ពេលមកភូមិ Triel គឺមិនពិបាកដើម្បីទៅជួបសមាជិកបក្ស និងជាព្រឹទ្ធាចារ្យភូមិ Ro Mah Bloi ទេ ព្រោះគាត់ត្រូវបានកម្មាភិបាល សមាជិកបក្ស និងប្រជាជននៅទីនេះចាត់ទុកថាជា “សៀវភៅប្រវត្តិសាស្ត្ររស់” របស់អ្នកភូមិ។ ជាពិសេស ព្រឹទ្ធាចារ្យភូមិ Roh Mah Bloi ជនជាតិខ្មែរមកពីកម្ពុជា ត្រូវបានចូលជាសមាជិកបក្សកុម្មុយនិស្តវៀតណាមតាំងពីយូរមកហើយ ក្លាយជា “សសរស្តម្ភ” របស់ភូមិ រួមជាមួយនឹងសាខាបក្សភាគភូមិ Triel ពង្រឹងសាមគ្គីភាពជាតិទាំងមូល ផ្តោតលើការអភិវឌ្ឍ សេដ្ឋកិច្ច និងកសាងភូមិសន្តិភាព និងវិបុលភាព។

ដោយទទួលជួបយើងខ្ញុំនៅក្នុងផ្ទះរបស់គ្រួសារគាត់ ព្រឹទ្ធាចារ្យភូមិ Ro Mah Bloi បានរំលឹកពីការចងចាំដ៏ឈឺចាប់ដែលបណ្តាលមកពីអំពើប្រល័យពូជសាសន៍របស់បក្ខពួករបប ប៉ុល ពត។ ព្រឹទ្ធាចារ្យភូមិរូបនេះបន្តថា ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ ស្រមោលនៃអំពើប្រល័យពូជសាសន៍ ប៉ុល ពត បានគ្របដណ្តប់លើប្រទេសកម្ពុជា ដោយបង្ខំឲ្យគ្រួសារជាច្រើនចាកចេញពីស្រុកកំណើតទៅស្វែងរកទីតាំងជ្រកកោន។ នៅពេលនោះ កុមារា Ro Mah Bloi ទើបតែអាយុជាង ១០ ឆ្នាំប៉ុណ្ណោះ បានដើរតាមក្រុមគ្រួសារ រួមនឹងប្រជាពលរដ្ឋជិត ៤០ គ្រួសារ មកពីស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រទេសកម្ពុជា ឆ្លងព្រំដែនទៅកាន់ភូមិ Triel ដើម្បីសុំជ្រកកោន និងរួចផុតពីគ្រោះមហន្តរាយ។

leftcenterrightdel
លោក Ksor Biu (ទីពីរពីឆ្វេង) និងព្រឹទ្ធាចារ្យភូមិ Ro Mah Bloi (កណ្តាល) ពិភាក្សាការងារជាមួយកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន Ia Pnon

“ក្នុងការចងចាំកាលពីកុមារភាពរបស់ខ្ញុំ មានរូបភាពពីរផ្ទុយគ្នាទាំងស្រុង៖ ម្ខាងគឺរូបភាពនៃអំពើឃោរឃៅយង់ឃ្នង ការកាប់សម្លាប់របស់ពួក ប៉ុល ពត រីឯម្ខាងទៀតគឺក្តីស្រលាញ់យ៉ាងកក់ក្តៅរបស់កម្មាភិបាល សមាជិកបក្ស កងទ័ព និងប្រជាជនវៀតណាម។ ពេលគ្រួសារខ្ញុំ និងប្រជាជនកម្ពុជាចូលមកកាន់ភូមិ Triel ហើយយើងខ្ញុំទទួលបានការមើលថែ ជំនួយដ៏ស្មោះស្ម័គ្រពីសំណាកកម្មាភិបាល ប្រជាជន និងកងទ័ពវៀតណាមក្នុងតំបន់។ ទោះបីគ្រួសារជនជាតិ Gia Rai ជាច្រើនមិនទាន់មានសម្លៀកបំពាក់ ឬការហូបចុកគ្រប់គ្រាន់នៅឡើយក៏ដោយ ប៉ុន្តែពួកគេបានជួយចែករំលែកទាំងអង្ករ ភួយ និងសម្លៀកបំពាក់ជាមួយយើងខ្ញុំ ដូចជាបងប្អូនពិតប្រាកដដោយគ្មានការប្រកាន់អ្វីៗទេ ព្រឹទ្ធាចារ្យភូមិ Ro Mah Bloi បានរំឭកឡើងវិញទាំងក្តីក្តុកក្តួលក្នុងចិត្ត។ បើតាមព្រឹទ្ធាចារ្យភូមិ Ro Mah Bloi ដោយសារតែភាពកក់ក្តៅ និងក្តីស្រលាញ់របស់រដ្ឋាភិបាលមូលដ្ឋាន ប្រជាជន និងរបស់កងទ័ពអ៊ំហូ គឺជាមូលហេតុដែលនាំឱ្យបន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្ដួលរំលំ ប៉ុន្តែគ្រួសាររបស់គាត់ និងគ្រួសារខ្មែរជាច្រើនទៀតបានសម្រេចចិត្តស្នាក់នៅប្រទេសវៀតណាម មិនវិលត្រឡប់កម្ពុជាទេ។ ក្តីស្រលាញ់វៀតណាមរបស់ប្រជាជនកម្ពុជាដែលបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅពេលដែលពួកគេបានទទួលសញ្ជាតិវៀតណាម ហើយត្រូវបានផ្តល់ដីធ្លី សម្រាប់ធ្វើជាទីលំនៅឋាន ផ្តល់គ្រាប់ពូជសម្រាប់ប្រកបរបរកសិកម្មដោយអាជ្ញាធរដែនដី កុមារអាចចូលរៀនបាន ហើយជីវិតបានបើកទំព័រថ្មីនៃស្ថិរភាព និងការអភិវឌ្ឍ។

ព្រឹទ្ធាចារ្យភូមិ Ro Mah Bloi បានក្រឡេកមើលទៅរូបថត អ៊ំហូ ដែលភ្ជួរនៅជាប់នឹងរូបថតឪពុករបស់គាត់នៅលើទីអាសនៈ ហើយនិយាយថា៖ “ខ្ញុំផ្ទាល់មានក្តីមោទនភាព និងកិត្តិយសដ៏អស្ចារ្យមួយទៀត”។ ដោយឃើញខ្ញុំឆ្ងល់ ព្រឹទ្ធាចារ្យភូមិ Ro Mah Bloi បានដកកាតសមាជិកបក្សចេញពីហោប៉ៅមកឱ្យខ្ញុំមើល គាត់និយាយដោយក្តីមោទនភាព៖ "បក្ស និងអ៊ំហូ ស្ថិតនៅក្នុងបេះដូង ដួងចិត្តខ្ញុំ និងបងប្អូនជនរួមជាតិភូមិ Triel ជានិច្ច"។

និយាយជាមួយយើងខ្ញុំ លោក Ksor Biu លេខាបក្ស និងជាមេភូមិ Triel បាននិយាយដោយក្តីរំភើបថា នៅខែមិថុនា ឆ្នាំ២០២៥ ភូមិ Triel ត្រូវបានទទួលស្គាល់ថាបំពេញបានតាមស្តង់ដារជនបទថ្មីនៅតំបន់ជនជាតិភាគតិច។ រូបរាងមុខមាត់ភូមិកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ លើកកម្ពស់ឥតឈប់ឈរ។ ផ្លូវពីកណ្ដាលឃុំដល់ភូមិ ផ្លូវអន្តរភូមិត្រូវបានចាក់បេតុង និងក្រាលកៅស៊ូ ១០០%។ អ្វីដែលសប្បាយចិត្តជាងគេ គឺភូមិមាន ៩៥គ្រួសារ ដោយមានប្រជាពលរដ្ឋ៤២៧ នាក់ និង១០០% ផ្ទះមានភ្លើង និងទឹកស្អាតប្រើប្រាស់។ ១០០% នៃកុមារបានបញ្ចប់ថ្នាក់បឋមសិក្សា និងបន្តការសិក្សានៅថ្នាក់ទី ៦។ នៅចុងឆ្នាំ ២០២៤ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នឹងឈានដល់ ៥០ លានដុង/ម្នាក់/ឆ្នាំ។

លោកស្រី Le Thi Khanh Hoa អនុលេខាប្រចាំការគណៈកម្មាធិការបក្សភាគឃុំ Ia Pnôn បានមានប្រសាសន៍ថា ស្មារតី “សាមគ្គីភាព” នៅភូមិ Triel ត្រូវបានពូនជ្រំ ថែរក្សាក្នុងរយៈពេលជាច្រើនឆ្នាំ ក្លាយជានិមិត្តរូបនៃសាមគ្គីភាព និងភក្តីភាពរបស់ប្រជាជននៅសងខាងព្រំដែនវៀតណាម-កម្ពុជា។ នៅពេលដែលប្រជាពលរដ្ឋខ្មែរចូលមកវៀតណាមដើម្បីរត់គេចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កងទ័ព អាជ្ញាធរដែនដី និងប្រជាជនវៀតណាមបានផ្តល់ជំនួយ ថែទាំ និងការពារពួកគេ។ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត អ្នកដែលចង់ត្រឡប់ទៅស្រុកកំណើត ឬចង់ស្នាក់នៅវៀតណាម ហើយឥឡូវនេះទៅចង់ឆ្លងដែនសួរសុខទុក្ខសាច់ញាតិនៅសងខាងព្រំដែន ត្រូវបានទទួលការជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលពីអាជ្ញាធរដែនដី និងកងកម្លាំងការពារព្រំដែនស្របតាមបទប្បញ្ញត្តិនៃច្បាប់៕

បកប្រែដោយ Minh Trung