ទីក្រុង Da Nang បន្តកិច្ចសហប្រតិបត្តិការជាមួយខ័ណ្ឌ Gurye (កូរ៉េខាងត្បូង)
កប.អនឡាញ - នាថ្ងៃទី ២ ខែសីហា លោក Kim Soonho អភិបាលខ័ណ្ឌ Gurye (ខេត្ត Jeollanam ប្រទេសកូរ៉េខាងត្បូង) បានដឹកនាំក្រុមបេសកកម្មមកបំពេញទស្សនកិច្ចការងារនៅទីក្រុង Da Nang វៀតណាម។
នេះគឺជាសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៣៣ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥) និងពិធីបុណ្យវៀតណាម - កូរ៉េខាងត្បូង ឆ្នាំ២០២៥ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Da Nang។
ក្នុងជំនួបនេះ លោក Tran Anh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា ទីក្រុង Da Nang ទើបតែបានច្របាច់បញ្ចូលជាមួយខេត្ត Quang Nam តាំងពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥ ហើយត្រូវបានដាក់ឈ្មោះថា ទីក្រុង Da Nang។ ការច្របាច់បញ្ចូលនេះបានបង្កើតលំហអភិវឌ្ឍន៍ធំជាង ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍។
នាបច្ចុប្បន្ន ទីក្រុង Da Nang មានទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយមូលដ្ឋានចំនួន ៨ នៃប្រទេសកូរ៉េខាងត្បូង។ ទីក្រុងបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការជាច្រើនលើវិស័យទេសចរណ៍ ការផ្លាស់ប្តូរបុគ្គលិក និងការផ្លាស់ប្តូរវប្បធម៌។ ទីក្រុងកំពុងពិចារណា ហើយនឹងប្រគល់ឲ្យសង្កាត់ដែលសមគួរ ដើម្បីបន្តអនុវត្តសកម្មភាពសហប្រតិបត្តិការជាមួយខ័ណ្ឌ Gurye នាពេលខាងមុខ។
នាពេលខាងមុខ ថ្នាក់ដឹកនាំទីក្រុង Da Nang នឹងធ្វើការជាមួយមន្ទីរកិច្ចការផ្ទៃក្នុង ឃុំ និងសង្កាត់ពាក់ព័ន្ធមកពីស្រុក Hoa Vang (ចាស់) ដើម្បីពិចារណាលើលទ្ធភាពនៃការអនុវត្តកម្មវិធីការងារតាមរដូវ ហើយនឹងជូនដំណឹងដល់អាជ្ញាធរខ័ណ្ឌ Gurye ឲ្យបានឆាប់។
នៅក្នុងជំនួបនេះដែរ តំណាងទីក្រុង Da Nang និងខ័ណ្ឌ Gurye បានពិភាក្សា និងឯកភាពលើខ្លឹមសារជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការកសាងការទូតរវាងបណ្ដាមូលដ្ឋានក្នុងឆ្នាំ២០២៥ និងផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍៕
បកប្រែដោយ Thuy Anh