ការអភិវឌ្ឍនេះមិនត្រឹមតែលើសពីការព្យាករណ៍របស់អង្គការអន្តរជាតិជាច្រើនប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងទំនុកចិត្តលើភាពធន់ និងសក្ដានុពលរបកគំហើញនៃសេដ្ឋកិច្ចវៀតណាមក្នុងបរិបទនៃបរិយាកាសសកលដែលប្រែប្រួល។

ដោយឈរលើមូលដ្ឋាននោះ អង្គការបរទេសមួយចំនួនបានកែសម្រួលការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២៥។ តាមនោះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 (AMRO) បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) ដល់ ៧% ដោយបញ្ជាក់ថា វៀតណាមអាចនាំមុខគេក្នុងតំបន់ទាក់ទងនឹងអត្រាកំណើននៅឆ្នាំនេះ។ ធនាគារ UOB (សិង្ហបុរី) ក៏បានកែសម្រួលការព្យាករណ៍របស់ខ្លួនពី ៦% ទៅ ៦.៩% ដោយសង្កត់ធ្ងន់លើសញ្ញាច្បាស់លាស់នៃការងើបឡើងវិញពីសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម។

leftcenterrightdel
កប៉ាល់ចូលចតនៅកំពង់ផែ Hai Phong (រូបថត៖ vnanet.vn)

ទោះបីជាមានជំហរប្រុងប្រយ័ត្នជាងនេះក៏ដោយ អង្គការដូចជាធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង Standard Chartered ក៏បានវាយតម្លៃខ្ពស់ចំពោះមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាពរបស់វៀតណាម និងសមត្ថភាពឆ្លើយតបដែលអាចបត់បែនបានក្នុងបរិយាកាសសេដ្ឋកិច្ចសកលដែលប្រែប្រួល។ នៅក្នុងរបាយការណ៍ដែលបានបោះពុម្ពផ្សាយក្នុងខែកក្កដា ឆ្នាំ២០២៥ ADB បាននិយាយថា ពាណិជ្ជកម្ម និងការវិនិយោគបន្តជាកត្តាជំរុញកំណើនសំខាន់ពីរ ខណៈពេលដែលកត់សម្គាល់ថា ការបញ្ចេញការវិនិយោគសាធារណៈនៅតែមានកម្រិតខ្ពស់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលរួមចំណែកដល់ការបង្កើតសន្ទុះសម្រាប់សេដ្ឋកិច្ច។

ចំណុចភ្លឺមួយទៀតដែលត្រូវបានសង្កត់ធ្ងន់ដោយអង្គការអន្តរជាតិគឺសន្ទុះកំណើននៃការនាំចេញ និងស្ថិរភាពនៃតុល្យភាពពាណិជ្ជកម្ម។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ចំណូលនាំចេញរបស់វៀតណាមសម្រេចបាន ២១៩ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៤% រួមចំណែករក្សាអតិរេកពាណិជ្ជកម្ម ពង្រឹងធនធានសម្រាប់អត្រាប្តូរប្រាក់ និងទុនបំរុងប្តូរប្រាក់បរទេស។

លើសពីនេះបរិយាកាសវិនិយោគរបស់វៀតណាម បន្តត្រូវបានវាយតម្លៃជាវិជ្ជមានដោយសហគមន៍ធុរកិច្ចបរទេស។ ដោយសារសាជីវកម្មពិភពលោកបង្កើនយុទ្ធសាស្រ្តខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ វៀតណាមកំពុងក្លាយជាគោលដៅទាក់ទាញ ដោយសារគុណសម្បត្តិមកពីភូមិសាស្ត្រនយោបាយ ផលិតភាពដែលអាចបត់បែនបាន និងបរិយាកាសអាជីវកម្មប្រសើរឡើង។

ការស្ទង់មតិពាក់កណ្តាលឆ្នាំ ២០២៥ ដោយសភាពាណិជ្ជកម្មអាមេរិកនៅវៀតណាម (AmCham) បានបង្ហាញថា ៦១% នៃអាជីវកម្មរក្សា ឬបង្កើនការជ្រើសរើសបុគ្គលិក ខណៈដែល ៥២% បានកត់ត្រាការកើនឡើងនៃប្រាក់ចំណូលធៀបនឹងរយៈពេលដូចគ្នា។ គួរកត់សម្គាល់ថា អាជីវកម្មជាច្រើនក្នុងវិស័យផលិតកម្ម ភស្តុភារ និងព័ត៌មានវិទ្យា បានឃើញការងើបឡើងវិញយ៉ាងខ្លាំង ដោយសារការផ្លាស់ប្តូរការបញ្ជាទិញទៅកាន់ទីផ្សារវៀតណាម។

ដូចគ្នានេះដែរ ការស្ទង់មតិសន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) សម្រាប់ត្រីមាសទី ២ ឆ្នាំ២០២៥ ដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) ឆ្លុះបញ្ចាំងពីសុទិដ្ឋិនិយមស្ថិរភាពក្នុងចំណោមសហគមន៍ធុរកិច្ចអឺរ៉ុបនៅវៀតណាម។ ជិតបីភាគបួននៃអ្នកឆ្លើយតបបាននិយាយថា ពួកគេមានឆន្ទៈណែនាំប្រទេសវៀតណាមជាគោលដៅវិនិយោគយុទ្ធសាស្ត្រ ជាពិសេសនៅពេលដែលភាពតានតឹងពាណិជ្ជកម្មពិភពលោកបង្ហាញសញ្ញានៃការថមថយ។

ទោះជាយ៉ាងណាក៏ដោយ បន្ថែមពីលើទស្សនវិស័យដ៏ភ្លឺស្វាង សញ្ញាមួយចំនួនបង្ហាញថាសេដ្ឋកិច្ចវៀតណាមនៅតែត្រូវត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) នៃវិស័យផលិតកម្មដែលត្រូវបានអង្កេតដោយ S&P Global បានបន្តធ្លាក់ចុះក្នុងរយៈពេលបីខែជាប់ៗគ្នា ដោយបិទនៅ ៤៨.៩ ពិន្ទុក្នុងខែមិថុនា ឆ្នាំ២០២៥។ នេះគឺជាកម្រិតដែលបង្ហាញពីការចុះខ្សោយនៃលក្ខខណ្ឌអាជីវកម្មក្នុងវិស័យផលិតកម្ម។ អ្នកជំនាញ UOB បានធ្វើអត្ថាធិប្បាយថា PMI ទាប ឆ្លុះបញ្ជាំងថាវិស័យផលិតកម្មនៅតែប្រឈមនឹងការលំបាកជាច្រើន ជាពិសេសដោយសារការធ្លាក់ចុះនៃការបញ្ជាទិញថ្មី។ យោងតាម S&P Global ការបញ្ជាទិញនាំចេញរបស់វៀតណាមក្នុងខែមិថុនា ឆ្នាំ២០២៥ បានថយចុះក្នុងអត្រាលឿនបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះដែលបានកត់ត្រានៅក្នុងខែឧសភា ឆ្នាំ២០២៣។

អាជីវកម្មមួយចំនួនបាននិយាយថា កត្តាដែលទាក់ទងទៅនឹងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ជាពិសេសផែនការកែសម្រួលពន្ធនាំចូលពីសហរដ្ឋអាមេរិក កំពុងប៉ះពាល់ដល់ការព្យាករណ៍ការបញ្ជាទិញ និងផែនការវិនិយោគសម្រាប់ឆមាសទីពីរនៃឆ្នាំនេះ។ ទោះបីជាមិនមានផលប៉ះពាល់ភ្លាមៗក៏ដោយ ហានិភ័យគោលនយោបាយ ប្រសិនបើអូសបន្លាយយូរ អាចដាក់សម្ពាធលើឧស្សាហកម្មនាំចេញសំខាន់ៗ។

ក្នុងបរិបទនោះ អង្គការអន្តរជាតិបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណែទម្រង់ស្ថាប័ន ដើម្បីការពារសន្ទុះនៃការងើបឡើងវិញ។ ការគ្រប់គ្រងអតិផរណាក្នុងកម្រិតសមហេតុផល - បច្ចុប្បន្ននេះទាបជាង ៤% សម្រាប់រយៈពេល១១ ខែជាប់គ្នា - បន្តជាកត្តាសំខាន់ដែលជួយវៀតណាមរក្សាលំហគោលនយោបាយរូបិយវត្ថុ។ ទន្ទឹមនឹងនេះ ការពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ ការដកចេញនូវនីតិវិធីរដ្ឋបាល និងការកែលម្អតម្លាភាពក្នុងបរិយាកាសអាជីវកម្ម ត្រូវបានគេរំពឹងថានឹងគាំទ្រដល់កំណើនរយៈពេលវែង។

ការពិតជាក់ស្តែងឱ្យឃើញថា វាក៏មានភាពខុសប្លែកគ្នាយ៉ាងច្បាស់នៅក្នុងដំណើរការអាជីវកម្មរវាងវិស័យនានា។ ផលិតកម្មបច្ចេកវិទ្យា សេវាកម្មដឹកជញ្ជូន និងនាំចេញបានបន្តនាំមុខគេ ខណៈដែលសេវាកម្មវិជ្ជាជីវៈ ការអប់រំ ឬវិស័យអចលនទ្រព្យមួយចំនួនបានកត់ត្រាលទ្ធផលទាបជាងការរំពឹងទុក។ ភាពខុសគ្នានេះឆ្លុះបញ្ចាំងមួយផ្នែកអំពីដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលក្នុងនោះមានវិស័យមួយចំនួនមានសមត្ថភាពច្នៃប្រឌិតថ្មី និងសម្របខ្លួនទៅនឹងនិន្នាការពិភពលោកកំពុងដើរតួនាទីនាំមុខគេ។

តាមការវាយតម្លៃទូទៅ វៀតណាមបច្ចុប្បន្នស្ថិតក្នុងស្ថានភាពអំណោយផលបើធៀបនឹងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនក្នុងតំបន់។ គោលដៅនៃអត្រាកំណើនខ្ពស់បំផុតក្នុងអាស៊ាន+៣ ក្នុងឆ្នាំ២០២៥ គឺអាចសម្រេចបានទាំងស្រុង ដោយផ្តល់ថាប្រព័ន្ធទាំងមូល ពីរដ្ឋដល់សហគ្រាស ដំណើរការឆ្ពោះទៅរកប្រសិទ្ធភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Minh Trung