បទសម្ភាសន៍នេះផ្តោតលើការវាយតម្លៃកត្តាជំរុញដ៏លេចធ្លោនៃសេដ្ឋកិច្ចវៀតណាម លទ្ធភាពនៃការសម្រេចបាននូវគោលដៅកំណើនខ្ពស់ និងតួនាទីនៃស្ថិរភាពនយោបាយ និងគោលនយោបាយសង្គមក្នុងការធានាការអភិវឌ្ឍប្រកបដោយចីរភាព។ យោងតាមលោកស្រីសាស្ត្រាចារ្យ Reena Marwah ប្រទេសវៀតណាម កំពុងលេចចេញជាគំរូសម្រាប់កំណើនមិនត្រឹមតែនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងអាស៊ីផងដែរ។ ដោយមានគោលដៅសម្រេចបាននូវអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រហែល ៨% ក្នុងឆ្នាំ ២០២៥ ខឿនសេដ្ឋកិច្ចវៀតណាមបង្ហាញពីគន្លងអភិវឌ្ឍដ៏គួរឱ្យចាប់អារម្មណ៍ ដែលគាំទ្រដោយកត្តាជំរុញជាច្រើនក្នុងពេលដំណាលគ្នា។

កត្តាលេចធ្លោដំបូងគឺការនាំចេញ។ ទោះបីជាមានរបាំងពន្ធគយ និងបរិយាកាសពាណិជ្ជកម្មពិភពលោកដែលមានភាពប្រែប្រួលក៏ដោយ ក៏ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកនៅតែបន្តកើនឡើងយ៉ាងខ្លាំង ដោយប៉ាន់ស្មានថាមានប្រហែល ១៨-២០%។ គួរកត់សម្គាល់ថា ប្រទេសវៀតណាមមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលសម្រាប់ការផលិតគ្រឿងអេឡិចត្រូនិកដែលមានតម្លៃទាបនោះទេ ប៉ុន្តែបានផ្លាស់ប្តូរខ្សែសង្វាក់តម្លៃជាមួយនឹងផលិតផលអេឡិចត្រូនិកបច្ចេកវិទ្យាខ្ពស់។ ការពង្រីកផលិតកម្មនៅក្នុងប្រទេសវៀតណាមដោយក្រុមហ៊ុន Apple និងសាជីវកម្មធំៗផ្សេងទៀតបានរួមចំណែកធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលនាំចេញគ្រឿងអេឡិចត្រូនិកដ៏សំខាន់មួយទៅកាន់ទីផ្សារសហរដ្ឋអាមេរិក - ដែលជាកត្តាសំខាន់ក្នុងកំណើននៅឆ្នាំ ២០២៥។

leftcenterrightdel
លោកស្រីសាស្ត្រាចារ្យ Reena Marwah ផ្តល់បទសម្ភាសន៍អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងញូវដេលី (រូបថត៖ vnanet.vn)

ក្រៅពីការនាំចេញ ទេសចរណ៍គឺជាកត្តាជំរុញសំខាន់ទីពីរ។ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំង មិនត្រឹមតែមកពីប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីតំបន់ជាច្រើនទៀតផងដែរ រួមទាំងប្រទេសឥណ្ឌា។ យោងតាមលោកស្រីសាស្ត្រាចារ្យ Reena Marwah ប្រសិនបើគ្រាន់តែពិចារណាលើការប្រើប្រាស់ក្នុងស្រុកសុទ្ធសាធ ការកើនឡើងបច្ចុប្បន្នគឺប្រហែល ៥%។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមានចំណាយពីវិស័យទេសចរណ៍ ការប្រើប្រាស់ពិតប្រាកដសរុបត្រូវបានជំរុញឡើងដល់ជិត ១០% ដោយហេតុនេះរួមចំណែកដ៏សំខាន់សម្រាប់កំណើន។

លើសពីនេះ ការវិនិយោគ - ជាពិសេសការវិនិយោគសាធារណៈ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មានស្ថិរភាពបន្តដើរតួនាទីជាមូលដ្ឋានគ្រឹះ។ ក្នុងរយៈពេលឆ្នាំ ២០២៦-២០៣០ វៀតណាមបានកំណត់គោលដៅជាមហិច្ឆតាមួយបន្ថែមទៀត ពោលគឺកំណើនពីរខ្ទង់។ យោងតាមលោកស្រីសាស្ត្រាចារ្យ Reena Marwah នេះគឺជាគោលដៅជាក់ស្តែង ប៉ុន្តែវាតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងគោលនយោបាយជាប់លាប់ និងការកែលម្អស៊ីជម្រៅ។ គុណសម្បត្តិដ៏ធំបំផុតរបស់វៀតណាម នៅតែជាសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅរបស់ខ្លួន។ រចនាសម្ព័ន្ធនាំចេញរបស់ខ្លួនកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកទំនិញផលិត និងគ្រឿងអេឡិចត្រូនិកដែលមានតម្លៃខ្ពស់ ខណៈដែលដៃគូប្រកួតប្រជែងផ្ទាល់មួយចំនួននៅក្នុងវិស័យវាយនភណ្ឌកំពុងប្រឈមមុខនឹងអស្ថិរភាពនយោបាយ និងការរំខានដល់ផលិតកម្ម។ នៅក្នុងបរិបទនេះ វៀតណាមលេចចេញជាគោលដៅសុវត្ថិភាព ជាមួយនឹងអត្រាគ្មានការងារធ្វើទាប និងតម្រូវការកម្លាំងពលករមានជំនាញកើនឡើង។

និន្នាការនៃការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញនៅតែបន្តផ្តល់កម្លាំងចលករសម្រាប់វៀតណាម។ លំហូរចូល FDI ដែលមានស្ថិរភាព រួមផ្សំជាមួយនឹងគំរូភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការគ្រប់គ្រងសារពើពន្ធយ៉ាងតឹងរ៉ឹង ជួយវៀតណាមរក្សាកំណើនខ្ពស់ ខណៈពេលដែលនៅតែគ្រប់គ្រងបានអតិផរណា។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីសាស្ត្រាចារ្យ Reena Marwah បានអះអាងថា ដើម្បីសម្រេចបាន និងរក្សាកំណើនលើសពី ១០% ប្រទេសវៀតណាមត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការជំរុញការប្រើប្រាស់ក្នុងស្រុក។ បន្ទាប់ពីជំងឺរាតត្បាត COVID-19 និន្នាការសន្សំកើនឡើងបានធ្វើឱ្យការងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុកយឺតយ៉ាវ។ បញ្ហាប្រឈមគឺការផ្លាស់ប្តូរការសន្សំនេះទៅជាការប្រើប្រាស់ និងការវិនិយោគដែលមានប្រសិទ្ធភាពជាងមុនទៅវិញ។

យោងតាមលោកស្រីសាស្ត្រាចារ្យ Reena Marwah ស្ថិរភាពនយោបាយ ដូចដែលបទពិសោធន៍អន្តរជាតិបង្ហាញ គឺជាលក្ខខណ្ឌកំណត់សម្រាប់លំហូរ FDI។ ចំពោះវិនិយោគិនបរទេស កត្តាស្នូលមិនមែនគ្រាន់តែជាការលើកទឹកចិត្ត ឬថ្លៃដើមនោះទេ ប៉ុន្តែសំខាន់បំផុតគឺសមត្ថភាពក្នុងការរក្សាដើមទុន និងរក្សាផលិតកម្មជាបន្តបន្ទាប់។ ពួកគេមិនអាចទទួលយកហានិភ័យនៃការបំផ្លិចបំផ្លាញរោងចក្រ ឧបករណ៍ ឬការអខានយូរអង្វែងដល់ខ្សែសង្វាក់ផលិតកម្មនោះទេ។ ដូច្នេះ បរិយាកាសនយោបាយដែលមានស្ថិរភាព និងជំហរមិនងាករេរបស់ថ្នាក់ដឹកនាំតែងតែជាលក្ខណៈវិនិច្ឆ័យកំពូលក្នុងការសម្រេចចិត្តវិនិយោគរយៈពេលវែង។ នៅក្នុងបរិបទនេះ ប្រទេសវៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតំលៃខ្ពស់ចំពោះស្ថិរភាពនយោបាយប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ចំពោះការកែទម្រង់។ ចាប់តាំងពីឆ្នាំ១៩៧៥ ជាពិសេសចាប់តាំងពីសម័យកាលផ្លាស់ថ្មី ក្នុងឆ្នាំ១៩៨៦ ប្រទេសវៀតណាមបានបន្តដំណើរទៅមុខតាមមាគ៌ានៃកំណែទំរង់ផ្សារភ្ជាប់ជាមួយនឹងស្ថិរភាព និងការអភិវឌ្ឍជាជំហានៗយ៉ាងរឹងមាំ។

កិត្យានុភាពរបស់រដ្ឋាភិបាលវៀតណាមត្រូវបានជំរុញដោយវិន័យហិរញ្ញវត្ថុដ៏តឹងរ៉ឹង កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងលើអំពើពុករលួយ និងចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងដែលមានគោលបំណងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ជាមួយនឹងថ្ងៃកំណត់កាន់តែខិតជិតមកដល់ថ្នាក់ដឹកនាំវៀតណាមកំពុងបន្តការកែទម្រង់ដោយប្រុងប្រយ័ត្ន និងជាប្រព័ន្ធ ដោយជៀសវាងការផ្លាស់ប្តូរភ្លាមៗឬខ្លាំង - ដែលជាកត្តាសំខាន់ពិសេសសម្រាប់ទំនុកចិត្តរបស់វិនិយោគិន។ ភាពស៊ីសង្វាក់គ្នានៃគោលនយោបាយនេះ រួមផ្សំជាមួយនឹងគោលនយោបាយងាយស្រួលសម្រាប់វិនិយោគិន បានកសាងទំនុកចិត្តយ៉ាងខ្លាំងនៅក្នុងសហគមន៍អាជីវកម្មអន្តរជាតិ។ លើសពីនេះ អត្ថប្រយោជន៍នៃថ្លៃពលកម្មប្រកួតប្រជែងនៅតែបន្តបង្កើនភាពទាក់ទាញរបស់វៀតណាមបើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចដែលមានតម្លៃខ្ពស់ដូចជាប្រទេសចិន ឬឥណ្ឌា ខណៈពេលដែលមានតែប្រទេសមួយចំនួនតិចប៉ុណ្ណោះនៅក្នុងតំបន់ដែលរក្សាប្រាក់ឈ្នួលទាបជាង។

ដោយសារមូលដ្ឋាននយោបាយដែលមានស្ថិរភាព គោលនយោបាយដែលអាចទុកចិត្តបាន និងចក្ខុវិស័យរយៈពេលវែងរបស់បក្ស និងរដ្ឋ វៀតណាមកំពុងកសាងប្រព័ន្ធអេកូឡូស៊ីវិនិយោគដ៏ទូលំទូលាយបន្តិចម្តងៗ ដោយរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការផ្លាស់ប្តូរឆ្ពោះទៅរកប្រភពថាមពលប្រកបដោយចីរភាព។ ក្រឡេកមើលទៅក្រោយក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ លោកស្រីសាស្ត្រាចារ្យ Reena Marwah វាយតម្លៃថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគាំទ្រដោយសសរស្តម្ភបីក្នុងពេលដំណាលគ្នា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទាញ FDI និងការផ្លាស់ប្តូរឌីជីថល។ ការវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបានជំរុញការសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ក្នុងតំបន់។ ដំណើរការឌីជីថលូបនីយកម្មយ៉ាងឆាប់រហ័សបានកាត់បន្ថយនីតិវិធីរដ្ឋបាលយ៉ាងច្រើន បង្កើនតម្លាភាព និងសម្រួលដល់ប្រតិបត្តិការអាជីវកម្ម។

ប្រព័ន្ធធនាគារត្រូវបានពង្រឹង ហើយគោលនយោបាយរូបិយវត្ថុកំពុងមានភាពប្រសើរឡើងកាន់តែខ្លាំងឡើងទាក់ទងនឹងស្ថិរភាព និងភាពអាចទស្សន៍ទាយបាន ទោះបីជានៅតែមានកន្លែងសម្រាប់កែលម្អក៏ដោយ។ លោកស្រីសាស្ត្រាចារ្យក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អចំណាត់ថ្នាក់ឥណទានរបស់ប្រទេស ដើម្បីកាត់បន្ថយថ្លៃដើមនៃការរៃអង្គាសប្រាក់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនាពេលអនាគត។

យោងតាមលោកស្រីសាស្ត្រាចារ្យ Reena Marwah វៀតណាមមិនត្រឹមតែកំពុងបន្តគោលដៅកំណើនខ្ពស់សម្រាប់រយៈពេលឆ្នាំ ២០២៥-២០២៦ ប៉ុណ្ណោះទេ ថែមទាំងកំពុងកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែងផងដែរ។ បញ្ហាប្រឈមនាពេលខាងមុខគឺមានសារៈសំខាន់ ប៉ុន្តែជាមួយនឹងការរួមបញ្ចូលគ្នានៃស្ថិរភាពនយោបាយ កំណែទម្រង់ជាប់លាប់ ការធ្វើសមាហរណកម្មស៊ីជម្រៅ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន វៀតណាមមានមូលដ្ឋានរឹងមាំដើម្បីសម្រេចគោលដៅដែលកំណត់ដោយរដ្ឋសភា ខណៈពេលដែលក្នុងពេលជាមួយគ្នានេះក៏បញ្ជាក់ពីកិត្យានុភាពរបស់ខ្លួនផងដែរ៕

បកប្រែដោយ Minh Trung