ទើបតែត្រលប់មកវិញបន្ទាប់ពីការចេញដំណើរទៅធ្វើការនេសាទនៅសមុទ្រអស់រយៈពេលជាង ៦០ ថ្ងៃនោះ លោក Truong Luu Thanh រស់នៅភូមិ Con Tau ឃុំ Truong Long Hoa ក្រុង Duyen Hai (ខេត្ត Tra Vinh) និងមិត្តរួមនេសាទបានប្រញាប់ប្រញាល់រៀបចំឱ្យដំណើរជាបន្តបន្ទាប់ទៀត។ ដោយឃើញក្រុមការងារកងឆ្មាំសមុទ្រតំបន់លេខ ៣ មកសួរសុខទុក្ខ លោកបានទទួលភ្ញៀវយ៉ាងកកក្តៅរាក់ទាក់ដោយអញ្ជើញភ្ញៀវឡើងកប៉ាល់ និងណែនាំអំពីកប៉ាល់របស់ខ្លួនយ៉ាងលម្អិតថែមទៀត។

នៅក្នុងកាប៊ីនបញ្ជាបើកបរ គាត់បានបង្ហាញឱ្យឃើញនូវឯកសារច្បាប់ជាច្រើនប្រភេទដូចជា កូនសៀវភៅណែនាំសុវត្ថិភាពសម្រាប់ការចេញដំណើរសមុទ្រ សៀវភៅណែនាំច្បាប់ នីតិវិធីដោះស្រាយពេលជួបឧបទ្ទវហេតុនៅសមុទ្រ។ល។ ហើយបន្ទាប់មកគាត់បានចែករំលែកថា "ទាំងនេះជាឯកសារសំខាន់ៗដែលចេញដោយកងឆ្មាំសមុទ្រ និងកងទ័ពការពារព្រំដែន។ រាល់ការណែនាំអំពីសុវត្ថិភាពសម្រាប់ការចេញដំណើរទៅសមុទ្រស្ទើរតែមានកត់ទាំងអស់នៅកូនសៀវភៅនេះ។ នៅពេលដែលជួបការលំបាក ឬឧបទ្ទវហេតុនៅសមុទ្រ គាត់គ្រាន់តែធ្វើតាមការណែនាំពីសៀវភៅនេះដើម្បីទទួលបានជំនួយឬការជួយសង្គ្រោះ។

leftcenterrightdel
ថ្នាក់ដឹកនាំកងឆ្មាំសមុទ្រតំបន់លេខ៣ ជូនអំណោយដល់អ្នកនេសាទដែលមានស្ថានភាពរស់នៅជួបប្រទះការលំបាកនៅក្រុង Duyen Hai

លោក Truong Luu Thanh បានរំលឹកឡើងវិញថា៖ “ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែលកប៉ាល់របស់ខ្ញុំ និងកប៉ាល់មួយចំនួនទៀតកំពុងនេសាទក្នុងដែនសមុទ្រសម្រាប់ការនេសាទ ដោយមានចម្ងាយជាង ៦ ម៉ាយពីខ្សែបន្ទាត់កំណត់នៃតំបន់សមុទ្រជាប់នោះ ស្រាប់តែមាននាវាឆ្មាំសមុទ្របរទេសចំនួន ២ គ្រឿងបានមកដេញយើងខ្ញុំចេញទៅ"។

ខណៈពេលដែលមិនដឹងថាត្រូវតែធ្វើយ៉ាងណាទេ សំណាងល្អពេលនោះកប៉ាល់របស់គាត់បានជួបនាវាកងឆ្មាំសមុទ្រតំបន់លេខ ៣ ដែលកំពុងធ្វើការយាមល្បាតមកការពារទាន់ពេល។ ដោយមើលឃើញកងកម្លាំងមុខងាររបស់វៀតណាមមក នាវាបរទេសទាំងពីរគ្រឿងនោះបានចាកចេញពីដែនទឹកក្រោមអធិបតេយ្យភាពរបស់វៀតណាមភ្លាមៗ។ លើកនោះ នាវាកងឆ្មាំសមុទ្រលេខ ៤០៣១ នៃកងឆ្មាំសមុទ្រតំបន់លេខ ៣ ក៏បានផ្តល់ឱ្យយើងនូវផែនទីនាវាចរណ៍ និង "កូនសៀវភៅណែនាំស្តីពីការឃោសនាច្បាប់សម្រាប់អ្នកនេសាទ" ផងដែរ។ ដោយមានការណែនាំ និងការដាស់តឿនរបស់នាយទាហាន កម្មាភិបាល យុទ្ធជននៃកងឆ្មាំសមុទ្រតំបន់លេខ ៣ និងធ្វើតាមការណែនាំក្នុងសៀវភៅនេះ បានជាបងប្អូនក្នុងសមាគមនេសាទក្រុង Duyen Hai តែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិស្តីពីការធ្វើអាជីវកម្មធនធានជលផល”។

លោក Nguyen Trung Hoang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh បានឲ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ត Tra Vinh បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍរបរនេសាទដោយបង្កើតក្រុមកប៉ាល់ដែលមានសមត្ថភាពធំ ធ្វើអាជីវកម្មនៅលើកន្លែងនេសាទថ្មីដែលឆ្ងាយពីឆ្នេរសមុទ្រ កាត់បន្ថយចំនួនកប៉ាល់ដែលមានសមត្ថភាពតូចដែលធ្វើអាជីវកម្មនៅជិតឆ្នេរសមុទ្រ។ បច្ចុប្បន្នចំនួនកប៉ាល់នេសាទដែលបានចុះបញ្ជីសរុបក្នុងខេត្តមានចំនួនជាង ១,២០០ គ្រឿង។ ទិន្នផលជលផលរបស់ខេត្ត Tra Vinh ក្នុងឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណសម្រេចបានសរុបចំនួន ២០៥,០៦២ តោន កើនឡើង ១.៨២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ទិន្នផលធ្វើអាជីវកម្មតាមសមុទ្រត្រូវបានប៉ាន់ប្រមាណសម្រេចបានចំនួន ២៩,៤៣៨ តោន កើនឡើង ១៣.០៣%។ កន្លងមក ទោះបីមូលដ្ឋានបានប្រឹងប្រែងជាច្រើនក្នុងការឃោសនា និងផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងខាងច្បាប់ដល់ប្រជានេសាទ ប៉ុន្តែលទ្ធផលមិនខ្ពស់ទេ ហើយនៅតែមានករណីកប៉ាល់ល្មើសច្បាប់។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការអនុវត្តតាមទិសដៅដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh លើការពង្រឹងការសម្របសម្រួលជាមួយកងឆ្មាំសមុទ្រ ជាពិសេសការរៀបចំកម្មវិធី “កងឆ្មាំសមុទ្រអមដំណើរជាមួយអ្នកនេសាទ” បានជួយលើកស្ទួយការយល់ដឹងខាងផ្លូវច្បាប់របស់ប្រជានេសាទ។ ចាប់ពីដើមឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ ខេត្តមិនបានរកឃើញករណីកប៉ាល់នេសាទណាដែលល្មើសនឹងបទប្បញ្ញត្តិនៅពេលប្រតិបត្តិការនៅសមុទ្រទេ គ្មាននាវាណាមួយត្រូវបានអាជ្ញាធរបរទេសចាប់ឃាំងទេ...

យោងតាមលោកឧត្តមសេនីយ៍ត្រី Ngo Binh Minh មេបញ្ជាការកងឆ្មាំសមុទ្រតំបន់លេខ ៣ ឱ្យដឹងថា តាមរយៈការសម្របសម្រួលជាមួយបណ្តាមូលដ្ឋានអនុវត្តកម្មវិធី “កងឆ្មាំសមុទ្រអមដំណើរអ្នកនេសាទ” កងឆ្មាំសមុទ្របានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការគោរពច្បាប់របស់អ្នកនេសាទ។ ទន្ទឹមនឹងនោះ ពង្រឹងសាមគ្គីភាព ផ្លាស់ប្តូរព័ត៌មានភ្លាមៗ និងសម្របសម្រួលដើម្បីឱ្យកងឆ្មាំសមុទ្រត្រៀមខ្លួនជាស្រេចជួយប្រជានាសាទក្នុងគ្រប់កាលៈទេសៈ ជួយប្រជានេសាទឱ្យនឹងចិត្តចេញទៅសមុទ្រធ្វើអាជីវកម្មនេសាទសម្រាប់ទាំងការអភិវឌ្ឍសេដ្ឋកិច្ចផង និងរួមចំណែកថែរក្សាអធិបតេយ្យភាពសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិផង៕

បកប្រែដោយ Minh Trung