំទូលាយ ផ្លូវបេតុងត្រង់ និងស្នាមញញឹមរបស់ប្រជាជននៅភូមិជនជាតិខ្មែរនៅខេត្ត Vinh Long សព្វថ្ងៃនេះ គឺជាលទ្ធផលនៃគោលនយោបាយត្រឹមត្រូវ ស្របតាមទឹកចិត្តរបស់ប្រជាជន បើកអនាគតល្អ និងសុខដុមរមនា៕

បកប្រែដោយ Thuy Anh